ភ្នំពេញៈប្រទេសកម្ពុជា និងប្រទេសឡាវ បានវាយតម្លៃខ្ពស់លើចំណងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកយោធាកន្លងមក ហើយប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះបន្ថែម តួយ៉ាងការផ្លាស់ប្តូរព័ត៌មានចារកម្ម ការទប់ស្កាត់បទល្មើសឆ្លងដែន ការបណ្តុះបណ្តាលសមត្ថភាពកងទ័ព ក្នុងន័យថែរក្សាសន្តិភាព ស្ថិរភាព បង្កើនសុខុមាលភាពជូនប្រជាជនប្រទេសទាំង២ និងនៅក្នុងតំបន់។
ការប្តេជ្ញារវាងប្រទេសទាំង២ ធ្វើឡើងតាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាកម្ពុជាទៅកាន់ប្រទេសឡាវ។
យោងតាមហ្វេសប៊ុករបស់បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅក្នុងជំនួបនេះ ភាគីទាំង២ បានរំលេចឡើងនូវសមិទ្ធផលដែលបានសម្រេចបានក្នុងផែនការនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ តួយ៉ាងការផ្លាស់ប្តូរទស្សនកិច្ច ពិធីសារនានា ដើម្បីឆ្លុះបញ្ចាំងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលភាគីទាំង២បានព្រមព្រៀង។
ប្រភពដដែលបន្តថា ៖ «សកម្មភាពនេះបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកម្ពស់ជីវភាព សុខុមាលភាពប្រជាជនប្រទេសទាំង២ ក៏ដូចជានៅក្នុងតំបន់ផងដែរ»។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឡាវនេះដែរ លោក វង្ស ពិសេន និងគណៈប្រតិភូកងទ័ពកម្ពុជា នាថ្ងៃទី៣ ខែតុលា ក៏បានចូលជួបសម្ដែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
នាឱកាសនោះ លោក វង្ស ពិសេន បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីឡាវ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូអគ្គបញ្ជាការដ្ឋានបានចូលជួបសម្ដែងការគួរសម និងប្រាប់ពីស្ថានភាពមួយចំនួននៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមរាំរ៉ៃនៅកម្ពុជា ហើយនាំមកនូវសន្តិភាពពេញលេញ, ការទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩, ដំណើរការបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។
ជាមួយគ្នានោះដែរ លោក សនសៃ ស៊ីផាន់ដន ក៏បានលើកឡើងពីការគាំទ្រការលើកឡើងរបស់លោក វង្ស ពិសេន ដែលបានបង្ហាញពីទឹកចិត្តដ៏ស្មោះសរ បន្តរួមគ្នាពូនជ្រំចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានជួយដល់ឡាវក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសភូមិផងរបងជាមួយគ្នានេះ ពិតជាសំខាន់មិនអាចខ្វះបាន ដោយកម្ពុជានិងឡាវ មានបណ្តោយព្រំដែនជាងជាប់គ្នា៥០០គីឡូម៉ែត្រ ជាព្រំដែនគោក ដែលទាមទារកិច្ចសហប្រតិបត្តិការល្អនឹងគ្នាគ្រប់ទិដ្ឋភាព ដើម្បីជាប្រយោជន៍ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
លោក យង់ ពៅបានប្រាប់ថា ៖ «កិច្ចសហប្រតិបត្តិការកងទ័ពជាការចាំបាច់ ពីព្រោះកម្ពុជានិងឡាវសុទ្ធតែជារដ្ឋអធិបតេយ្យ។ ដូច្នេះ កិច្ចសហប្រតិបត្តិការនេះ ជួយឱ្យមានការផ្លាស់ប្តូរទស្សនៈគ្នាផ្នែកសន្តិសុខមិនបំពារបំពានគ្នាតាមបង្គោលព្រំដែន ដែលធ្លាប់កើតមានការប្រឈមដាក់គ្នាកាលពីមុននៅតំបន់អូរអាល័យ ដោយសារមិនមានការយល់គ្នា»។
លោកសង្កត់ធ្ងន់ថា ចំណងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំង២ ពិតជាមិនអាចខ្វះបាន ដើម្បីផ្លាស់ប្តូរព័ត៌មានរវាងគ្នានិងគ្នា ស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនជាដើម ដែលអាចជាចំណែករុញច្រានទំនាក់ទំនងល្អក្នុងផ្នែកការទូតនិងនយោបាយ។
សូមបញ្ជាក់ថា គណៈប្រតិភូយោធាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ៕