ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជិត ២ ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានា កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តដំឡើងប្រាក់ខែ ទោះបីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងភាគីពាក់ព័ន្ធបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាបានចំនួនត្រឹម ២០៤ ដុល្លារ ក្នុង ១ ខែ ក្នុងឆ្នាំ ២០២៤ ក៏ដោយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតមិនទាន់គ្រប់គ្រាន់ទេ ដែលជាហេតុនាំឱ្យរាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តដំឡើងជូនពួកគាត់ទោះបីជាមានចំនួនតិចតួចក៏ដោយ ប៉ុន្តែប្រសើរជាងមិនបានឡើងសោះ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការវាយប្រហារលើការដំឡើងប្រាក់ឈ្នួលកម្មករដែលដំឡើងបានតែ ៤ ដុល្លារ ប៉ុន្តែយើងត្រូវយល់ថា កាលៈទេសៈនេះជាកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះគឺចេញតាមរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា ទើបបយើងចេញបានលទ្ធផល ២០៤ ដុល្លារសម្រាប់ប្រាក់ឈ្នួលឆ្នាំ ២០២៤»។
លោកបានលើកឡើងទៀតថា៖ «រាជរដ្ឋាភិបាលយល់ពីការលំបាកទាំងសងខាង (កម្មករ និងនិយោជក) ដែលភាគីទាំង ២ នេះផ្គុំគ្នាបានជាឆ្នាំងបាយ និងអង្ករក្នុងឆ្នាំង ហើយឆ្នាំងបាយមានអង្ករក្នុងឆ្នាំង ធ្វើឱ្យផ្ទះសម្បូរសប្បាយ និងធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយដែរ»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមិនថយក្រោយ ហើយក៏មិនបោះបង់ចោលនូវអ្វីដែលបានធ្វើដល់កម្មករកម្មការិនី មកដល់ម៉ោងនេះ ហើយមានតែខិតខំធ្វើឱ្យប្រសើរឡើងជាងនេះទៀត។
លោកបានថ្លែងថា៖ «នៅពេលដែលសេដ្ឋកិច្ចលើពិភពលោកមានថយ គ្រប់ប្រទេសទាំងអស់មានការប៉ះពាល់ទាំងអស់ ការបញ្ជាទិញក៏ថយ។ យើងត្រូវទទួលស្គាល់ទាំងអស់គ្នា មិនចាំបាច់លាក់ទេ ហើយក៏មិនមែនតែខ្មែរដែរដែលប៉ះពាល់ តែគ្រប់ប្រទេសទាំងអស់»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីជាមានការដំឡើងប្រាក់ឈ្នួលកម្មករតិចក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជានៅប្តេជ្ញាចិត្តដំឡើងជូនកម្មករ ខណៈដែលក្រុមហ៊ុនមានការប្រឈមនឹងការប្រកួតប្រជែង មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ តែប្រទេសមួយចំនួននៅក្នុងតំបន់ដូចជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដែស ភូមា ឥណ្ឌា ស្រីលង្កា និងមានបណ្តាប្រទេសមួយចំនួនទៀត។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនីក្នុងប្រទេសកម្ពុជា មានអត្រាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឡាវមានចំនួន ៩០ ដុល្លារ ក្នុង ១ ខែ, ប្រទេសវៀតណាមចន្លោះពី ១៥៤ ដុល្លារទៅ ១៩៨ ដុល្លារ, ប្រទេសឥណ្ឌូនេស៊ីពី ១៣០ ដុល្លារទៅជាង ៣០០ ដុល្លារ, ប្រទេសបង់ក្លាដែស ចំនួន ៧៤ ដុល្លារ, ប្រទេសភូមា ចំនួន ៦៩ ដុល្លារ, ប្រទេសឥណ្ឌា ចំនួន ១៣៤-១៩៥ ដុល្លារ និងប្រទេសស្រីលង្កា ចំនួន ៤០ ដុល្លារ ក្នុង ១ ខែ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលឮការព្រួយបារម្ភរបស់និយោជក ហើយយើងក៏ឮការព្រួយបារម្ភរបស់កម្មករកម្មការិនីដែរ តែយើងក៏មើលពីប្រទេសប្រកួតប្រជែងជាមួយយើងមួយចំនួនដែលគេមិនមានដំឡើងប្រាក់ឈ្នួលដែរ។ អ៊ីចឹង អ្វីដែលយើងបាននេះ ទោះមិនបានដូចអ្វីដែលយើងរំពឹងទុក តែវាក៏ច្រើនហើយ ហើយខ្ញុំគិតថា កម្មករនៅប្រទេសទាំងនោះនឹងថា កម្មករខ្មែរសំណាងណាស់ដែលប្រាក់ខែខ្ពស់ហើយ រដ្ឋាភិបាលដំឡើងឱ្យថែមទៀត»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា ការដំឡើងប្រាក់ឈ្នួលចំនួន ៤ ដុល្លារបន្ថែមសម្រាប់ឆ្នាំ ២០២៤ ជាចំនួនមួយដែលតិច ដែលយ៉ាងហោចណាស់ក៏ឡើងបាន ២១៣ ដុល្លារដែរ។
លោកបានបន្តថា ការដំឡើងប្រាក់ឈ្នួលគឺបានដំឡើង និងបញ្ចប់រួចរាល់ហើយដែរ ហើយអ្វីដែលភាគីសហជីពត្រូវធ្វើទៀតគឺ ស្នើសុំឱ្យរដ្ឋាភិបាលពិចារណាជួយលើបញ្ហាផ្សេងៗទៀតដូចជា ការផ្តល់អាហារថ្ងៃត្រង់ សោហ៊ុយធ្វើដំណើរ និងការបញ្ចុះថ្លៃសម្ភារប្រើប្រាស់ផ្សេងៗទៀតផងដែរ។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២ ខែតុលា បានឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ច ពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ ការដំឡើងបានបៀវត្សរ៍ដល់កម្មករកម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងនេះទៀត ក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់ ៣ គឺទី១ ដំឡើងបានបៀវត្សរ៍ ទោះច្រើនក្តីតិចក្តី, ទី២ រក្សាបានការងារធ្វើ និងទី៣ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង»។
កាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៤ ចំនួន ២ ដុល្លារ និងបន្ថែមចំនួន ២ ដុល្លារពីរាជរដ្ឋាភិបាល ធ្វើឱ្យប្រាក់ឈ្នួលដែលកម្មករនឹងទទួលបានមានចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ ចាប់ដើមខែមករា ឆ្នាំ ២០២៤៕