​ភ្នំពេញៈ ​តំណាង​ក្រសួង​នគរ​បាល​វៀតណាម​ប្រចាំ​កម្ពុជា បាន​ស្នើសុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​​ការបន្ថែម​ជាមួយ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ដោយ​ភាគី​វៀតណាម ប្តេជ្ញាចិត្ត​ពង្រឹង​ចំណង​កិច្ច​សហ​​ប្រតិបត្តិការ​នេះ ក្រោម​ស្មារតី​នៃ​កិច្ចសហការ​ប្រចាំឆ្នាំ​។​

​ការស្នើ​ពី​ភាគី​វៀតណាម​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ និង​លោក ​ឡេ វ៉ាន់​ហ្វឿ​ង ប្រធាន​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម​ប្រចាំ​នៅ​កម្ពុជា នា​ទីស្តីការក្រសួង​មហា​ផ្ទៃ​នៅ​រសៀល​ថ្ងៃទី ​២ ខែតុលា ឆ្នាំ​ ២០២៣​។

​យោងតាម​ខ្លឹមសារ នៃ​ជំនួប​ដែល​បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ ស សុខា បានឱ្យដឹងថា ភាគី​វៀតណាម​តាមរយៈ​លោក​ឡេ វ៉ាន់​ហ្វឿ​ង បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត ចំពោះ​កិច្ច​សហ​​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រោម​ស្មារតី​កិច្ច​សហប្រតិបត្តិ​ការ​ប្រចាំឆ្នាំ​រវាង​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​ទាំង ២​។​

​លើសពីនេះ លោក​ឡេ វ៉ាន់​ ហ្វឿ​ង ក៏បាន​ស្នើសុំ​ការគាំទ្រ​ពី​លោ​ក ស សុខា ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង ​២ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ពោលគឺ​រវាង​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម និង​បណ្តា​អង្គភាព​មាន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា​។​

​ជាការ​ឆ្លើយតប​លោ​ក ស សុខា បាន​ស្វាគមន៍​ចំពោះ​ការស្នើសុំ​នេះ ដោយ​លោក​បង្ហាញ​សុ​ទិដ្ឋិ​និយម​ចំពោះ​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ ២ ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យភាព និង​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នកតាមដាន​បញ្ហា​សង្គម​បាន​សាទរ​ចំពោះ​ការស្នើ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​នគរបាល​វៀតណាម និង​ក្រសួង​មហាផ្ទៃ​កម្ពុជា​នេះ បើសិនជា​ស្ថិតក្នុង​លក្ខខណ្ឌ​បម្រើ​ប្រ​យោ​ជន៍​រួម​ដែលជា​រឿង​ធម្មតា​សម្រាប់​ប្រទេសជិតខាង ឬ​ប្រទេស​ក្នុង​តំបន់​តោង​ធ្វើ​ក្នុងន័យ​លើកកម្ពស់​សេចក្តីសុខ​សុវត្ថិភាព និង​ទប់​ស្កាត់​បទល្មើស​នានា​។

​លោក​ថា​៖ «​ទោះជា​យ៉ាងណា​សម្រាប់​កិច្ចសហប្រតិបត្តិការ​នីមួយៗ ត្រូវ​ធានា​ឱ្យបាន​នូវ​តម្លាភាព និង​ប្រយោជន៍​របស់​ជាតិ​ជាធំ និង​ធានា​ផលប្រយោជន៍​ទៅ​វិញ​ទៅមក ហើយ​គោរព​អធិប​តេ​យ្យ​ភាព និង​ច្បាប់​របស់​ប្រទេស​រៀងៗ​ខ្លួន​»៕