ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតបានប្រកាសផ្តល់ជំនួយជាថវិកាចំនួន ៧,៩ លានដុល្លារអូស្ត្រាលី (៥ លានដុល្លារអាមេរិក) ដល់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីចំនួន ២៦ ដែលធ្វើការក្នុងភាពជាដៃគូជាមួយអង្គការក្នុងស្រុកនានាដើម្បីអនុវត្តគម្រោងជួយដល់សហគមន៍ចំនួន ៤៩ តាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា។
លោក Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសពីការផ្តល់ជំនួយនេះនៅថ្ងៃទី ៣ ខែតុលា ក្នុងវេទិកាស្តីពី «កិច្ចពិគ្រោះយោបល់របស់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី-កម្ពុជា សម្រាប់ឆ្នាំ ២០២៣» ដល់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ៧០ ស្ថាប័ន។
លោក Zurbrugg បានថ្លែងថា អូស្ត្រាលីផ្ដល់តម្លៃខ្ពស់ចំពោះជំនាញ និងបណ្តាញនានារបស់អង្គការមិនមែនរដ្ឋាភិបាលទូទាំងប្រទេសកម្ពុជា ព្រមទាំងការរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ក្នុងនាមជាផ្នែកមួយនៃសង្គមស៊ីវិល អង្គការទាំងនោះដើរតួយ៉ាងសំខាន់ក្នុងការបំពេញតួនាទីរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ ជាពិសេសសម្រាប់សហគមន៍នៅតាមទីដាច់ស្រយាល និងងាយរងគ្រោះនានា។
លោកបានថ្លែងថា៖ «កិច្ចពិគ្រោះយោបល់ ជាផ្នែកមួយនៃកិច្ចពិភាក្សាជាបន្តបន្ទាប់ ដែលយើងនឹងអនុវត្តនៅប៉ុន្មានខែខាងមុខ ដោយយើងបង្កើតផែនការភាពជាដៃគូអភិវឌ្ឍន៍ថ្មីមួយដើម្បីកំណត់ទិសដៅរយៈពេលវែងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើងជាមួយប្រទេសកម្ពុជា។យើងនឹងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ស្ថាប័នអប់រំ ធុរជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដើម្បីស្វែងរកមតិ យោបល់ និងទស្សនៈរបស់ពួកគេ»។
ស្ថានទូតអូស្ត្រាលីបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ថា ជិត ៥០ ឆ្នាំកន្លងមក កម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP) បានផ្តល់ជំនួយប្រចាំឆ្នាំដល់អង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីនានា ក៏ដូចជាអង្គការដៃគូក្នុងស្រុកផងដែរ ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ដែលផ្តល់ផលប្រយោជន៍ផ្ទាល់និងពិតប្រាកដដល់សហគមន៍។
ក្រៅពីការទទួលបានជំនួយពីកម្មវិធី ANCP ដៃគូអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីក៏រកជំនួយពីសហគមន៍អូស្ត្រាលីនិងជំនួយពីសាធារណៈ ក៏ដូចជំនួយដោយស្ម័គ្រចិត្តផងដែរ។កាលពីខែមុន រដ្ឋាភិបាលអូស្ត្រាលីបានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីមួយដែលកំណត់គោលដៅជាង ៣០ ដើម្បីផ្ដល់កម្មវិធីប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ តម្លាភាព និងគណនេយ្យភាព។ គោលនយោបាយនេះបានបញ្ចូលវិធីសាស្ត្រពង្រឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសតាមរយៈផែនការភាពជាដៃគូអភិវឌ្ឍន៍ថ្មី។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ផែនការភាពជាដៃគូអភិវឌ្ឍន៍គឺជាឱកាសមួយសម្រាប់ពួកយើងក្នុងការវាយតម្លៃ ស្តាប់ដៃគូនានារបស់យើងនិងធ្វើការកំណត់ដើម្បីធានាថា យើងកំពុងឆ្លើយតបទៅនឹងបញ្ហាធំៗនានាដែលយើងកំពុងប្រឈមនៅកម្ពុជានិងបង្កើនប្រសិទ្ធភាពនៃកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើង»៕