ភ្នំពេញៈ ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) គ្រោងនឹងដំណើរការគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងខេត្តចំនួន ៥ នាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីទាំង ២ កំពុងពិភាក្សាគ្នា ដើម្បីឈានទៅពន្លឿនគម្រោងនេះឱ្យបានឆាប់។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា ការលើកឡើងពីគម្រោងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Maryam Salimប្រធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជា នៃធនាគារពិភពលោក នៅទីស្តីការក្រសួងបរិស្ថាន កាលរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី Maryam Salimក៏បានថ្លែងអបអរសាទរចំពោះលោក អ៊ាង សុផល្លែត ដែលទើបនឹងទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នីតិកាលទី៧ នៃរដ្ឋសភា និងបានលើកឡើងពីគោលបំណងនៃគម្រោងហិរញ្ញប្បទាន ដែលមានឈ្មោះថា «គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា (Solid Waste and Plastic Management in Cambodia)»។
នាឱកាសនោះ លោក អ៊ាង សុផល្លែត បានថ្លែងថា គម្រោងនេះមានរយៈពេល៦ឆ្នាំ ហើយត្រូវអនុវត្តនៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុហើយតាមរយៈគម្រោងនេះដែរ បានកំណត់គោលដៅចម្បងលើការប្រមូលសំរាម សំណល់រឹងនៅទីប្រជុំជន និងពង្រីកវិសាលភាពលើការផ្តល់សេវាពី៤៥%ទៅ៧៥%។
លោកបញ្ជាក់ថា៖ «គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងខេត្តទាំង៥នេះជាគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលនឹងត្រូវអនុវត្តដោយក្រសួងចំនួន៣ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន»។
លោក អ៊ាង សុផល្លែតបន្ថែមថា ក្រសួងបរិស្ថានជាអ្នកដែលទទួលលើការអភិវឌ្ឍ និងការពង្រឹងច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ និងក្របខ័ណ្ឌស្ថាប័នជាតិ សម្រាប់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក និងការកសាងសមត្ថភាពស្ថាប័នពាក់ព័ន្ធ។
ជុំវិញរឿងនេះដែរ លោក ផុន សុគន្ធ ប្រតិបត្តិករទឹកស្អាត និងជាសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នៅថ្ងៃទី៤ ខែតុលាបានបង្ហាញការគាំទ្រចំពោះគម្រោងនេះដែលនឹងជួយទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមភូមិឋាន រមណីយដ្ឋាន ជួយកាត់បន្ថយការបាត់បង់ជីវជាតិដី និងកាត់បន្ថយការបំពុលទឹកធម្មជាតិ ដូចជាបឹង ទឹកជ្រោះ ទន្លេ និងស្រះ តាមភូមិសាស្ត្រនានានៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖«បើកាលណាមានកាកសំណល់រឹង ប្លាស្ទិកហូរចូលប្រភពទឹកធម្មជាតិ នឹងធ្វើឱ្យមានការបំពុលទឹក ដែលជាឧបសគ្គដល់ដំណើរការផលិតទឹកស្អាតនៅកម្ពុជា ហេតុនេះ ខ្ញុំសូមគាំទ្រ១០០% ប្រសិនបើគម្រោងនេះអនុវត្តទៅបានជោគជ័យ និងរំពឹងថាវានឹងជួយខ្លាំងទៅដល់វិស័យទឹកស្អាតនៅកម្ពុជា ពិសេសជួយកាត់បន្ថយការចំណាយរបស់អ្នកប្រតិបត្តិករក្នុងការផលិតទឹកស្អាតសម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ»។
បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងខេត្តទាំង៥នឹងជួយឱ្យការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ដែលអាចទុកដាក់សំរាម សំណល់រឹងបានជាង ៣លានម៉ែត្រគុប នៅខេត្តសៀមរាប កណ្ដាល និងខេត្តកំពង់ស្ពឺផងដែរ។
ជាងនេះទៀត ការអនុវត្តគម្រោងនេះ ក៏នឹងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាង៤លានតោន និងទាញយកធនធានពីសំណល់ និងប្លាស្ទិក ដោយបន្ថយបរិមាណសំរាម សំណល់នៅទីលានពី៥%ទៅ១៥% ហើយគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ជាពិសេសដល់ស្ត្រីរហូតជាង៦០%៕