ភ្នំពេញៈក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យផលិតករឬអ្នកនាំចេញអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធថ្មី UK''s Developing Countries Trading Scheme (DCTS) ទៅទីផ្សារអង់គ្លេស។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី(DCTS)ជំនួស UK''s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ក្រសួងបញ្ជាក់ថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ(duty-free & quota-free) ដែលប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន,ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS)នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ។
ប្រភពដដែលបន្តថា ក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content)ត្រឹម២៥ភាគរយ (តម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់(Non-originating content)រហូតដល់៧៥ភាគរយ)ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ទៅ៦ខ្ទង់»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងនៅថ្ងៃទី៤ ខែតុលាថា ប្រព័ន្ធអនុគ្រោះពន្ធDCTS នៃចក្រភពអង់គ្លេសត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ខណៈដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៦៥ ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកបានបញ្ជាក់ថា៖«ប្រព័ន្ធអនុគ្រោះពន្ធDCTSមិនមានអ្វីខុសគ្នាពីប្រព័ន្ធអនុគ្រោះពន្ធ GSP នោះទេ ប៉ុន្តែអ្វីដែលខុសគ្នាបន្តិចនោះគឺចំនួនប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយ DCTS មានប្រទេស៦៥ ខណៈដែល GSP មានត្រឹម៤៧ប្រទេសប៉ុណ្ណោះ»។
លោកបានបន្ថែមថា ប្រទេសដែលមានចំណូលទាបឬចំណូលមធ្យមកម្រិតទាបចំនួន១៨ទៀត ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធនេះ ដែលបានបញ្ជាក់ដោយធនាគារពិភពលោក(World Bank)។
លោកបានឱ្យដឹងថា៖ «ប្រព័ន្ធអនុគ្រោះពន្ធ DCTS ផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ដែលនឹងជួយឱ្យបណ្តាធុរកិច្ចកម្ពុជាអាចជំរុញការនាំចេញទំនិញរបស់ពួកគេទៅកាន់ចក្រភពអង់គ្លេស»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS នៃចក្រភពអង់គ្លេស នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់កម្ពុជា ជាពិសេសការនាំចេញសម្លៀកបំពាក់ កង់ និងស្វាយចន្ទី ដែលសុទ្ធសឹងតែជាផលិតផលមានសក្តានុពលសម្រាប់កម្ពុជា។
លោកបានថ្លែងថា ៖«ប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ មានលក្ខណៈទូលាយជាង GSP ទៅទៀត ព្រោះថា វាប្រហែលនឹង EBA ហើយ។ដូចនេះវារឿងល្អប្រសើរណាស់សម្រាប់ការផលិតទំនិញនៅកម្ពុជាយើងនេះ។ពាក់ព័ន្ធនឹងការក្រើនរំឭករបស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងវិធានដើមកំណើតទំនិញនេះ ដើម្បីចៀសវាងការនាំចេញទំនិញពីប្រទេសផ្សេងៗ។ការចុះបញ្ជីរបស់ក្រុមហ៊ុនទាំងនោះពិតជាមានសារៈសំខាន់»។
លោកបានបន្ថែមថា ផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន កង់ សម្លៀកបំពាក់ សុទ្ធតែទទួលបានការគាំទ្រពីប្រទេសអ្នកប្រើប្រាស់ ។
បើតាមវេបសាយរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា ច្បាប់ប្រភពដើមនៃ DCTS អនុញ្ញាតឱ្យអ្នកផលិតកង់របស់កម្ពុជាអាចស្វែងរកវត្ថុធាតុដើមពីបណ្តាប្រទេសទាំងអស់ក្នុងតំបន់រួមទាំង សិង្ហបុរី និងវៀតណាម និងនៅតែអាចនាំចេញកង់ទៅអង់គ្លេស ដោយមិនជាប់ពន្ធ។ដូច្នេះ DCTS និងអនុញ្ញាតឱ្យបណ្តាអ្នកនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាអាចនាំចេញទំនិញដែលមានតម្លៃបន្ថែមដូចជាប័រ ស្វាយចន្ទី ដែលមិនជាប់ពន្ធជាដើម។
ការចេញផ្សាយបានបញ្ជាក់ទៀតថា តម្រូវការសម្លៀកបំពាក់មានការកើនឡើងនៅចក្រភពអង់គ្លេសបន្ទាប់ពីមានការជួបជុំនៃផ្នែកសង្គមឡើងវិញ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ការនាំចេញសម្លៀកបំពាក់ គឺមិនមានការយកពន្ធទេ ដែលនាំឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយបណ្តាអ្នកផ្គត់ផ្គង់ផ្សេងទៀតក្នុងតំបន់ដូចជា ប្រទេសវៀតណាម និងប្រទេសចិន ដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ៕