ភ្នំពេញៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បដិសេធការផ្សាយរបស់ សារព័ត៌មានការពារម្លប់សន្តិភាពឱ្យគង់បានវង្ស ដែលចោទថា មន្ត្រីជំនាញផ្នែករដ្ឋបាលជលផល ឃុំផាត់សណ្ដាយមិនយកចិត្តទុកដាក់ការងារបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ ចាំតែប្រមូលលុយពីប្រជានេសាទ គឺជារឿងមិនពិត។
តាមសេចក្តីបំភ្លឺរបស់មន្ទីរកសិកម្មខេត្តកំពង់ធំថ្ងៃទី៤ ខែតុលានេះបានឱ្យដឹងថា សារព័ត៌មានការពារម្លប់សន្តិភាពឱ្យគង់បានវង្ស បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញាថា មានបទល្មើសនេសាទកើតឡើងជាច្រើនដោយដាក់របាំងសាច់អួន លូស្បៃមុង សាច់ក្រហម សាច់ខៀវ ក្រឡាញឹក ប្រវែងរាប់រយម៉ែត្រ កន្លែងខ្លះរាប់គីឡូម៉ែត្រ ដើម្បីចាប់កូនត្រីតូចៗ យកទៅធ្វើនុយត្រីឆ្តោ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ករណីនេះ សារព័ត៌មានការពារម្លប់សន្តិភាពឱ្យគង់បានវង្ស បានចោទប្រកាន់មន្ត្រីជំនាញជលផល លោក ប៉ែន សាវេង នាយផ្នែករដ្ឋបាលជលផល ឃុំផាត់សណ្ដាយ ថា មិនបានយកចិត្តទុកដាក់លើការងារបង្ក្រាបបទល្មើសនេសាទ ហើយចាំតែប្រមូលលុយពីប្រជានេសាទ លុះត្រាតែមានកម្លាំងចម្រុះចុះបង្ក្រាបទើបឃើញលោកប៉ែន សាវេង ចុះមកជាមួយ។
មន្ទីរកសិកម្ម បញ្ជាក់ក្នុងសេចក្តីបំភ្លឺថា៖«ករណីដែលសារព័ត៌មានបានចុះផ្សាយចោទប្រកាន់ថា ប្រជានេសាទ និងអ្នកទិញត្រីបង់លុយឱ្យមន្ត្រីជលផលប្រចាំការនៅមូលដ្ឋានឃុំផាត់សណ្ដាយ គឺគ្មានការពិតឡើយ ដោយប្រជានេសាទទាំងអស់ដែលមកប្រជុំបានធ្វើការបដិសេធថា ពួកគាត់ពុំបានបង់លុយទៅមន្ត្រីជលផលណាម្នាក់ទេ»។
ប្រភពដដែលបានឱ្យដឹងថា ចំពោះការចុះផ្សាយនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អះអាងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងាររដ្ឋបាលជលផលថ្នាក់ជាតិ រួមដំណើរដោយមន្ត្រីជំនាញខេត្ត ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំផាត់សណ្ដាយ គណៈកម្មការសហគមន៍នេសាទផាត់សណ្ដាយ ក្រុមអភិរក្សធនធានធម្មជាតិ ព្រមទាំងប្រជានេសាទ សរុបចំនួន ៦០ នាក់ ចុះទៅពិនិត្យ ពន្យល់ណែនាំដល់មូលដ្ឋាន។
មន្ទីរកសិកម្មខេត្តកំពង់ធំ បានដាក់ឱសានវាទ ដល់អ្នកនេសាទដាក់ របាំងលប ណ ឬរ៉ាវ ក្នុងរដូវបើកនេសាទ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានដាក់មានប្រវែងវែងៗ និងប្រើក្រឡាតូចជាង៣ហ៊ុន ត្រូវរុះរើដោយខ្លួនឯងក្នុងរយៈពេល១ សប្ដាហ៍យ៉ាងយូរ គិតចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងនោះ ក៏មានការយល់ព្រមពីប្រជានេសាទ សុំធ្វើការរុះរើ ដោយខ្លួនឯងផងដែរ។ មន្ទីរបញ្ជាក់ថា ចប់រយៈពេលកំណត់នេះ ក្រុមការងារនឹងចុះតាមដានបន្តទៀត៕