ភ្នំពេញៈលោក ហង្ស សាមឿន អនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុនត្រូវបានចាត់ទុកជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងបែបនេះក្នុងការបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ «ស្ដីពីការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា (EW4ALL)» ដែលរៀបចំឡើង នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅ ថ្ងៃទី៤ ខែតុលា ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ដោយមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ផ្សេងៗមួយចំនួនទៀត។
លោក ហង្ស សាមឿន បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពលើការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ប្រជាពលរដ្ឋ ការប្រកាន់យកនូវវិធីសាស្ត្រ "សង្គមទាំងមូល" ដែលពាក់ព័ន្ធនឹងភាគីទាំងអស់ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជនដែលអាចពង្រឹង និងនិរន្តរភាពសេវាកម្មប្រកាសព័ត៌មានឱ្យដឹងមុនបានប្រសើរជាងមុន។
លោកថ្លែងថា៖«វាមានសារៈសំខាន់ដូចគ្នាក្នុងការទទួលស្គាល់ថា គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ មានការប៉ះពាល់ដល់មនុស្ស សត្វពាហនៈ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសាធារណៈទូទៅនៅលើពិភពលោក»។
ក្នុងឱកាសនោះ លោកអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញលោក លោកស្រី និង ភាគីពាក់ព័ន្ធគួរយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះមកក្នុងកម្រិតអប្បបរមា។
លោកថ្លែងថា៖«ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា»។
បើតាមលោក ហង្ស សាមឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានជួបប្រទះនឹងឧបទ្ទវហេតុនៃគ្រោះមហន្តរាយធំៗជាច្រើនដូចជា រលកយក្សស៊ូណាមិ ផ្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, ខ្យល់កន្ទ្រាក់ ពិសេសជំងឺកូវីដ១៩ ជាដើម។ ក្រៅពីនេះ ក៏មានគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស ដូចជា សង្គ្រាមប្រដាប់អាវុធ ភេរវកម្ម គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់យន្តហោះ និងជំងឺរាតត្បាតផ្សេងៗ ក៏ដូចជា ការអភិវឌ្ឍដោយមិនបានគិតគូរអំពីបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។
លោកបញ្ជាក់ថា៖«ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអភិវឌ្ឍន៍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿង២ដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍដែលមាននិរន្តរភាព និងប្រកបដោយចីរភាពគឺបានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយនិងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថ្លែងថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុននេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅខែវិច្ឆិកាកន្លងទៅដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីផែនការសកម្មភាពក្នុងការការពារប្រព័ន្ធនេះ។ នៅខែមីនា ឆ្នាំ២០២៣នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើការងារជាមួយដៃគូពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាយធី ដែលផ្តោតសំខាន់លើប្រទេសចំនួន ៣០ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។
លោកបានបន្តថា ប្រព័ន្ធនេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន ដែលផ្តោតសំខាន់លើសសរស្តម្ភចំនួន៤ នៃប្រព័ន្ធនេះរួមមាន ការស្វែងយល់ពីហានិភ័យ ការត្រួតពិនិត្យ និងការព្យាករការប្រស្រ័យទាក់ទងគ្នា និងការត្រៀមបង្ការក្នុងការឆ្លើយតប។
លោកថ្លែងថា៖«ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការវិនិយោគ ដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា ចំពោះការប្រែប្រួលអាកាសធាតុដោយការកែលម្អប្រព័ន្ធព្រមានជាមុន និងបង្កើនភាពធន់»។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងថា ប្រទេសកម្ពុជាងាយរងគ្រោះថ្នាក់ដោយការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះដែលគ្រោះថ្នាក់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់សហគមន៍ ទាំងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច៕