ភ្នំពេញៈមន្ត្រីអាជ្ញាធរមីន បានអះអាងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣នេះ ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានជិត ៣០ នាក់ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុនមានការថយចុះប្រមាណ៣៣ ភាគរយ ដែលលទ្ធផលនេះកើតឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធក្នុងការផ្សព្វផ្សាយពីកិច្ចការទាំងនេះ។
លោកឡាង កុសល មន្ត្រីអាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលាថា គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ជនរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានចំនួន ២៧ នាក់ ក្នុងនោះជនរងគ្រោះដោយសារមីនមានចំនួន ១៣ នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ១៤ នាក់។
លោកបានបន្តថា ជនរងគ្រោះពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមាននៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង រតនគិរី ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ឆ្នាំង ក្រចេះ និងខេត្តតាកែវ។
លោក ឡាង កុសល បានបញ្ជាក់ថា៖ «ក្នុងរយៈពេល៩ខែនេះ មានខេត្តចំនួន៤ ដែលរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះច្រើនជាងគេគឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តរតនគិរី»។
បើតាមលោក ឡាង កុសល បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ជនរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានចំនួន៤០នាក់ ដូច្នេះអាចវាយតម្លៃបានថាជនរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុងឆ្នាំ២០២៣នេះ មានការថយចុះចំនួន ១៣ នាក់ ឬស្មើនឹង ៣៣ ភាគរយ។
លោកបានបន្តថា៖«សកម្មភាពគ្រោះថ្នាក់ផ្សេងៗរវាងឆ្នាំ២០២៣និងឆ្នាំ២០២២ គឺបង្ហាញថា ក្នុងឆ្នាំ២០២២ ការលេងឬច្នៃគ្រាប់មានជនរងគ្រោះថ្នាក់ចំនួន១៣នាក់ ប៉ុន្តែឆ្នាំ២០២៣ មានតែ ១០ នាក់។ ចំណែកការសម្អាតដីសម្រាប់ធ្វើកសិកម្ម ក្នុងឆ្នាំ២០២២ មានជនរងគ្រោះថ្នាក់ចំនួន ៩ នាក់ ប៉ុន្តែឆ្នាំ២០២៣ មានតែម្នាក់»។
លោកបន្ថែមថា ចំណែកការរកស្បៀងអាហារដែលធ្វើឱ្យរងគ្រោះដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះវិញក្នុងឆ្នាំ២០២២ មានជនរងគ្រោះថ្នាក់ម្នាក់ ប៉ុន្តែឆ្នាំ២០២៣ មានជនរងគ្រោះកើនដល់៣នាក់។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បានលើកឡើងឱ្យដឹងថា ការថយចុះចំនួនជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីននៅតាមសហគមន៍មូលដ្ឋាន ដោយមានអាជ្ញាធរមីន សហការជាមួយក្រសួងអប់រំ ព្រមទាំងកងកម្លាំងនគរបាលជាតិ ហើយនិងមានអង្គភាពស៊ីម៉ាក់ អង្គភាពមួកខៀវ រួមទាំងអាជ្ញាធរផែនដីផងដែរ បានចូលរួមផ្សព្វផ្សាយទៅលើកិច្ចការទាំងនេះ។
លោកបន្តថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពួកគាត់ក៏បានដឹង និងមានការយល់កាន់តែច្បាស់ពីគ្រោះថ្នាក់នៃគ្រាប់មីន ពិសេសជារៀងរាល់ឆ្នាំ នាយករដ្ឋមន្ត្រីកម្ពុជា តែងតែមានសារផ្សព្វផ្សាយក្នុងឱកាសទិវាយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្គ្រាមជាដើម។
លោកលី ធុជ បានថ្លែងថា៖«អ៊ីចឹងសរុបសេចក្ដីមកការថយចុះនេះមានទាំងកិច្ចខិតខំប្រឹងប្រែង មានមធ្យោបាយជាថវិកា ជាធនធានមនុស្សដែលរាជរដ្ឋាភិបាលបាននាំមកសន្តិភាព ហើយនិងពុះពារខិតខំសង្គ្រោះប្រជាពលរដ្ឋ និងអត្រាការស្លាប់ ដោយសារបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម»។
ក្រៅពីនេះ សមទ្ធិផលទាំងនោះវាក៏កើតឡើងពីអាជ្ញាធរមីនដែលបានរៀបចំកំណត់តំបន់ដែលជាគោលដៅគ្រោះថ្នាក់ណាមួយដែលកំពុងមានវត្តមានគ្រាប់រំសេវគឺអាជ្ញាធរតែងតែដាក់ស្លាកសញ្ញាហាមឃាត់កុំឱ្យប្រជា
ពលរដ្ឋចុះទៅឬក៏ចូលទៅតំបន់ទាំងនោះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រីលី ធុជ ៕