រតនគិរីៈ កូនសត្វក្ងោក ២ ក្បាល ក្នុងចំណោម ៨ ក្បាល ដែលបានញាស់ត្រូវបានក្រុមអង្គការអភិរក្សសត្វព្រៃយកទៅលែងនៅដែនជម្រកសត្វព្រៃលំផាត់នាពេលថ្មីៗនេះ ដើម្បីចូលរួមធ្វើការទប់ស្កាត់ការវិនាសផុតពូជពីក្នុងព្រៃធម្មជាតិនៅកម្ពុជានៃសត្វស្លាបប្រភេទនេះ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB)បានជួយសង្រ្គោះសត្វក្ងោកញីពីការជួញដូរសត្វព្រៃខុសច្បាប់ហើយ នៅក្នុងរដូវបន្ដពូជ ក្ងោកនោះបានញាស់បានកូនក្ងោកចំនួន៨ក្បាល។ កូនក្ងោកទាំងអស់នោះបានធំធាត់ និងមានសុខភាពល្អ ដែលអាចយកទៅលែងចូលព្រៃវិញបាន។ នេះបើយោងតាមមជ្ឈមណ្ឌល ACCB នៅថ្ងៃទី៤ ខែតុលា។
មជ្ឈមណ្ឌល ACCB បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖«ហើយពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា កូនក្ងោកជំទង់ចំនួន២ក្បាលដំបូង ត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវាកាលពីពេលថ្មីៗនេះ»។ ការលែងសត្វក្ងោកទាំងនោះត្រូវបានធ្វើឡើងក្នុងភាពជាដៃគូជាមួយនឹងមន្ទីរបរិស្ថានខេត្តរតនគិរី និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។
មជ្ឈមណ្ឌល ACCB បានបន្ថែមថា សត្វក្ងោកដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជជាសកល និងជាប្រភេទបក្សីដ៏ស្រស់ស្អាតបំផុតរបស់កម្ពុជាផងនោះត្រូវបានគេទាក់ចាប់សម្រាប់ការជួញដូរជាសត្វចិញ្ចឹមដោយខុសច្បាប់។ ចំនួនសត្វ ប្រភេទនេះក៏កំពុងមានការថយចុះយ៉ាងឆាប់រហ័សផងដែរ។
លោកប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងនៅថ្ងៃទី៤ ខែតុលាថា សត្វក្ងោកទាំង២ក្បាលនោះត្រូវបានធ្វើការដោះលែងទៅក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី។
លោកបានបញ្ជាក់ថា៖«ក្ងោកជាប្រភេទជិតផុតពូជ អ៊ីចឹងការរក្សាវត្តមានក្នុងព្រៃ គឺដើម្បីទប់ស្កាត់ការផុតពូជរបស់វា…អ្វីជាការសង្កេតមើល វាជាគោលដៅនៃការបរបាញ់ ការចាប់ពីជនខិលខូចពីក្នុងព្រៃ អាចយកទៅចិញ្ចឹម។ ស្លាបវាស្អាត យកទៅលម្អផ្ទះ»។
លោកបានបន្ថែមថា តួលេខនៃវត្តមានសត្វក្ងោកនៅទូទាំងប្រទេសកម្ពុជាមិនទាន់មានការប៉ាន់ប្រមាណដូចចំនួនសត្វត្មាត និងត្រយងនៅឡើយទេ ប៉ុន្តែកន្លងមកក៏ធ្លាប់មានការសិក្សាពីចំនួនសត្វនេះនៅតាមតំបន់ខ្លះដែរ។
ទាក់ទងទៅនឹងសត្វព្រៃនេះផងដែរ សម្បុកសត្វត្រដក់តូចចំនួន៤០សម្បុក ត្រូវបានរកឃើញនៅតំបន់ការពារសម្បុកសត្វស្លាបនៅក្នុងតំបន់ភាគខាងជើងនៃដែនជម្រកសត្វព្រៃកែវសីមា។ នេះបើយោងតាមគម្រោងរេដបូក កែវសីមានៅថ្ងៃទី៤ ខែតុលា។
ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី កាលពីចុងខែសីហាកន្លងមក បានសហការជាមួយប្រជាសហគមន៍ ដើម្បីស្រាវជ្រាវ ហើយបានរកឃើញសម្បុកសត្វត្រដក់តូចចំនួន៤០សម្បុក ដែលទើបបានពងកូនសាជាថ្មីនៅឆ្នាំ២០២៣នេះ បន្ទាប់ពីពួកវាបានញាស់កូនចំនួន៥២ក្បាលក្នុងចំណោម២៧សម្បុកនៅតំបន់នេះកាលពីឆ្នាំ២០២២ ទៅនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
គម្រោងរេដបូកកែវសីមាបានបញ្ជាក់ថា ការកើនឡើងនៃចំនួនសម្បុកនេះបានឆ្លុះបង្ហាញឱ្យឃើញពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងលើកិច្ចការពារអភិរក្សសម្បុកសត្វស្លាបក្នុងដែនជម្រកសត្វព្រៃកែវសីមា តាមរយៈកម្មវិធីការពារសម្បុកសត្វស្លាបដោយប្រជាសហគមន៍មូលដ្ឋាន ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia ក្រោមការគាំទ្រពី គម្រោងរេដបូក កែវសីមា និងUSAID Morodok Baitang-មរតកបៃតង។
សត្វត្រដក់តូច ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងកំពុងរងការគំរាមកំហែងតាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការបាត់បង់ទីជម្រកតាមរយៈការកាប់រានដីព្រៃធ្វើកសិកម្ម ការបរបាញ់ខុសច្បាប់ និងការបំពុល។ល។ តំបន់ដីសើមក្នុងប្រទេសកម្ពុជាគឺជាទីតាំងដែលអំណោយផលដល់សត្វត្រដក់តូចក្នុងការបន្តពូជ ហើយជាជម្រកដ៏សំខាន់ក្នុងការរស់នៅនិងបង្កកំណើត។ ត្រដក់តូចមានមាឌតូចជាងត្រដក់ធំ និងមិនមានថង់យាមដូចត្រដក់ធំទេ ហើយរដូវបន្តពូជរបស់វាគឺចាប់ពីខែសីហា ដល់ខែវិច្ឆិកា។
គម្រោងរេដបូកកែវសីមាបានអំពាវនាវថា៖«សូមចូលរួមការពារសត្វត្រដក់តូចនិងប្រភេទសត្វព្រៃសំខាន់ៗជាច្រើនទៀតដោយរួមគ្នាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បញ្ឈប់ការជួញដូរសត្វព្រៃ និងបញ្ឈប់សកម្មភាពបំពុលសត្វព្រៃគ្រប់ប្រភេទ»៕