ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តសកម្មភាពផ្សព្វផ្សាយអប់រំឱ្យកាន់តែសកម្ម ជាពិសេសពង្រីកកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ស្ថាប័នថ្នាក់ក្រោមជាតិ អង្គការនានា ដើម្បីគោលដៅគោរពសិទ្ធិមនុស្ស ប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រមសីលធម៌សង្គម។
លោក ស សុខា បានថ្លែងបែបនេះ នៅក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ អាណត្តិទី១ និងលើកទិសដៅបន្តការងាររបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោកស សុខា ក៏បានកោតសរសើរចំពោះការងាររបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលបានបំពេញភារកិច្ចល្អ លើការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយ និងការងារនីតិកម្ម ជំនួយផ្នែកច្បាប់ តែលោកក៏បានជំរុញឱ្យគណៈកម្មាធិការជាតិនេះ ប្រឹងប្រែងបន្តទៀត ជាពិសេសការបញ្ជ្រាបលិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធសិទ្ធិមនុស្សដល់អាជ្ញាធរមានសមត្ថកិច្ចនៅតាមទីកន្លែងឃាត់ខ្លួន និងឃុំខ្លួន។
លោកបន្តថា៖ «គណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់អនុសាសន៍ដល់ប្រតិបត្តិករក្រោមឱវាទ ក្នុងការអង្កេត ស្រាវជ្រាវករណីសង្ស័យថា មានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់»។
ការអង្កេតស្រាវជ្រាវត្រូវស្ថិតក្នុងព្រំដែនកំណត់ ចៀសវាងធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីរងការស៊ើបអង្កេត។
លោកស សុខា បានលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តសកម្មភាពផ្សព្វផ្សាយអប់រំឱ្យកាន់តែសកម្ម ជាពិសេសពង្រីកកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ស្ថាប័នថ្នាក់ក្រោមជាតិ អង្គការនានា ដើម្បីគោលដៅគោរពសិទ្ធិមនុស្ស ប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រមសីលធម៌សង្គម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ មើលឃើញពីការងារសកម្មរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលើការផ្សព្វផ្សាយទៅលើការប្រឆាំងទារុណកម្ម និងមានការស៊ើបអង្កេតជាច្រើនករណីផងដែរ ដែលលោកចាត់ទុកជាសញ្ញាណល្អមួយ។
លោកបានប្រាប់ថា៖ «ប៉ុន្តែអ្វីដែលអង្គការសង្គមស៊ីវិលចង់ឃើញបន្ថែម ក្រៅពីការងារផ្សព្វផ្សាយនិងការស៊ើបអង្កេត យើងចង់ឃើញប្រសិទ្ធភាពនិងអំណាចនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនេះ ដើម្បីការពារនិងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះពីអំពើទារុណកម្ម»។
លោក អំ សំអាត បានបន្តថា កន្លងមក ការងារស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះពីអំពើទារុណកម្មហាក់នៅមានកម្រិត និងមិនទាន់មានប្រសិទ្ធភាពខ្ពស់អាចឆ្លើយតបនឹងស្ថានភាពជាក់ស្តែងបាននៅឡើយទេ។
លោកថា ៖ «យើងក៏សូមស្នើឱ្យរដ្ឋាភិបាលនិងផ្នែកពាក់ព័ន្ធធ្វើយ៉ាងណាឱ្យដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការងារនេះ ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើង»។
សម្រាប់លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទុ បានថ្លែងយ៉ាងខ្លីថា ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងការធ្វើទារុណកម្មឱ្យមានប្រសិទ្ធភាព បណ្តាអង្គភាពមានសមត្ថកិច្ច ជាពិសេសគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មត្រូវប្រើមធ្យោបាយប្តឹង ស៊ើបអង្កេតភ្លាមៗ និងការធ្វើកោសល្យវិច័យ ជាពិសេសនោះគឺធានាថា ប្រតិបត្តិការស៊ើបអង្កេតត្រូវអនុវត្តភ្លាមៗ ក្រោយមានបណ្តឹង៕