ភ្នំពេញៈ មនុស្សជាង ១០០ នាក់ស្លាប់ និងជាង ២៥០ នាក់របួស និងខូចខាតផ្ទះជាង ១ ម៉ឺនខ្នង ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៣ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុបង្កឱ្យមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យដែលបានកើតឡើងនៅទូទាំងប្រទេស។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ គ.ជ.គ.ម បានឱ្យដឹងថា គ្រោះមហន្តរាយ ៩ ខែ ឆ្នាំ ២០២៣ នេះមានការកើនឡើងបើធៀប ៩ ខែ ឆ្នាំមុន ជាក់ស្តែងឆ្នាំមុន គ្រោះមហន្តរាយបង្កឡើងដោយខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានបណ្តាលឱ្យមនុស្សស្លាប់ ៦៨ នាក់ ប៉ុន្តែឆ្នាំនេះមានរហូតដល់ ១០៧ នាក់ ចំណែកការខូចខាតផ្ទះសំបែង ឆ្នាំមុនមានតែ ៤ ៧៨៣ ខ្នង ប៉ុន្តែឆ្នាំនេះមានរហូតដល់ ១៥ ១៥៦ ខ្នង រីឯគោក្របីឆ្នាំមុនងាប់ចំនួន ៨៤ ក្បាល ប៉ុន្តែឆ្នាំនេះ មានរហូតដល់ ៩៣ ក្បាល។
តាមអ្នកនាំពាក្យដដែលនេះបានឱ្យដឹងថា គ.ជ.គ.ម ការកើនឡើងនេះដោយសារបញ្ហាបាតុភូតធម្មជាតិ ជាពិសេសការប្រែប្រួលអាកាសធាតុធ្វើឱ្យមានគ្រោះមហន្តរាយដោយធម្មជាតិកើតឡើងកាន់តែញឹកញាប់ និងមានទំហំកាន់តែខ្លាំងជាងមុន ដែលរឿងនេះក៏ជារឿងពិភពលោកទាំងមូលដែលកំពុងរងគ្រោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
លោកបន្តថា ជាមួយគ្នានោះបរិមាណទឹកភ្លៀងកាន់តែច្រើន ធ្វើឱ្យមានជំនន់ទឹកភ្លៀង ពេលខ្លះក្តៅធ្វើឱ្យរាំងស្ងួត ហើយបច្ចុប្បន្នកម្ពុជាក៏បានទទួលបាតុភូតផ្សេងៗ ដូចជាផ្គរ រន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ កើតឡើងកាន់តែច្រើន ដែលជះឥទ្ធិពលធ្វើឱ្យគ្រោះមហន្តរាយកាន់តែញឹកញាប់ និងកាន់តែខ្លាំងទៅៗ។
លោក សុទ្ធ គឹមកុលមុន្នី បញ្ជាក់ថា ស្ថានភាពគ្រោះមហន្តរាយបានកើតឡើងកាន់តែញឹកញាប់ និងកាន់តែអាក្រក់ជាងមុន ហេតុនេះការត្រៀមបង្ការ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជារឿងចាំបាច់ដែលទាំងអស់គ្នាត្រូវតែគិតគូរយកចិត្តទុកដាក់ ព្រោះប្រទេសកម្ពុជា ក៏ជាប្រទេសដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហេតុនេះវិធានការសំខាន់ គឺការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការត្រៀមបង្ការ កាត់បន្ថយគ្រោះមហន្តរាយដោយធម្មជាតិជារឿងសំខាន់ដែលគ្រប់គ្នាត្រូវតែប្រកាន់យក។
លោក គឹមកុលមុន្នី ថ្លែងថា៖ «មិនថាប្រជាជនទេ សូម្បីអ្នកពាក់ព័ន្ធ ស្ថាប័នជំនាញ ទាំងអស់គ្នាត្រូវចូលរួម ដើម្បីទប់ស្កាត់ និងបង្ការគ្រោះមហន្តរាយ ហើយប្រជាពលរដ្ឋក៏ត្រូវយកចិត្តទុកដាក់ចូលរួមតាមដាន ក៏ដូចជាត្រៀមលក្ខណៈ ចាប់ពីបុគ្គល និងគ្រួសារ សហគមន៍ឡើងទៅ ដើម្បីធ្វើម៉េចរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយនេះ។ យើងមិនអាចលុបបំបាត់វាបានទេ តែយើងអាចត្រៀមបង្ការបាន»។
ដោយឡែកចំពោះបញ្ហាទឹកជំនន់ដែលបានកើតឡើងនៅ ៧ រាជធានី-ខេត្ត រួមមានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល។
យោងតាមរបាយការណ៍ចុងក្រោយស្តីពីសភាពការណ៍គ្រោះមហន្តរាយទឹកជំនន់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់បានកើតឡើងនៅ ៣០ ក្រុង-ស្រុក ស្មើនឹង ១២៤ ឃុំសង្កាត់ ធ្វើឱ្យប៉ះពាល់ប្រជាជន ២៨ ៦៨៧ គ្រួសារ ប៉ះពាល់ផ្ទះចំនួន ១៥ ៣៩៣ ខ្នង បំផ្លាញដំណាំស្រូវ ២១ ៨៥០ ហិកតា និងដំណាំរួមផ្សំ ៤ ១៧២ ហិកតា។
តាមហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា កម្លាំងអន្តរាគមន៍តាមរាជធានីខេត្តបានចុះអន្តរាគមន៍យ៉ាងសកម្មក្នុងការជួយជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ឱ្យបានទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងនោះក៏មានការជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យបង្អែកតាមខេត្តដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។
របាយការណ៍គ្រោះមហន្តរាយទឹកជំនន់ របស់ គ.ជ.គ.ម បញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែតុលានេះ កម្លាំងអន្តរាគមន៍បានជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យជិត ២ ០០០ គ្រួសារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងសកម្មក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។
លោកបញ្ជាក់តាមរយៈហ្វេសប៊ុកថា៖ «សូមបងប្អូន អ៊ំពូមីង លោកយាយ លោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិចទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមើលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា»៕