ភ្នំពេញៈ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្ដាប្រទេសអាស៊ានប្តេជ្ញាចិត្តរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ហើយរដ្ឋមន្ត្រីទាំងអស់ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហការជិតស្និទ្ធក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសលើគោលដៅនិរន្តរភាពសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព។
ការបង្ហាញការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៥ ដែលរៀបចំធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមដែរ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម។
ហ្វេសប៊ុកដដែលនេះបានបន្តថា នៅក្នុងកិច្ចប្រជុំ សមភាគីអាស៊ានបានពិនិត្យ និងឯកភាពលើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ទាក់ទងលើកិច្ចសហប្រតិបត្តិការចំពោះវិស័យស្បៀង កសិកម្ម និងព្រៃឈើក្នុងក្របខ័ណ្ឌអាស៊ានតាមរយៈក្រុមការងារបច្ចេកទេសតាមវិស័យ និងអនុវិស័យ ក៏ដូចជាត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
រដ្ឋមន្ត្រីកសិកម្មអាស៊ាន បានអនុម័តលើឯកសារយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និងឯកសារបច្ចេកទេសនានា ជាពិសេសសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៥ ដែលទទួលស្គាល់ពីសារៈសំខាន់នៃតម្រូវការកិច្ចសហប្រតិបត្តិការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងការក្តោបឱកាសនៅក្នុងតំបន់។
រដ្ឋមន្ត្រីកសិកម្មអាស៊ាន បានអនុម័តលើឯកសារយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និងឯកសារបច្ចេកទេសនានា ជាពិសេសសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៥ ដែលទទួលស្គាល់ពីសារៈសំខាន់នៃតម្រូវការកិច្ចសហប្រតិបត្តិការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងការក្តោបឱកាសនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍រួមពីទីក្រុងគូឡាឡាំពួនេះ បានផ្តោតសំខាន់លើបញ្ហាជាច្រើនដូចជា ក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ ២០២២-២០២៣, ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យស្បៀង កសិកម្ម និងព្រៃឈើ, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រង និងគុណភាពផលិតផល,ការរៀបចំសម្រាប់ចក្ខុវិស័យក្រោយឆ្នាំ ២០២៥ និងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ និងការរួមគ្នាឆ្ពោះទៅមុខជាមួយដៃគូសន្ទនា និងអង្គការអន្តរជាតិនានា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មអាស៊ាននេះ ព្រោះវាជាទម្រង់ពហុភាគីដែលប្រទេសពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយកង្វល់រួមនៅក្នុងតំបន់ និងពិភពលោក ជុំវិញបញ្ហាសន្តិសុខស្បៀង បញ្ហាកសិកម្ម និងព្រៃឈើនេះ។ ខណៈតំបន់អាស៊ានសម្បូរទៅដោយប្រទេសដែលមានសក្តានុពលកសិកម្ម តួយ៉ាងប្រទេសអាស៊ីអាគ្នេយ៍ដីគោកដែលរួមមានកម្ពុជាជាដើម។
លោកថ្លែងដោយមានជំនឿថា អាស៊ានអាចរួមចំណែកក្នុងច្រកសន្តិសុខស្បៀងសកលលោក ខណៈកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ាជាដើម សុទ្ធសឹងតែជាប្រទេសនាំចេញអង្ករធំលំដាប់អន្តរជាតិ។ ចំណែកបញ្ហាព្រៃឈើជារឿងសំខាន់ដើម្បីតុល្យភាពបរិស្ថាន ដែលទាមទារការខិតខំរួមគ្នាពីដៃគូពាក់ព័ន្ធផងដែរ។
លោក គិន ភា ថ្លែងថា៖ «ទោះជាយ៉ាងណា អាស៊ានត្រូវអនុវត្តប្រកបដោយលទ្ធផលជាក់ស្តែងទៅលើអ្វីដែលជាសេចក្តីសម្រេចរបស់ខ្លួន ជាជាងគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍ក្នុងន័យបង្ហាញឆន្ទៈនយោបាយ ប៉ុន្តែមិនមានការអនុវត្តជាក់ស្តែង»។
លោក គិន ភា បានថ្លែងដោយយល់ឃើញថា អាស៊ានត្រូវធ្វើការរួមគ្នាដើម្បីចូលរួមចំណែកដោះស្រាយ ខណៈសមាជិកអាស៊ានភាគច្រើនជាប្រទេសនាំចេញស្បៀងទៅកាន់ទីផ្សារពិភពលោក ខណៈប្រទេសអាស៊ីអាគ្នេយ៍ដីកោះក៏បាននាំចេញផលិតផលកសិកម្មច្រើនដែរ។ អាស៊ានគួរជជែកគ្នា ផ្លាស់ប្តូរបទពិសោធន៍ ធនធានបច្ចេកទេស ធ្វើយ៉ាងណាធានាកសិកម្មដែលធន់នឹងការផ្លាស់ប្តូរអាកាសធាតុ ដែលការដោះស្រាយបញ្ហាកសិកម្មស្មើនឹងដោះស្រាយបញ្ហាសន្តិសុខស្បៀង និងបរិស្ថាន។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានថ្លែងដោយសង្កេតឃើញថា បញ្ហាព្រៃឈើជាបញ្ហាសំខាន់ដែលអាស៊ានត្រូវគិតគូរ ខណៈស្ថានភាពព្រៃឈើនៅកម្ពុជា និងប្រទេសឡាវកំពុងរងការគំរាមកំហែង។
លោកថ្លែងដោយចង់ឱ្យអាស៊ានជំរុញឱ្យមានការអនុវត្តបែបបទបរិស្ថានអាស៊ាន ការអនុវត្តគោលនយោបាយអព្យាក្រឹតកាបូន ជាពិសេសធ្វើយ៉ាងណាជជែកគ្នារកយន្តការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងបណ្តាប្រទេសរងការបំផ្លាញ និងប្រទេសនាំចេញឈើជាដើម និងចង់ឱ្យអាស៊ានជំរុញដល់ការអនុវត្តកសិកម្មក្សេត្រសាស្ត្រដើម្បីប្រយោជន៍និរន្តរភាពកសិកម្ម និងបរិស្ថាន។
យោងតាមសេចក្តីប្រកាសរបស់អាស៊ាន ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាលើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការវិស័យស្បៀង កសិកម្ម និងព្រៃឈើក្របខ័ណ្ឌអាស៊ាន ក្នុងគោលដៅឆ្ពោះទៅរកការសម្រេចបាននូវសន្តិសុខស្បៀង ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ និងផលិតភាពកសិកម្ម និងភាពធន់កសិកម្ម តាមរយៈកិច្ចសហការក្នុងតំបន់ប្រកបដោយនិរន្តរភាព ទាំងផ្នែកសាធារណៈ និងឯកជន៕