ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសជិតខាងពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន ខណៈនៅមានភាពមិនប្រក្រតីមួយចំនួនបានកើតឡើងដោយការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ច។
លោកបានលើកឡើងដូចនេះ តាមរយៈលិខិតចុះថ្ងៃទី ៣ ខែតុលា ផ្ញើជូនអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងកម្ពុជាដើម្បីបង្កើនការពង្រឹង ការគ្រប់គ្រង និងត្រួតពិនិត្យលើការឆ្លងដែន។ លោកបានលើកឡើងថា ភាពខ្វះចន្លោះនិងភាពមិនប្រក្រតីនោះ ដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់នៅខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ព្រំដែន ដែលបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។
លោកបានបញ្ជាក់ថា៖ «ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែលមានស្រាប់រួចលើកសំណើមកក្រសួងមហាផ្ទៃដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ»។
ជាមួយនេះលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំឱ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែនសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបានបន្តថា៖ «អភិបាលខេត្តត្រូវក្រើនរំឭកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់បញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែនដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា»។
លើសពីនេះទៀត លោកបានជំរុញគណៈអភិបាលខេត្តជាប់ព្រំដែនឱ្យបន្តផ្តល់សេវាសាធារណៈ និងសេវាបណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការរើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិ និងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះ លោក ស សុខា ក៏បានណែនាំឱ្យចាត់វិធានការផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព និងត្រូវអប់រំណែនាំពលរដ្ឋនៅមូលដ្ឋានត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការប្រព្រឹត្តបទល្មើសផ្សេងៗនៃការឆ្លងដែនខុសច្បាប់។
ក្រសួងមហាផ្ទៃនឹងចាត់ក្រុមការងារជំនាញដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ លោក ស សុខា បានព្រមានផងដែរថា ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមានភាពមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយ លើបញ្ហាតាមព្រំដែននេះ។ លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត លោកប៉ែន កុសល អភិបាលខេត្តបានយកចិត្តទុកដាក់លើការងារទាំងនោះជាទីបំផុត និងបន្តអនុវត្តឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីបញ្ចៀសបាតុភាពមិនល្អកើតឡើង។
លោក ឌី រ៉ាដូ បញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ យើងមិនបានជួបប្រទះធំដុំទេ ដោយសារតែនៅឧត្តរមានជ័យយើងនេះ មិនមានច្រករបៀងទេ គឺយើងមានតែច្រកអន្តរជាតិ និងច្រកទ្វេភាគីជាមួយនឹងប្រទេសថៃប៉ុណ្ណោះ។ នៅចំពោះមុខយើងនឹងអនុវត្តឱ្យបានល្អទៅតាមអ្វីដែលណែនាំរបស់ក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាល»។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូបានស្វាគមន៍ចំពោះការណែនាំរបស់ក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលបំណងទប់ស្កាត់ ភាពមិនប្រក្រតី និងអំពើពុករលួយណាមួយនៅតាមច្រកព្រំដែន និងត្រូវអនុវត្តយ៉ាងណាចំពោះការងារទាំងអស់នេះឱ្យបានតឹងរ៉ឺង។
ជាមួយគ្នានេះក្នុងនាមសង្គមស៊ីវិល លោក អំ សំអាត ក៏ចង់ឃើញអាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែនជួយសម្រួល និងមិនបង្កផលលំបាកដល់ពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃ ស្របច្បាប់ផងដែរ។
លោកបានប្រាប់ថា៖ «មួយវិញទៀតចំពោះអាជីវករដែលចេញចូលទៅលក់ដូរ ក៏ត្រូវតែមានការជួយសម្រួលឱ្យមានភាពងាយស្រួលសម្រាប់ពួកគាត់ផងដែរ ជាពិសេសអ្វីដែលសំខាន់គឺត្រូវទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាពនៅតាមច្រកចេញចូលទាំងនោះ»៕