ភ្នំពេញៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី ៣ ខែតុលា បានចេញសេចក្តីជូនដំណឹងពីរដូវបើកនេសាទឆ្នាំ ២០២៣-២០២៤ ខណៈខេត្តនីមួយៗនៅតាមតំបន់ជុំវិញទន្លេសាប និងនៅតាមបណ្តោយទន្លេ មេគង្គលើ ត្រូវចាប់ផ្តើមក្នុងពេលវេលា និងមានរយៈពេល នេសាទខុសៗគ្នា។
តាមលិខិតរបស់រដ្ឋបាលជលផលបានឱ្យដឹងថា រដូវបើកនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៣១ ខែឧសភា។ ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លចតុមុខ។
ដោយឡែក ខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤។ ចំពោះខេត្ដដែលចាប់ផ្ដើមពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។
រដ្ឋបាលជលផលបញ្ជាក់ថា៖«នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផលបានឱ្យដឹងបន្ថែមនៅថ្ងៃទី ៤ ខែតុលា ថា ការបែងចែករយៈពេលនេសាទ រវាងខេត្តនៅខាងជើងខ្សែស្របទន្លចតុមុខ និងខេត្តនៅខាងត្បូងខ្សែស្របទន្លេចតុមុខ និងខេត្តនៅតំបន់មេគង្គខាងលើនេះ គឺដោយសារតែរយៈពេលដែលចូលតាមបណ្តាខេត្ត និងទឹកស្រកវិញ គឺមុន និងក្រោយគ្នា។ ដូចនេះការបើកនេសាទក៏ត្រូវអនុវត្តទៅតាមនោះដែរ។
លោកថា៖ «តាមលក្ខណៈជីវសាស្ត្ររបស់ត្រីនៅពេលដែលទឹកចូលមុន ត្រីក៏បានទៅពងកូនមុន ហើយលូតលាស់បានមុនដែរ។ ដូច្នេះនៅពេលទឹកស្រក ត្រីធំល្មមលូតលាស់ដែលអាចឱ្យប្រជានេសាទយើង នេសាទបាន។ ជារួមមានន័យថា យើងបើកនេសាទបាននៅពេលដែលទឹកចាប់ផ្តើមស្រក»។
លោកបានបន្ថែមថា ក្នុងរដូវបើកនេសាទមានឧបករណ៍ ៥០ ប្រភេទដែលអ្នកនេសាទអាចប្រើប្រាស់ តែបើរដូវបិទនេសាទវិញមានតែឧបករណ៍នេសាទលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។
លោក ឈឹម ឈឿន ប្រធានសហគមន៍នេសាទកន្លែងភេ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ប្រជានេសាទក្នុងសហគមន៍នេះ បាននេសាទតាំងពីរដូវបិទនេសាទមកម្ល៉េះ តែប្រើឧបករណ៍លក្ខណៈគ្រួសារ និងខ្នាតតូច ប៉ុន្តែនៅក្នុងរដូវបើកនេសាទនេះ ការនេសាទមានទំហំធំជាងមុន ប៉ុន្តែការប្រើប្រាស់ឧបករណ៍នេសាទ គឺតាមច្បាប់កំណត់។
លោកថា៖ «ពលរដ្ឋសហគមន៍យើងប្រើប្រាស់ឧបករណ៍នេសាទដូចជា មង លប សន្ទូច ជាដើមនៅរដូវបើកនេសាទនេះ។តាមរបាយការណ៍ពីរដ្ឋបាលជលផល ចាប់ពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះសំណុំរឿងបទល្មើសជលផលសរុប ១ ៩២៣ ករណី ក្នុងនោះសមុទ្រ ៨៧ ករណី ធៀបនឹងឆ្នាំមុនថយ៣៥ករណី។
មន្ត្រីបានរុះរើ និងបំផ្លាញវត្ថុតាងបទល្មើសជលផលរួមមាន របាំងស្បៃមុង និងសាច់អួនប្រវែង ៧៣ ១៤៩៣ ម៉ែត្រ, បង្គោលចំនួន ៣៣៧ ១៤៣ ដើម, លូស្បៃមុង និងសាច់អួន ១០ ៦៥០ មាត់, សម្រាស់ធ្វើឱ្យត្រី ឬវារីសត្វកុំទំហំ ៥៤ ៣០៨ ម៉ែត្រការ៉េ,មងរាយ និងមងបណ្ដែតប្រវែង ១៧៨ ៣៨៧ ម៉ែត្រ, លបកែច្នៃ ឬលបកន្ទុយកណ្តុរ ២ ៣៩៧ គ្រឿង, ឧបករណ៍ឆក់ត្រី ៤៥២ គ្រឿង និងលែងត្រីចម្រុះចូលបឹងធម្មជាតិវិញទម្ងន់ ២៣ ១៧៧ គីឡូក្រាម៕