កំពង់ចាមៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងនឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍កសិកម្មដែលផលិតស្រូវនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅសប្តាហ៍ក្រោយដើម្បីសាកល្បងពីប្រសិទ្ធភាពមុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់។
លោក យ៉ង សាំងកុមារ ថ្លែងថា ការប្រគល់ជូនសហគមន៍កសិកម្មដែលធ្វើស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងនេះ ដោយសារតែកន្លងទៅសហគមន៍នេះ ត្រូវបានក្រសួងយកធ្វើជាគំរូក្នុងការអនុវត្តគោលនយោបាយកសិកម្មនានា ដូចជាគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំជាដើមដែលទទួលបានជោគជ័យនាពេលកន្លងមក។
លោកបន្តថា៖ «ការគាំទ្ររបស់ក្រសួងនេះ គឺយើងយកម៉ាស៊ីននេះ ឱ្យសហគមន៍នៅស្រុកជើងព្រៃសាកល្បងប្រើប្រាស់សិន ដោយសារយើងពិនិត្យឃើញថា ម៉ាស៊ីននេះ អាចដាំគ្រាប់ស្រូវបានជាគុម្ព និងអាចសម្រួលចន្លោះគុម្ព និងចំនួនគ្រាប់ក្នុង ១ គុម្ពបាន ដូចជា១ ឬ២ ឬ៣ ឬច្រើនគ្រាប់ក្នុង១គុម្ព។ យើងកំពុងផ្តល់ការគាំទ្រដល់កសិករក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្មស្រូវ ហើយម៉ាស៊ីនដាំគ្រាប់ស្រូវជាការចូលរួមចំណែកសំខាន់មួយ»។
លោកបន្តថា៖ «ការគាំទ្ររបស់ក្រសួង មិនមែនមានន័យថា ក្រសួងនឹងចែកម៉ាស៊ីនដល់សហគមន៍ទេ ប៉ុន្តែនៅពេលដែលយើងសាកល្បងទៅឃើញថា វាមានគុណភាពល្អក្នុងការប្រើប្រាស់ហើយ យើងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទិញប្រើ ឬក៏ពលរដ្ឋដែលមានធនធានអាចទិញយកទៅប្រកបអាជីវកម្មសម្រាប់ជួល ចំណេញបានច្រើន»។
មូលហេតុដែលក្រសួងកសិកម្ម ជំរុញឱ្យសហគមន៍កសិកម្មប្រើប្រាស់ឧបករណ៍នេះ លោក យ៉ង សាំងកុមារ បានបញ្ជាក់មូលហេតុថា ដោយសារម៉ាស៊ីនមានតម្លៃថ្លៃដោយកសិករទូទៅ អាចនឹងមិនមានលទ្ធភាពទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែសហគមន៍កសិកម្ម អាចប្រើប្រាស់ថវិកាសហគមន៍ ទិញប្រើប្រាស់រួម ឬក៏ពលរដ្ឋដែលមានធនធានអាចទិញសម្រាប់ជួលបាន ពីព្រោះម៉ាស៊ីនជួយបានច្រើន។
លោកនិយាយថា៖ «ម៉ាស៊ីននេះមានអត្ថប្រយោជន៍ក្នុងការជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងមិនសូវស៊ីប្រេងទេ។ យើងចង់ជួយជំរុញលើការផលិតស្រូវរបស់កសិករ តាមរយៈការប្រើប្រាស់ម៉ាស៊ីននេះ ដើម្បីជំរុញការផលិតស្រូវ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងថា ការជំរុញឱ្យប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម ជាការជំរុញកម្ពុជាឆ្ពោះទៅរកការធ្វើកសិកម្មតាមបែបទំនើប ដែលនឹងអាចជំរុញផលិតកម្មបន្ថែម ខណៈដែលកម្លាំងពលកម្មផ្នែកវិស័យកសិកម្មបានថមថយ។
លោកបញ្ជាក់ថា៖ «ដូចយើងដឹងស្រាប់ហើយថា តាំងពីមានការីកចម្រើនផ្នែកឧស្សាហកម្មកាត់ដេរមក កម្លាំងពលកម្មសម្រាប់វិស័យកសិកម្ម មានការធ្លាក់ចុះ ខណៈដែលការប្រើប្រាស់សត្វពាហនៈសម្រាប់ជួយការដាំដុះក៏ស្ទើរតែលែងមានដែរ ដោយបានជំនួសមកវិញនូវគ្រឿងយន្តកសិកម្មនានា។ ខ្ញុំយល់ថា ការប្រើប្រាស់ គ្រឿងយន្តកសិកម្ម ក្នុងការធ្វើកសិកម្ម មានគុណសម្បត្តិច្រើន ជាពិសេសការបង្កើនផលិតកម្មដំណាំ»។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានដែលជាកម្មវិធីនយោបាយអាទិភាពទី៥ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
ការសម្របសម្រួលនេះ ធ្វើឡើងតាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃកសិផលនៅរាល់រដូវប្រមូលផល, ជាពិសេស លើផលិតផលកសិកម្មមួយចំនួន មានជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត តាមការចាំបាច់។
ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេសដែលជាកម្មវិធីនយោបាយអាទិភាពទី៦ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងយកចិត្តទុកដាក់ផងដែរលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បីរក្សាកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជាការតថ្លៃជាមួយអ្នកទទួលទិញ។ នេះបើយោងតាមក្រសួងកសិកម្ម៕