ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅភ្នំពេញ ឱ្យបានយូរអង្វែងចាប់ពី ២០ ទៅ ៣០ ឆ្នាំ និងត្រៀមលក្ខណៈពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ ព្រមទាំងដំឡើងស្ថានីយបូមទឹកថ្មីបន្ថែមទៀតដើម្បីបញ្ចៀសការជន់លិចនេះ។
គម្រោងនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង លើកឡើងក្នុងអំឡុងពេល លោកដឹកនាំកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកបានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀតដើម្បីឈានទៅរំដោះទឹកនៅក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បានយូរអង្វែង ពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺ កុំចូលមករាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «រាជធានីភ្នំពេញការរៀបចំប្រព័ន្ធលូប្រឡាយរំដោះទឹកបានល្អប្រសើររហូតទទួលបានការកោតសរសើរពីអន្តរជាតិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏យើងនៅតែមានបញ្ហាប្រឈមខ្លះដែលទាមទារឱ្យយើងរួមគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបញ្ចៀសឱ្យបានពីការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ»។
បើតាមលោក ឃួង ស្រេង តាមគោលការណ៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរាជធានីភ្នំពេញក្នុងរយៈពេល ៤ ឆ្នាំ ត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រោមដី ឱ្យបានល្អដោយធ្វើយ៉ាងណាកុំឱ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង។
លោកបានអះអាងថា ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញរៀបចំជាផែនការដាក់ទៅអន្តរក្រសួងដើម្បីអនុវត្តលើការងារនេះបន្តទៀត។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងពីការគិតគូរចំពោះប្រព័ន្ធលូប្រឡាយដែលត្រូវកែលម្អឡើងវិញពិសេសគឺការពង្រីកប្រឡាយបង្ហូរទឹកពីតូចទៅធំការដំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុននិងការដំឡើងស្ថានីយបូមទឹកថ្មីថែមទៀតផងដែរ។
លោកបានថ្លែងថា៖ «ស្របពេលដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមានភាពស៊ីវីល័យរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាគម្រោងធំមួយដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញបានយូរអង្វែងចាប់ពី ២០ ទៅ ៣០ ឆ្នាំ»។
នៅក្នុងកិច្ចប្រជុំខាងលើលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖«ការស្ថាបនាប្រព័ន្ធលូនៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២៣នេះ យើងស្ថាបនាបានបណ្តាញលូប្រវែងជាង៩២៤ គីឡូម៉ែត្រ ហើយយើងនឹងបន្តស្ថាបនាប្រព័ន្ធលូប្រឡាយជាបន្តបន្ទាប់ទៀត។ បញ្ហាសំខាន់គឺយើងរក្សាឱ្យបាននៅអាងស្តុកទឹកដើម្បីរំដោះទឹកចេញពីភ្នំពេញ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូធ្លាប់បានលើកឡើងថា ការលុបបឹងធម្មជាតិជាបន្តបន្ទាប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ អាចនឹងធ្វើឱ្យទីក្រុងភ្នំពេញប្រឈមនឹងជំនន់ទឹកភ្លៀងលិចលង់។លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចលុបបឹងណាមួយព្រោះយើងមានការបារម្ភពីផលប៉ះពាល់បរិស្ថាននិងជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ»។
លោកធ្លាប់បានលើកឡើងថា តាមការកត់សម្គាល់ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះមានជំនន់ទឹកភ្លៀងជន់លិចនៅក្នុងរាជធានីភ្នំពេញហើយថាការលុបបឹងធម្មជាតិប្រសិនបើចៀសបានគឺគួរតែចៀសព្រោះបឹងធម្មជាតិអាចជួយរំដោះទឹកភ្លៀងនិងជួយដល់ផ្នែកបរិស្ថាន៕