ភ្នំពេញៈ ក្រសួងព័ត៌មាន បានធ្វើការព្រមានចាត់វិធានការលើអ្នកសារព័ត៌មានមួយចំនួនដែលនៅបន្តស្នើសុំឬទាមទារប្រាក់នានាពីក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន ខណៈក្រសួងក៏ព្រមានក្រុមហ៊ុននេះដូចគ្នា បើសិនជារកឃើញពាក់ព័ន្ធការផ្តល់ប្រាក់ជាថ្នូរនឹងការប្រកបអាជីវកម្មមិនសុចរិត ល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ការព្រមាននេះធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងការបែកធ្លាយព័ត៌មានថា៖«កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអ៊ិមិន (TOP DIAMAND CASINO) បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាពមានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។
តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មានយល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។
ជុំវិញករណីនេះក្រសួងព័ត៌មានបានធ្វើការព្រមានជាសាធារណៈចំពោះអ្នកសារព័ត៌មានដែលពាក់ព័ន្ធដូចដែលបានចេញផ្សាយដោយក្រុមហ៊ុនខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទាមទារប្រាក់នានា។ ក្រសួងសង្កត់ធ្ងន់ថាក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និង ក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។
ក្រសួងបន្តថា៖« អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួន មករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល១ខែ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា។ ក្នុងករណីរឹងរូសមិនព្រមចូលខ្លួនរាយការណ៍ អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន»។
ដោយឡែក ចំពោះម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនដែលជាប់ពាក់ព័ន្ធទៅនឹងករណីនេះ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឱ្យខាងតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់ឈ្មោះ របស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។
ក្រសួងបញ្ជាក់ថា៖«ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ត្រូវចូលខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុប អាជ្ញាប័ណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ជុំវិញរឿងនេះដែរ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែតុលា ប្រាប់ថា កន្លងមកនេះ មានសាធារណជនតែងលើកដដែលៗ ពាក់ព័ន្ធនឹងក្រមសីលធម៌ វិជ្ជាជីវៈ ដោយសារតែមានអ្នកសារព័ត៌មានមួយចំនួនតូចទេ បានធ្វើសកម្មភាពឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានជារួម។
លោកបន្តថា៖«ជាបន្តបន្ទាប់ក្លិបអ្នកកាសែតកម្ពុជា តែងតែអប់រំ ធ្វើម៉េចឱ្យគាត់មានវិជ្ជាជីវៈត្រឹមត្រូវ និងរក្សាតម្លៃសារព័ត៌មានឱ្យខ្ពស់ ចៀសវាងការជំរិតទារលុយកាក់ ឬផលប្រយោជន៍ណាមួយ អ៊ីចឹងការចាត់វិធានការរបស់ក្រសួងពេលនេះ គឺជារឿងមួយសមស្របទៅនឹងគោលដៅរបស់ក្លិបអ្នកកាសែតកម្ពុជា ដែលខំព្យាយាមពង្រឹងវិជ្ជាជីវៈសារព័ត៌មាននាពេលកន្លងមក»។
ទន្ទឹមគ្នានេះ លោក ពុយ គា អះអាងថា៖«ក្លិបអ្នកកាសែតកម្ពុជា នឹងពិចារណាដល់ការដកសមាជិកភាពពីក្លិប ប្រសិនជាមានបណ្តឹងនានាមកកាន់ក្លិប ហើយក្លិបរកឃើញថា អ្នកសារព័ត៌មានណាមួយពិតជាបំពាននឹងវិជ្ជាជីវៈ និងក្រមសីលធម៌ ហើយក្លិបក៏សូមអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួនឱ្យបានល្អចៀសវាងមានបញ្ហាបែបនេះ»។
បើតាមក្រសួងព័ត៌មាន ក្រៅពីព្រមានចាត់វិធានការលើអ្នកសារព័ត៌មានដែលពាក់ព័ន្ធ ក្រសួងក៏សូមឱ្យម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអ៊ិមិន(TOP DIAMAND CASINO)ដែលបានធ្វើការផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្ដល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ជូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ។
ក្រសួងព្រមានផងដែរថា៖«ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕