ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ​បាន​លើកឡើងថា កងកម្លាំង​នគរបាលជាតិ​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​ឱ្យស្រប​តាម​បរិបទ​នៃ​យុគសម័យ​ឌីជីថល​នេះ ​ខណៈ​លោក​ក៏បាន​ជំ​រុញឱ្យ​មន្ត្រីនគរបាល ចាំបាច់​ត្រូវ​ចូលរួម​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល ដើម្បី​កសាង​សមត្ថភាព​វិជ្ជាជីវៈ​។​

​លោក​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល កម្រិត​២ ជំនា​ន់ទី​៤ និង​វគ្គ​​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៧ លើក​ទី​២ កាល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ បាន​បង្ហោះ​នៅ​ក្នុងហ្វេ​ស​ប៊ុ​ក​។​

​នាឱកាស​នោះ លោក ស សុខា បាន​ជំរុញ​ដល់​កងកម្លាំង​នគរបាលជាតិ​គ្រប់​ថ្នាក់ ​និង​មន្ត្រី​ដែល​ផ្ទេរ​ពី​ស្ថា​​ប័ន​ស៊ីវិល​មក​បម្រើ​ការងារ​ជា​នគរបាលជាតិ ដែល​មិន​ធ្លាប់បាន​ឆ្លង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល ចាំបាច់​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល បើ​ទោះ​មាន​ឋានន្តរស័ក្តិ និង​មុខតំណែង​កម្រិតណា​ក៏ដោយ​។

​លោក​ថា ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ ជាការ​កសាង​សមត្ថភាព​វិជ្ជាជីវៈ​ក្នុងនាម​ជា​នគរបាល​ពេញលក្ខណសម្បត្តិ ស្រប​នឹង​គោលនយោបាយ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាលអាណត្តិ​ទី​៧​។

​លោក​បញ្ជាក់ថា​៖« ក្នុង​បរិបទ​នៃ​យុគសម័យ​ឌីជីថល​នេះ កងកម្លាំងនគរបាលជាតិ​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​តាមរយៈ​ការបណ្ដុះបណ្ដាល​ដ៏​ត្រឹមត្រូវ ប្រកបដោយ​គុណភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​ដឹកនាំ​បញ្ជា និង​ក្របខ័ណ្ឌ​មន្ត្រី​បច្ចេកទេស ស្របតាម​ការវិវត្តរ​បស់​សង្គមជាតិ សភាពការណ៍​សន្តិសុខ​ជាតិ និង​អន្តរជាតិ ការវិវត្ត​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​ស្របតាម​តម្រូវការ​ជាក់ស្ដែង​រប​ស់​អង្គភាព​ដែល​ប្រើប្រាស់​កងកម្លាំង​»​។​

​លោកថា ទន្ទឹមនឹងនេះ ក៏ត្រូវ​សិក្សា​គិតដល់​ការបំពាក់​សម្ភារ និង​មធ្យោបាយ​គ្រប់​ប្រភេទ​ក្នុង​កិច្ចប្រតិបត្តិការ ដើម្បី​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ឱ្យបាន​ល្អប្រសើរ​ផងដែរ​។​

​លើសពីនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​លើកទឹកចិត្ត​ដល់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍបន្ថែមទៀត ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដើម្បី​បន្ត​រក្សាបាន​នូវ​កិត្យានុភាព ឧត្តមភាព ការជឿទុកចិត្ត ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ពិសេស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ​រត់​មករ​កនគ​របាល​នៅពេល​មាន​តម្រូវការ ឬ​មាន​បញ្ហា​ណាមួយ​។​

​ជុំវិញ​រឿងនេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត នៅ​ថ្ងៃទី​៥ ខែតុលា​ ថ្លែងថា មន្ត្រីនគរបាល និង​មន្ត្រី​ផ្ទេរ​ពី​ស្ថាប័ន​ស៊ីវិល​ក៏ដោយ ចាំបាច់​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ ឱ្យស្រប​តាម​សង្គម​ឌីជីថល ហើយ​ត្រូវមាន​ជំនាញ​ចំណេះដឹង និង​ពង្រឹង​វិជ្ជាជីវៈ​របស់ខ្លួន​។​

​លោក​ ថ្លែងថា​៖«​ទន្ទឹមនឹង​ការបង្រៀន​ដល់​ពួកគាត់​ហើយ​នោះ ក្រសួង​ក៏ត្រូវ​តែ​យកចិត្តទុកដាក់​បន្ថែម​លើ​ការពង្រឹង​ទាំង​វិន័យ ក្រមសីលធម៌ និង​ជំនាញ ពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បីឱ្យ​ពួកគាត់​អាចបំពេញ​តួនាទី​ស្របតាម​ជំនាញ និង​ប្រកបដោយ​វិជ្ជាជីវៈ ឆ្លើយតប​តម្រូវការ​ព​ល​រដ្ឋ​បាន​ប្រសិទ្ធភាព​»​។​

​យោងតាម​របាយការណ៍​របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា គិត​មកដល់ពេលនេះ ថ្នាក់ដឹកនាំ​នគរបាល ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល​រួចរាល់​ក្នុង​វគ្គ​សុក្រឹតការ សរុប​មាន​ចំនួន​៤​ជំនាន់ និង​មាន​សិក្ខាកាម​ចំនួន​១ ០៥១​នាក់ ក្នុងនោះ​នគរបាល ជា​នារី​ចំនួន​១១២​នាក់​។

​ចំពោះ​ជំនា​ន់ទី​៥ ដែល​នឹង​ចាប់ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​នាពេល​ឆាប់ៗ​ខាងមុខ នឹងមាន​សិក្ខាកាម​ប្រមាណ​៤០០​នាក់​។ បន្ទាប់​ពីនេះ​ក្រសួងមហាផ្ទៃ នឹង​ចាត់​បញ្ជូន​មន្ត្រី​នគរបាលជាតិ ដែល​ពុំទាន់​បាន​ឆ្លងកាត់​វគ្គ​ជំនាញ​នគរបាល ឱ្យចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល​ជា​បន្តបន្ទាប់​ទៀត​។​

​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ ក្រសួងមហាផ្ទៃ មានជំនឿថា​ មន្ត្រីនគរបាល នឹង​អាច​យក​ចំណេះដឹង និង​ជំនាញ​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល ទៅប្រើ​ប្រាស់​ឱ្យមាន​ប្រសិទ្ធភាព និង​មានគុណ​តម្លៃ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ផងដែរ​៕