ក្រសួងទេសចរណ៍ និងតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ ខណៈភាគីទាំងពីរ បានឯកភាពគំនិតផ្តួចផ្ដើមនានា ក្នុងការជំរុញអភិវឌ្ឍទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពប្រជាជនមូលដ្ឋានឱ្យកាន់តែប្រសើរ។
ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាពកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប។
នាឱកាសនេះលោក សុខ សូកេន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam ដែលបានខិតខំក្នុងការលើកស្ទួយការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ជាពិសេស ការសម្រេចបាននូវជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ។
លោក Sardar Umar Alam បានសម្តែងនូវការកោតសរសើរចំពោះកេរដំណែល ស្នាដៃរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោក សុខ អាន ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌កម្ពុជានាពេលកន្លងមក ដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការងារអភិរក្សសម្បត្តិវប្បធម៌របស់កម្ពុជា រហូតមកដល់បច្ចុប្បន្ន។
លោក Sardar ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក្នុងការរួមដៃគ្នាអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយ ចីរភាព។
លោក Sardar Umar Alam ក៏បានលើកឡើងនូវគម្រោងជាច្រើនដែលទាក់ទងនឹងវិស័យទេសចរណ៍ ពិសេសស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បញ្ជាក់ថា៖«ភាគីទាំងពីរបានឯកភាពគ្នាលើគំនិតផ្តួចផ្ដើមនានាក្នុងការជំរុញការអភិរក្ស និងអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលជាចលករក្នុងការលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង»។
បន្ថែមពីនេះ ភាគីទាំង២ ក៏បានសម្តែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ បន្ថែមទៀត តាមរយៈការអនុវត្តរួមនូវគម្រោងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌។
ទាក់ទងវិស័យទេសចរណ៍នេះដែរ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានឱ្យដឹងថា បើតាមការសង្កេតជាទូទៅមើលឃើញថា ឆ្នាំនេះភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាកម្ពុជាគឺមានការថយចុះខ្លាំង។ លោកបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ គួរតែកែប្រែយុទ្ធសាស្ត្ររបស់ខ្លួន កុំប្រើយុទ្ធសាស្ត្រដដែលៗ សម្រាប់អនុវត្ត សមត្ថភាព បច្ចេកទេស សេវាកម្ម និងបង្កើនការផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យបានទូលំទូលាយ។
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៥ខែតុលានេះ បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបប្រមាណជាង ២៥០ រូប ដើម្បីរិះរកមធ្យោបាយថ្មី និងលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យនេះ៕