ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំឭកខួប ៣០ ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដោយព្រះអង្គមានបន្ធូលថា ក្រុមប្រឹក្សាធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្តាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាពិសេសនៅពេលបោះឆ្នោតឱ្យមានដំណើរការយ៉ាងរលូន។
ក្នុងទិវារំឭកខួប ៣០ ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ ព្រះមហាក្សត្រយាងថ្លែងសុន្ទរកថា ដោយបានកោតសរសើរដល់ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តីសុខ ជីវភាពសម្បូណ៌សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ព្រះអង្គមានបន្ទូលថា៖«ជានិច្ចកាល ខ្ញុំបានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឱ្យមានដំណើរការយ៉ាងរលូន»។
ឆ្លៀតយកឱកាសនេះ ព្រះអង្គសម្តែងនូវការកោតសរសើរ និងដឹងគុណចំពោះបញ្ញវ័ន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី ៣០ឆ្នាំមុន ។
ជាមួយគ្នានេះដែរ ព្រះអង្គមានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ,ប្រជារាស្ត្រខ្មែរ មានជីវភាពធូរធារសម្បូណ៌រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ។
ក្នុងឱកាសនេះដែរ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម បានថ្លែងថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល ៣០ ឆ្នាំមកនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលសរសេរចារឹកក្នុងបុព្វកថានៃធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ឡើងវិញដោយបរិបូរ។
លោកបញ្ជាក់ថា៖«ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក កម្ពុជាដោយមានរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាជាស្នូល មានការប្ដេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណតម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ»។
រដ្ឋធម្មនុញ្ញាកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី ២១ខែកញ្ញ ឆ្នាំ ១៩៩៣ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើ៕