កម្ពុជា ប្រកាស​ស្វាគមន៍​ក្នុងការបន្ត​បង្កើន​កិច្ចសហការ​ប្រតិបត្តិការ​បង្ការ បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ ពិសេស​បទ​ល្មើស​ឧក្រិដ្ឋ​ឆ្លងដែន ជាមួយ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង (NCA) នៃចក្រភព​អង់គ្លេស ក្នុងគោលបំណង​ថែរក្សា​សន្តិសុខ ជូនពលរដ្ឋ​ប្រទេស​ទាំង២​ក៏ដូចជា​ក្នុងតំបន់​ផងដែរ។

ការសម្តែង​រីករាយ​ស្វាគមន៍​របស់​ភាគី​កម្ពុជា ធ្វើ​ឡើង​តាមរយៈ​លោក ស ថេត អគ្គ​ស្នងការ​នគរបាល​ជាតិ ដែលបាន​អនុញ្ញាត​ទទួល​ជួប លោក PETER VERNON មន្រ្តី​ទំនាក់ទំនង​របស់​ទីភ្នាក់ងារ​ជាតិ នៃចក្រភព​អង់គ្លេស ទទួលបន្ទុក​ការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង ​(NCA) ប្រចាំ​វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ និងលោក MARC THAYRE អនុប្រធាន​បេសកកម្ម នៃស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទាំង​សហការី កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការ​ក្រសួង​មហាផ្ទៃ។ នេះបើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

ជាកិច្ចចាប់​ផ្តើម លោក PETER VERNON បានសម្តែង​នូវការចូលរួម​អបអរសាទរ​ចំពោះ​ លោក ស ថេត ដែលត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា អគ្គស្នងការ​នគរបាល​ជាតិ និងបានស្នើ​សុំ​បន្តពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង (NCA) ជាមួយ​នគរបាល​ជាតិ​កម្ពុជា ដែលមានពី​មុនមក​តាមរយៈ​យន្តការ​ដែលមាន​ស្រាប់។

ជាមួយគ្នានោះ លោក MARC THAYRE ក៏បានលើកឡើង​ពីការផ្តល់​ជូននូវ​ការបណ្តុះបណ្តាល​ដល់​នគរបាល​ជាតិ​កម្ពុជា ពាក់ព័ន្ធ​ភាសា​អង់គ្លេស ក៏ដូចជា​មុខជំនាញ​បច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំង​បទល្មើស​ផ្លូវភេទ​លើកុមារ​តាមប្រព័ន្ធ​អនឡាញ។ លោកក៏បានថ្លែង​អំណរគុណ​ដល់​នគរបាល​ជាតិ​កម្ពុជា ចំពោះ​កិច្ចអន្តរាគមន៍​ជួយដល់​ពលរដ្ឋ​អង់គ្លេស​រស់នៅ​កម្ពុជា​នៅពេល​ជួប​បញ្ហា​ផងដែរ។

ជាការឆ្លើយ​តប​លោក ស ថេត បានមាន​ប្រសាសន៍​គាំទ្រ និងរីករាយ​ស្វាគមន៍​ក្នុងការបង្កើន​កិច្ចសហ​ការប្រតិបត្តិការ​បង្ការ បង្រ្កាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន ជាមួយ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​មានការ​ចាត់តាំង​ (NCA) ក្នុងគោលបំណង​ថែរក្សា​សន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋ​ប្រទេស​ទាំង២ ក៏ដូចជា​ក្នុងតំបន់​ផងដែរ៕