ភ្នំពេញៈ ទិវា​គ្រូបង្រៀន​ពិភព​​លោក ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នា​ថ្ងៃទី​ ៥ ខែតុលា ដើម្បី​បំផុស​នៅ​គ្រប់​ភូមិ​សិក្សា​ទូទាំងប្រទេស និង​រំឭក​ពី​គុណ​បំណាច់​របស់​គ្រូបង្រៀន ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​​ចិត្ត និង​វិជ្ជាជីវៈ ក្នុងការ​បំពេញភារកិច្ច ជា​អ្នក​បណ្ដុះបណ្ដាល ដើម្បី​ផ្ទេរ​នូវ​ចំណេះដឹង ការ​ទូន្មាន​ឱ្យ​សិស្សានុសិស្ស​ធ្វើ​តែ​អំពើ​ល្អ ស្គាល់​ខុស ស្គាល់​ត្រូវ និង​ចេះ​គោរព​ចាស់ទុំ​។​

​ទិវា​គ្រូបង្រៀនលើក​ទី​២៦​ ឆ្នាំ ​២០២៣ ​នេះ កម្ពុជា​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​គ្រូបង្រៀន​ជាស​សរ​ស្តម្ភ​នៃ​កំណែទម្រង់​សាលារៀន​ឆ្ពោះទៅរក​ឧត្តមភាព​»​ ដែល​ក្រសួង អប់រំ យុវជន និង​កីឡា បានរៀបចំ ធ្វើ​នា​ព្រឹក​ថ្ងៃទី​ ៥ តុលា ដោយមាន​ការអញ្ជើញ​ជា​អធិបតី​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​លោកគ្រូ​អ្នកគ្រូ​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ទិវា​គ្រូបង្រៀន​ពិភព​លោក​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទិវា​គ្រូបង្រៀន​ជា​ឱកាស​មួយ​ដើម្បី​រំឭក​គុណគ្រូ​ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​និង​ផ្ទេរ​ចំណេះដឹង ជំនាញ​តាម​គ្រប់​រូបភាព​ទៅដល់​សិស្សានុសិស្ស និស្សិត និង​យុវជន​គ្រប់រូប​។​

​លោក​បញ្ជាក់ថា​៖ «​ជាការ​ពិតណាស់ មិនមាន​អ្នកណា​មួយ រួមទាំង​លោកគ្រូ​អ្នកគ្រូ​ខ្លួនឯង​ផង ដែល​បានមក​ដល់ពេលនេះ គឺ​ត្រូវ​ឈាន​ពី​ថ្នាក់​បឋម ហើយ​ខ្ញុំ​ផ្ទាល់​ចាំ​មិន​ភ្លេច​ទេ​ថា ខ្ញុំ​រៀន​ចប់​ថ្នាក់បណ្ឌិត ខ្ញុំ​ចេះ​សរសេរ ចេះ​អាន​ដោយសារ​ខ្ញុំ​ចាំ​គុណគ្រូ​ខ្ញុំ ថ្នាក់​ទី​១​ ដែល​បង្រៀន​ខ្ញុំ​ពី​អក្សរ ក និង​លេខ ​១​។ បើ​ខ្ញុំ​មិនចេះ​ពី​អក្សរ​ក​ទេ គឺ​ខ្ញុំ​មិនមាន​មូលដ្ឋាន​រហូតដល់​រៀន​ភាសាបរទេស និង​ចេះ​សរសេរ​ពី​លេខ ​១ ដល់​លេខ​ ១ ​ពាន់​លាន​បានទេ​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា ៖ «​គុណគ្រូ​ដែល​ពាក្យ​ខ្មែរ​យើង​ថា គ្រូ​ ១ ​ថ្ងៃ គ្រូ​ ១​ ជីវិត ហើយ​គ្រូ​គឺជា​ឪពុកម្តាយ​ទី​២ ដែល​អាច​បណ្តុះបណ្តាល និង​បំ​ណិ​ន​ជីវិត​ឱ្យ​យើង​មាន​សមត្ថភាព​ក្លាយជា​ធនធាន​ក្នុងសង្គម​មួយ​បាន​»​។​

​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មាតា​បិតា អាណាព្យាបាល និង​សហ​គម​ន៍​ក្នុង​ការអប់រំ​ស្របតាម​ពាក្យ​​ស្លោ​កថា ​«​ភាពជា​ដៃគូ​រដ្ឋ​សហគមន៍​ដើម្បី​ការអប់រំ​» ​ដែល​ឪពុកម្តាយ​សំខាន់​ណាស់​ដែលជា​តួអង្គ​ជាមួយ​គ្រូ ដែល​តួអង្គ​ទាំង ​២​ នេះ ជា​អ្នក​បំពាក់បំប៉ន​សមត្ថ​ភាព ឧ​ត្ត​ម​គតិ សីលធម៌ និង​ឥរិយាបថ ហើយ​ឪពុកម្តាយ និង​គ្រូ ត្រូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ការកោតសរសើរ ចំពោះ​លទ្ធផល​ដែល​ក្រសួង​អប់រំ ពង្រីក​បាន​នៅក្នុង​កំណែទម្រង់​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ក្នុងដំណាក់កាល​នៃ​កំណែទម្រង់​នេះ​ត្រូវយក​សសរ​ស្តម្ភ​ណាមួយ ហើយ​ធ្វើការ​ពង្រឹង​ឱ្យចំ​គោលដៅ​។

លោក​មានប្រសាសន៍ថា​៖ «​មូលដ្ឋាន​នៃ​ការ​​អប់រំ​ត្រូវ​គិត​ហើយ​ផ្តោតលើ​ការអប់រំ​ថ្នាក់មូលដ្ឋាន​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី១២ ពង្រឹង​រឿងនេះ​បាន គឺ​វិស័យ​អប់រំ​យើង​ខ្លាំង​ហើយ​។ និយាយ​អ៊ីចឹង​មិនមែន​បានន័យថា រដ្ឋាភិបាល​មិន​គិតគូរ​ពង្រឹង​ឧ​ត្ត​មសិ​ក្សា​ទេ គឺ​យើង​ពង្រឹង​ដូចគ្នា​បន្តទៀត ដែល​ផែន​ការរួម​យើង​មាន ប៉ុន្តែ​វិធាន​គន្លឹះ​ដែល​ត្រូវការ​យកចិត្តទុកដាក់ គឺ​ពង្រឹង​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី១២»​។

​លោក​បញ្ជាក់ថា ការអប់រំ​នេះ ត្រូវ​ផ្ដោតលើ​លទ្ធផល​ចំនួន​ ២ គឺ​សមត្ថភាព និង​ឥរិយា​​បថ ​(Soft Skill)​ ដោយ​ធ្វើការ​ជំរុញ​សិស្ស​លើ​ការស្រាវជ្រាវ ហើយ​គ្រូបង្រៀន​ក៏ត្រូវ​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ជាប្រចាំ​លើ​ការស្រាវជ្រាវ​ផងដែរ​។ ទន្ទឹមនឹង​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រសួង​អប់រំ ឱ្យ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ផងដែរ ចំពោះ​ការជ្រើសរើស​នាយក​សា​លា ដោយសារ​នាយក​សាលា មាន​សារៈសំខាន់​ណាស់ ក្នុងការ​ដឹកនាំ​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​រហូតដល់​មធ្យមសិក្សា​។

​លោក​ថា​៖ «​នេះ​ជា​ដំណាក់កាល​ពង្រឹង ជាជាង​ពង្រីក ដោយ​ពង្រឹង​អ្វី​ដែលមាន​ស្រាប់ ជាពិសេស​ផ្តោតលើ​ស្ថាប័ន ហើយ​ពង្រឹង​សេវា​គឺ​ផ្តោត​ទៅ​មូលដ្ឋាន ស្រុក ឃុំ​តែម្តង​។ មហិច្ឆតា​របស់ខ្ញុំ ក្នុង ​១​ អាណត្តិ ២​ អាណត្តិ​នេះ សា​លា​រដ្ឋ​ទាំងអស់ មិនចាំបាច់​ឱ្យ​កូន​​ចៅ​របស់​ប្រជាពលរដ្ឋ​វេច​បង្វិច​ពី​ស្រុក​ ១ ទៅ​ស្រុក ​១ ទៅ​រៀន​សាលា​ ១ ​ទៀត​ទេ ព្រោះ​គ្រប់​សាលា​រដ្ឋ​ទាំងអស់ ក្លាយជា​សា​លា​ល្អ​អាច​ទទួលយកបាន​នៅ​មូលដ្ឋាន​»​។

គ្រូពេទ្យ ឈរ​ក្បែរ​រថយន្ត​ដែល​ត្រូវបាន​គេ​រៀបចំ​ត្រៀម​សម្រាប់​ដឹក​វ៉ាក់សាំង នៅឯ​មន្ទីរពេទ្យ​ព្រះកេតុមាលា​កាលពី​ថ្ងៃ​ម្សិលមិញ​។ហេង ជីវ័ន

នៅក្នុង​យុទ្ធសាស្ដ្រ​បញ្ច​កោណ រាជរដ្ឋាភិបាល​បានដាក់​ចេញរួច​ហើយ នៅក្នុង​នោះ ក៏មាន​យន្តការ គិតគូរ​ពី​ការពង្រឹង​វិស័យ​អប់រំ ដែល​អនុវត្ត​បន្ត​យុទ្ធ​សាស្ដ្រ​ចតុកោណ ខណៈ​ការធ្វើកំណែទម្រង់​នេះ គឺ​មិនមែន​ធ្វើ​តែ​១​ឆ្នាំ​ត្រូវ​ប្ដូរ​នោះទេ ប៉ុន្ដែ​មាន​និរន្តរភាព​។

​លោក​បញ្ជាក់ថា​៖ «​វិធានការ​គន្លឹះ ដែល​យើង​បានដាក់​ចេញ​ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​នេះ គឺ​ក្រោម​ទ្រឹស្ដី គិត​ធំ ប៉ុន្ដែ​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ពី​តូច​ទៅ មានន័យថា ការធ្វើ​កំណែ​ទម្រង់​នេះ គឺ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ប៉ុន្ដែ​ការអនុវត្ត​គឺ​ត្រូវ​ជ្រើសរើស​ចំណុច​ណា​ដែលជា​អាទិភាព​ហើយ​ត្រូវអនុវត្ត​ឱ្យចំ​គោលដៅ​ជា​ជំហានៗ​តែម្ដង​»​។​

​ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍​ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ ដែលជា​គរុ​សិស្ស​កំពុង​សិក្សា​ដោយ​អនុវត្តតាម​រូបមន្ត​បៀវត្សរ៍​មូលដ្ឋាន បូក​នឹង​ ៧០ ​ភាគរយ​បន្ថែម​។ ការដំឡើង​បៀវត្សរ៍​ឧបត្ថម្ភ​ថ្មី​នេះ​ធ្វើឱ្យ​បៀវត្សរ៍​របស់លោក​គ្រូ​-​អ្នកគ្រូ ជា​គរុ​សិស្ស​កំពុង​សិក្សា​ទាប​បំផុត (​កម្រិត គ​)​ ចំនួន ៩៨​ ម៉ឺន​រៀល និង​គ្រូបង្រៀន​ក្របខ័ណ្ឌ (​ក​) នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ជាង​ ១​ លាន​រៀល​។ រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ បន្ត​អនុវត្ត​គោ​លន​​យោ​បាយ​ជា​អាទិភាព​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ខណៈ​បច្ចុប្បន្ន​វិស័យ​ទាំង​ ២​ នេះ​រាជ​រដ្ឋាភិបាល​បាន​វិនិយោគ​ច្រើនជាង​វិស័យ​ផ្សេងៗ​ទៀត​។

​លោក ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ថ្លែងថា គ្រូ​​បង្រៀន​មាន​តួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ យុវជន​និង​កីឡា​។ នៅក្នុង​ការអនុវត្ត​កំណែទម្រង់​កម្រិត​សាលារៀន តាម​ការសិក្សា ជាច្រើន​នៅលើ​ពិភពលោក​បាន​រកឃើញ​ថា គ្រូ​បង្រៀន​មាន​ឥទ្ធិពល​ដោយផ្ទាល់​ដល់​ការប្រែប្រួល ជា​វិជ្ជមាន​នៅក្នុង​ថ្នាក់រៀន ជាពិសេស​ការធ្វើឱ្យមាន​ភាពប្រសើរឡើង នៃ​លទ្ធ​ផល​ការសិក្សា​របស់​សិស្ស និង​ការ​ឆ្ពោះទៅរក​ឧត្តមភាព​នៃ​សា​លា​រៀន​និង​ប្រព័ន្ធ​អប់រំ​ជារួម​។

​លោក​មានប្រសាសន៍ថា​៖ «​គ្រូ​បង្រៀន​គឺជា​ក្បាលម៉ាស៊ីន​នៃ​ប្រព័ន្ធ​អប់រំ ជា​ឆ្អឹងខ្នង​នៃ​ការអប់រំ និង​ជា​អ្នក​អប់រំ​ជួរមុខ​ដែល​បានធ្វើការ​ជាមួយ​សិស្ស​,​បង្កើត​បរិ​ស្ថាន​សិក្សា​ប្រកបដោយ​ប្រសិទ្ធ​ភាព​, រៀបចំ​សកម្មភាព​បង្រៀន​និង​មាន​ទំនាក់ទំនង ជាមួយ​សិស្ស មាតាបិតា ដើម្បី​ធានាបាន​នូវ​សមភាព និង​បរិ​យា​ប័ន្ន​ក្នុងការ​អប់រំ​»​។

​លោក ហង់​ជួន ណា​រ៉ុ​ន បន្តថា​៖ «​ខ្ញុំ​ពិតជា​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ លោកគ្រូ អ្នកគ្រូ ទាំងអស់​នៅ​ទូទាំង​កម្ពុជា ដែល​បាន​ខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន និង​ចូលរួម​បំពេញ​តួនាទី ប្រកបដោយ មនសិការ​វិជ្ជាជីវៈ​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ បើ​គ្មាន​ការរួមចំណែក​ពី​គ្រូបង្រៀន​ទេ ក្រសួង​ក៏​មិនអាច​អនុវត្ត​កំណែទម្រង់​សាលារៀន​ឆ្ពោះ​ទៅរក​ឧត្តមភាព​បានដែរ ហើយ​ការ​ប្រារព្ធ​ពិធី​នេះ​គឺ​ដើម្បី​បង្ហាញ​ឱ្យ​កាន់តែច្បាស់​នូវ​តួនាទី​ដ៏​សំខាន់​របស់​គ្រូបង្រៀន​»​។​

​នៅ​ថ្ងៃ​ដដែល​នេះដែរ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ក៏បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះដែរ និង​បាន​ដាក់សំណើ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ស្នើ​សូម​ដំឡើង​ប្រាក់​បៀវត្សរ៍​មូលដ្ឋាន​គ្រូបង្រៀន​,​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​មក​ត្រឹម​តម្លៃ​ ៤ ០០០ ​រៀល ​ក្នុង ​១​ លីត្រ និង​បញ្ចុះតម្លៃ​ទំនិញ​លើ​ទីផ្សារ​ឱ្យមាន​តម្លៃ​មួយ​សមរម្យ​, លុប​បំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​អប់រំ និង​ពេល​ប្រឡង​ចូល​ក្រប​​ខ័​ណ្ឌ​គ្រូបង្រៀន និង​ចំណុច​មួយ​​ចំនួន​ទៀត​៕