ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាសាធារណៈថា រដ្ឋបានសន្សំថវិកាជាង ២០០ លានដុល្លារ បន្ទាប់ពីលោកសម្រេចព្យួរការចំណាយទៅលើគម្រោងសិក្សានានាដែលមិនចាំបាច់ ហើយបង្វិលថវិកានោះមកប្រើប្រាស់ឱ្យចំគោលដៅវិញដូចជា បង្កើនការគាំពារសង្គម និងប្រើក្នុងគ្រាមានគ្រោះអាសន្នជាដើម។
ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ថ្ងៃមុនគ្រាន់តែខ្ញុំឱ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន ខ្ញុំសន្សំបាន ២០០ លានដុល្លារ ជាងសម្រាប់ ២០២៣ នេះ ហើយ ២០០ លានដុល្លារនេះ យកទៅបង្កើនការគាំពារសង្គម និងទឹកជំនន់ជន់លិចប្រជាពលរដ្ឋ»។
លោកបានបញ្ជាក់ថា កិច្ចការមិនសំខាន់មួយចំនួននោះសំដៅដល់គម្រោងសិក្សានានា ដែលមិនទាន់មានភាពចាំបាច់ ដែលការព្យួរនេះមិនប៉ះពាល់ដល់ដំណើរការងាររដ្ឋាភិបាល និងមិនប៉ះពាល់ដល់មន្ត្រីណាមួយឡើយ ដើម្បីយកថវិកាទាំងនោះទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ចំពោះមុខនៃកំណែទម្រង់រដ្ឋាភិបាល។
ប្រមុខរដ្ឋាភិបាលបានបន្ថែមថា រដ្ឋមានភាពចាំបាច់បង្កកថវិកាសម្រាប់ការចំណាយដែលមិនទាន់មានភាពចាំបាច់សម្រាប់ប្រើប្រាស់ឱ្យចំគោលដៅ គោលនយោបាយនិងយុទ្ធសាស្ត្រដែលបានដាក់ចេញ ហើយការងារនេះ ត្រូវការចូលរួមពីមន្ត្រី និងត្រូវហ៊ានលះបង់ ខណៈគម្រោងដែលបានព្យួរអាចយកពិចារណានៅពេលក្រោយបាន។
លោកបានបញ្ជាក់ថា៖ «បញ្ហានេះ សម្រាប់គម្រោងណាដែលមិនចាំបាច់ កាត់វាចោលទៅ យកមកដាក់ឱ្យចំគោលដៅ។ យើងត្រូវពង្រឹងឱ្យចំគោលដៅ ហើយត្រូវដាក់វិធានគន្លឹះដែលនាយករដ្ឋមន្ត្រីកាន់កាប់ ព្រោះពាក់ព័ន្ធការអារកាត់ថវិកាជាតិ គឺមានតែនាយករដ្ឋមន្ត្រីទេដែលមានសិទ្ធិសម្រេច»។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងដែរថា រដ្ឋាភិបាលថ្មីគ្រោងប្រើប្រាស់ថវិកាដើម្បីយកមកពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមូលដ្ឋាន ពង្រឹងវិស័យអប់រំនៃគ្រឹះស្ថានរដ្ឋ ពង្រឹងវិស័យយុត្តិធម៌ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាព។ លោកសង្កត់ធ្ងន់ថា ក្នុងអាណត្តិដំបូងរបស់លោក ជាដំណាក់កាលពង្រឹងជាមុនសិន ជាជាងពង្រីក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំណាត់ការរបស់នាយករដ្ឋមន្ត្រីក្នុងការកាត់បន្ថយចំណាយមិនចាំបាច់របស់រដ្ឋហើយបង្វិលថវិកាមកប្រើប្រាស់លើការងារចំពោះមុខជាមួយស្ថានភាពជាក់ស្តែង។
លោកបានបញ្ជាក់ថា៖ «ការចាយមិនចំគោលដៅ គឺរដ្ឋាភិបាលចាំបាច់អនុវត្តវិធានផ្លូវការក្នុងការវះកាត់ តួយ៉ាងបញ្ហាអំពើពុករលួយ ឬអាចកាត់តម្រឹមថវិកាសម្រាប់គម្រោងដែលចាំបាច់ ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយផ្តល់សច្ចភាពដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានសាទរចំពោះវិធានការរបស់នាយករដ្ឋមន្ត្រីក្នុងការបន្ថយចំណាយលើរឿងមិនទាន់ចាំបាច់ ដើម្បីដោះស្រាយលើតម្រូវការប្រជាជននៅចំពោះមុខ ដូចជាការគាំពារសង្គម និងបង្ការទុកប្រើក្នុងគ្រាមានអាសន្ន។
លោកបានបន្តថា៖ «រឿងមួយទៀតខ្ញុំគិតថា បើរដ្ឋអាចកាត់បន្ថយចំនួនគណៈរដ្ឋមន្ត្រី ចំនួនទីប្រឹក្សា រដ្ឋអាចនឹងចំណេញថវិកាបានបន្ថែមច្រើន...អាចយកទៅប្រើប្រាស់លើវិស័យផ្សេងៗពង្រឹងសមត្ថភាពមន្ត្រីជំនាញអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការពលរដ្ឋបានច្រើន»។
លោកបានបន្ថែមថា រដ្ឋគួរបង្ហាញតម្លាភាព និងគណនេយ្យភាពពីការប្រើប្រាស់ខ្ទង់ចំណាយថវិកាជាតិឱ្យប្រជាពលរដ្ឋបានដឹងក្នុងនោះសម្រាប់គម្រោងចំណាយដេញថ្លៃ រដ្ឋត្រូវបើកចំហដោយតម្លាភាព ហើយរដ្ឋត្រូវហ៊ានបន្ថែមការកាត់ចោលគម្រោងដែលមិនចាំបាច់ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យអាទិភាពរបស់ខ្លួន៕