ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុ ៩ ឆ្នាំ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន ខណៈកម្ពុជាក៏មានគម្រោងផ្តល់ថ្នាំបង្ការនេះដល់កុមារី ដែលមានអាយុលើសពី ៩ ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ ២០២៥ ផងដែរ។ ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃដល់កុមារីអាយុ ៩ ឆ្នាំ នៅទូទាំងប្រទេសនេះធ្វើឡើងតាមរយៈការចុះផ្តល់សេវាជាទៀងទាត់នៅតាមសាលារៀន និងសហគមន៍ និងការផ្តល់សេវាជាប្រចាំនៅ មណ្ឌលសុខភាព។
ការផ្តល់នេះធ្វើឡើងដោយក្រសួងសុខាភិបាល សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្ររបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi), WHO, Unicef និងអង្គការ Clinton Health Access Initiative (CHAI)។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីពាក់ព័ន្ធក្នុងក្រសួង និងអង្គការដៃគូជាច្រើនចូលរួមជាអធិបតីភាព ក្នុងពិធីនេះដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ដែលករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។
នៅកម្ពុជាជំងឺមហារីកមាត់ស្បូនជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេលំដាប់ទី២ និងជាមូលហេតុចម្បងទី៣ នៃមរណភាពដែលបណ្តាលមកពីជំងឺមហារីក ក្នុងចំណោមស្ត្រីគ្រប់វ័យ ដោយមានការប៉ាន់ប្រមាណថា មានករណីថ្មីៗប្រមាណ ១ ១៣៥ ករណី និងស្លាប់ ៦៤៣ ករណីជារៀងរាល់ឆ្នាំ។ ភ័ស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ១ ដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០-៩០ ភាគរយ។
លោក ឈាង រ៉ា បានថ្លែងនាពិធីនោះថា៖ «តាមពិតការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ ជាការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជាយើង ហើយជាពិសេសក្រសួងសុខាភិបាលបានរៀបចំគំនិតនេះយូរមកហើយ។ ដូចនេះ នៅពេលនេះជាឱកាសប្រវត្តិសាស្ត្រ ១ ក្នុងនាមយើងខ្ញុំជាមន្ត្រីសុខាភិបាលមានការរីករាយក្នុងការអនុវត្តនេះ»។
លោក ឈាង រ៉ា បានបន្តថា ចំពោះប្រជាពលរដ្ឋ ក៏មានការរីករាយក្នុងការទទួលការផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះចំពោះស្ត្រីចាប់ពី កុមារីអាយុ៩ឆ្នាំ ដែលមានអត្ថប្រយោជន៍ ១ ជីវិត គឺចាក់តែ ១ លើកនៅពេលនេះគឺការពារមហារីកមាត់ស្បូនបានដល់ទៅជាង ៩០% នៅក្នុងជីវិតរបស់ស្ត្រី។
លោកថ្លែងថា៖ «វ៉ាក់សាំងនេះពិតជាមានអត្ថប្រយោជន៍ធំធេងណាស់ ហើយនេះជាសមិទ្ធផលថ្មីដែលយើងមិនមែនគ្រាន់តែព្យាបាល ១ ពេលទេ តែគឺការពារ ១ ជីវិតដោយការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនតែ ១ ដូស»។
លោក ឈាង រ៉ា ថ្លែងថា វ៉ាក់សាំងការពារមហារីកមាត់ស្បូននេះ មានតម្លៃថ្លៃ តែរាជរដ្ឋាភិបាលកម្ពុជាវិនិយោគសម្រាប់វិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលត្រូវតែផ្តល់ឱ្យប្រជាពលរដ្ឋហើយផ្តល់ដោយឥតគិតថ្លៃ ហើយក៏គ្រោងនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះដល់កុមារីអាយុលើសពី ៩ ឆ្នាំ តាមរយៈយុទ្ធនាការ ១ ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ ២០២៥។
លោក Will Parks តំណាងយូនីសេហ្វប្រចាំនៅកម្ពុជា ថ្លែងថា សារៈសំខាន់នៃសមធម៌ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា និងសារៈសំខាន់នៃការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាពដល់កុមារី ជាផ្នែក១ នៃការថែទាំសុខភាពបឋម។
លោកថ្លែងថា៖ «យើងត្រូវធានាយ៉ាងណាឱ្យកុមារីដែលបានបំពេញតាមគ្រប់លក្ខខណ្ឌទាំងអស់ ជាពិសេសកុមារីរស់នៅតាមសហគមន៍ដែលមានហានិភ័យខ្ពស់ សហគមន៍ក្រីក្រនៃតំបន់ប្រជុំជន សហគមន៍ជនបទដាច់ស្រយាល ក៏ដូចជាជនជាតិភាគតិច និងអ្នកចំណាកស្រុក បានទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ព្រមទាំងសេវាចាំបាច់សំខាន់ៗទៀត សម្រាប់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេ»។
លោក Pascal Ringwald តំណាងស្តីទី WHO ប្រចាំនៅកម្ពុជាបានថ្លែងថា វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺជាយុទ្ធសាស្ត្របង្ការបឋម ១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅលុបបំបាត់ជំងឺមហារីកមាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ជាង ៨០% នៃការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ១ ដូស នឹងផ្តល់ប្រយោជន៍ដល់ប្រជាជន គ្រួសារ និងសហគមន៍កាន់តែច្រើននៅក្នុងបណ្តាទសវត្សរ៍ខាងមុខនេះ។
ឆ្នាំ ២០១៧-២០១៨ ក្រសួងសុខាភិបាលបានអនុវត្តគម្រោងសាកល្បងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារី អាយុ ៩ ឆ្នាំ ក្នុងស្រុកចំនួន ១០ នៅខេត្តសៀមរាប និងស្វាយរៀងដោយជោគជ័យ៕