ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបង្ហាញការតាំងចិត្តរួមគ្នាលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនសិស្សានុសិស្ស និងពលរដ្ឋពេញកម្លាំង ដើម្បីអភិវឌ្ឍន៍វិស័យការងារជំនាញឱ្យកាន់តែប្រសើរ និងរីកចម្រើនរបស់សង្គមជាតិ។
ការបង្ហាញគោលបំណងនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ អនុញ្ញាតទទួលជួបប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។ នេះបើតាមក្រសួងការងារ។
លោករដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្ស ដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា និងបានលើកឡើងពីសារសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់ និងកម្លាំងយុវជនដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។
ក្រោយស្តាប់ការបង្ហាញពីចក្ខុវិស័យក្រសួងរួចមក ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសគាំទ្រ និងចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការងារនេះ ខណៈដែលលោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះបំណងរបស់វិស័យឯកជនក្នុងការចូលរួមគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែមដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យ និងជាការជួយជ្រោមជ្រែងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តីការងារបានបញ្ជាក់ថា៖ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់ពលរដ្ឋកម្ពុជាដែលពេញកម្លាំងក្នុងទីផ្សារ និងត្រៀមចូលទីផ្សារការងារ គឺជាសសរស្តម្ភដ៏សំខាន់មួយ ដើម្បីបំពេញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសអ្នកមាននៅឆ្នាំ ២០៥០»។
តាមរយៈជំនួបនេះដែរ ភាគីទាំងពីរ បានប្រកាសជួយគាំទ្រគ្នា និងពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងដើម្បីវឌ្ឍនភាព និងការរីកចម្រើនរបស់សង្គមជាតិ៕