ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុក បានធ្វើឃាតទៅលើប្រពន្ធ និងកូនស្រីបង្កើតអាយុ ២ឆ្នាំ នៅស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក.ជ.ក ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅលើប្រពន្ធឈ្មោះ យឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុ ២ឆ្នាំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទី នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖ «ក.ជ.ក សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម»។
ក.ជ.ក ក៏ដូចជាសាធារណជនទូទៅពិតជាមានក្តីឈឺចាប់រន្ធត់ តក់ស្លុតឥតឧបមា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជនសង្ស័យជាឪពុក ដែលបង្ហាញពីអំពើឃោរឃៅព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិរស់រានមានជីវិត ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។
ជាមួយគ្នានេះ ក.ជ.ក អំពាវនាវដល់ក្រសួងស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេស ស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ស្ថានទម្ងន់ទោសមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕