ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការបាត់បង់ជីវិតនិស្សិតខ្មែរម្នាក់ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
តាមសេចក្តីថ្លែងការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកនេះបានឱ្យដឹងថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា។ រាជរដ្ឋាភិបាលបានសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានោះ និងដោយអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ។
អង្គភាពបញ្ជាក់ថា៖«រហូតមកទល់ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ»។រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ»។
ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល អាចទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាព និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់។ នេះបើតាមការបន្ថែមរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ចំពោះការវិវត្តសភាពការណ៍នៅ ប្រទេសអ៊ីស្រាអែល ព្រមទាំងបាន និងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។
ក្រសួងបញ្ជក់ថា៖«ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +90 534 459 9689 ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ +20 115 627 9999»។
សារសំឡេងបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញតេឡេក្រាមបានឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរជាង ៤៥០នាក់ កំពុងនៅទីនោះ ដែលភាគច្រើនជានិស្សិតកំពុងតែសិក្សា។ ចាប់ពីស្ថានភាពដែលផ្ទុះការវាយប្រហាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង ដោយប្រគល់ភារកិច្ចទៅក្រសួងការបរទេស និងក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នសន្តិសុខធ្វើការទាក់ទងជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាជួយប្រជាពលរដ្ឋជាពិសេសនិស្សិតនៅទីនោះ។
លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើងដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល ពិសេសក្មួយៗ ប្អូនៗ និស្សិតដែលកំពុងរៀននៅទីនោះសូមព្យាយាមរក្សានូវសុវត្ថិភាពខ្លួន ពិសេសត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន»។
ជាមួយគ្នានោះ លោក ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏បានធ្វើការអំពាវនាវដល់និស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែលខិតខំធ្វើយ៉ាងណាការពារសុវត្ថិភាពផ្ទាល់ខ្លួន និងធ្វើតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ចំណែកមាតាបិតា ក្នុងប្រទេសសូមស្ងប់ស្ងៀមចិត្ត ព្រោះរាជរដ្ឋាភិបាលប្រាកដជាយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
លោកថ្លែងថា៖«សូមជនរួមជាតិរក្សានូវភាពស្ងប់ស្ងាត់ ហើយក៏សូមជឿជាក់លើសមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការប្រឆាំងជាមួយកម្លាំងភេរវកម្ម»៕