ភ្នំពេញ:ស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៦ខែតុលាបានរៀបចំពិធីអបអរសាទរសមិទ្ធផលរបស់សិស្សានុសិស្សកម្ពុជា ចំនួន ៦នាក់ ដែលទទួលបានអាហារូបករណ៍អាស៊ាន សម្រាប់ឆ្នាំសិក្សា២០២៤។
អាហារូបករណ៍នេះ ដែលជាសញ្ញាបង្ហាញនៃឧត្តមភាពនៃការអប់រំផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកសិក្សាវ័យក្មេងឆ្នើមពីប្រទេសកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដើម្បីបន្តការសិក្សារបស់ពួកគេនៅប្រទេសសិង្ហបុរី។
លោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុបានឱ្យដឹងថា ពានរង្វាន់នេះគឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ចំពោះការក្រេបយកចំណេះដឹង និងការប្តេជ្ញាចិត្តរៀនឱ្យពូកែ។
លោកស្រីបានថ្លែងថា៖«ចំពោះឪពុកម្តាយការគាំទ្រការលះបង់និងការណែនាំ ដែលមិនផ្លាស់ប្តូររបស់ពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់ចិត្តកូនៗដ៏អស្ចារ្យទាំងនេះ»។
លោកស្រី បានបន្ដថា៖ «អាហារូបករណ៍អាស៊ានគឺជាឧទាហរណ៍ដ៏ល្អនៃការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសសិង្ហបុរីចំពោះសារៈសំខាន់ការអភិវឌ្ឍធនធានមនុស្សដែលជាមធ្យោបាយឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។នេះជាទស្សនវិជ្ជាមួយដែលកម្ពុជាបានចែករំលែកផងដែរ»។
អាហារូបករណ៍អាស៊ានដែលមានរយៈពេលជាង៤ឆ្នាំ គ្របដណ្តប់លើដំណើរការសិក្សាពីអនុវិទ្យាល័យទី៣រហូតដល់ថ្នាក់សិក្សាវិទ្យាល័យទី២ ដែលទីបំផុតឈានដល់កម្រិតវិញ្ញាបនបត្ រSingapore-Cambridge GCE A-Level ឬសញ្ញាបត្រស្រដៀងគ្នា។
គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនិងបង្កើតអនាគតដ៏ភ្លឺស្វាងចំពោះនិស្សិតនៅក្នុងតំបន់។
និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍នៅក្នុងឆ្នាំនេះរួមមានលោកចាន់ម៉េងមន្នីចេស្តាកញ្ញាអ៊ឹងហេឡែនកញ្ញាហួយហូលីវ៉ាន់លោកគុយកុកវីងលោកកិត្យារដ្ឋសុបញ្ញានិងលោកគឹមច័ន្ទចេស្ដា។
សិស្សានុសិស្សជាប់អាហារូបករណ៍ទាំងនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងនិងការស្រេកឃ្លានចំណេះដឹងដែលធ្វើឱ្យលោកស្រីត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតបានសរសើរនៅក្នុងពិធីនោះ។
ជាមួយនេះ លោកស្រីបានអំពាវនាវដល់សិស្សានុសិស្សនៅពេលបញ្ចប់ការសិក្សាត្រឡប់មកកម្ពុជាវិញត្រូវរួមចំណែកដល់ការអភិវឌ្ឍឱ្យរីកចម្រើន។
លោកស្រីបានបញ្ជាក់ថា៖ «នៅពេលអ្នកចាប់ផ្តើមដំណើររួមគ្នាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងខ្ញុំសង្ឃឹមថាអ្នកនឹងមិនភ្លេចយកចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានមកបម្រើប្រទេសរបស់អ្នកនៅពេលអ្នកត្រឡប់មកវិញ"។
នៅក្នុងពិធីនេះលោក ឌី សមស៊ីដេត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការសិក្សាពេញ១ជីវិត នៃក្រសួងអប់រំយុវជននិងកីឡា (MOEYS) ដែលជាភ្ញៀវកិត្តិយសបានកោតសរសើរដល់សិស្សានុសិស្សដែលសម្រេចបានជោគជ័យដ៏អស្ចារ្យនេះ។លោកបានចាត់ទុកអាហារូបករណ៍នេះថាជាការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
គួរបញ្ជាក់ថា ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីនេះរួមមាន លោកយៀប សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងលោកម៉ែន ចំណាប់ នាយករងនៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍នៃក្រសួងអប់រំយុវជននិងកីឡា។
ពានរង្វាន់អាហារូបករណ៍អាស៊ានរបស់សិង្ហបុរី មិនត្រឹមតែទទួលស្គាល់ពីភាពវៃឆ្លាតក្នុងការសិក្សារបស់និស្សិតកម្ពុជាទាំង ៦ នាក់នេះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ពួកគេក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានៅពេលពួកគេត្រឡប់មកវិញទៀតផង៕