ភ្នំពេញៈសហ​ព័ន្ធ​​សហ​ជីព​កម្មក​រសំណង់ ​និង​​ព្រៃ​​ឈើ​កម្ពុជា​ កាល​ពីថ្ងៃទី​៥ ខែតុលា បា​ន​​​ធ្វើ​យុទ្ធ​នា​ការ​ទាម​ទារ​​ឱ្យ​រដ្ឋាភិ​បាល​ កំណត់​ប្រាក់​ឈ្នួល ​សម្រាប់​កម្មករ​ក្នុង​វិស័យ​សំណង់ ​ប៉ុន្តែ​មន្ត្រី​ក្រសួង​ការ​ងារ​បញ្ជាក់​ថា ទៅ​ថ្ងៃ​មុខ​នឹង​មាន​​កា​រ​គិត​គូរ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​សំណង់​ ដូច​កម្មករ​វិស័យ​ផ្សេង​ទៀត​ដែរ​។

លោក​សុខ ​គីន ប្រធាន​សហ​ព័ន្ធ​​សហ​ជីព​កម្មក​រសំណង់​ និង​​ព្រៃ​​ឈើ​កម្ពុជា ​(BWTUC) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា​ថា មូល​ហេតុ​ដែល​សហ​ព័ន្ធ​​សហ​ជីព​​កម្មក​រសំណង់​ធ្វើ​យុទ្ធនា​ការ​នៅថ្ងៃ​ទិវា​ពិ​ភព​លោក​សម្រាប់​ការ​ងារ​សមរម្យ​ឆ្នាំ​២០២៣​នេះ​ព្រោះ​​លោក​មើល​ឃើញ​ថា​ លក្ខ​ខណ្ឌ​ការ​ងារ​របស់​ប្រទេស​នីមួយៗ​ក្នុង​វិស័យ​សំណង់ ហាក់​បី​ដូច​ជា​មិន​មាន​ការ​ងារ​ណា​សម​រម្យ​សម្រាប់​កម្មករ​សំណង់​ទេ​។

លោក​បាន​បន្ត​ថា ​​ដើម្បី​ផ្ដល់​លក្ខ​ខណ្ឌ​ការ​ងារ​សម​រម្យ គឺ​​លោក​ស្នើ​ឱ្យរាជរដ្ឋាភិ​បាល ​ក៏ដូច​ជា​ក្រសួង​ពាក់​ព័ន្ធ​ត្រូ​វ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ក្នុង​​វិស័យ​សំណង់​ឱ្យ​ដូច​កម្មករ​ផ្សេង​ទៀត​ដែរ។

ជា​មួយ​គ្នានេះ​ លោក សុខ គីន ក៏បាន​ស្នើ​ឱ្យ​មាន​ការ​បង្កើត​ច្បាប់​ស្ដី​ពី​សុខភាព សុវត្ថិ​ភាព ដោយ​សារ​បច្ចុ​ប្ប​ន្ន​កម្មករ​សំណង់​​បំពេញ​ការ​ងារ​ប្រឈម​នឹង​គ្រោះ​​ថ្នាក់​ច្រើន​ ជា​ពិសេស​ការ​បង្កើត​ច្បាប់​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​សារ​​ធាតុ​អាស​បេស្ដុស ​(ASBESTOS) នៅ​កម្ពុជា​ដោយ​សារ​ធាតុ​នេះ វា​​បង្ក​ឱ្យ​កើត​ជំងឺ​ដូច​ជា​ ក្រិន​ថ្លើម​ មហា​រីក រលាក​ផ្លូវ​ដង្ហើម​និងសួត​ជា​ដើម​ ។

ក្រៅពី​នេះ​ទៀត លោកថា​ ក៏​ទាម​ទារ​ឱ្យ​មាន​ពង្រីក​វិសាល​ភាព​(ប​.ស.​ស)សម្រាប់​កម្មករ​សំណង់ ខណៈ​ការ​អនុវត្ត​ផ្ដល់​អត្ថ​ប្រយោ​ជន៍​ផ្សេងៗ​របស់​ ប​.ស.​ស មាន​ភាព​យឺត​យ៉ាវ​ទៅ​កាន់​កម្មករ​ក្នុង​វិស័យ​សំណង់​។

លោក សុខ គីន ​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​ ការ​ផ្ដល់​លក្ខ​ខណ្ឌ​ការ​ងារ​សម​រម្យ​នេះ​មាន​ន័យ​ថា យ៉ាង​ហោច​ណា​ស់​​កម្មករ​​ទាំង​​អស់​​នោះ​គាត់​អាច​ធ្វើ​ការងារ​បាន​ប្រកប​ដោយ​សុខ​សុវត្ថិ​ភាព​នៅ​កន្លែង​ការងារ ​ហើយ​ទ​ទួល​បាន​ប្រាក់​ឈ្នួល​ដែល​អាច​រស់​នៅ​បាន​ដោយ​ថ្លៃ​ថ្នូរ​»។

​​បើតាម​លោក សុខ គីន យុទ្ធ​នាការ​នេះ បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ផ្ដោត​នៅ​ក្នុង​តំបន់​ចំនួន​៤​សំខាន់ៗ​រួម​មាន​៖ ភ្នំពេញ​សៀម​រាប ​កំពត និង​ខេត្ត​ព្រះ​សីហនុ ដែល​នៅ​ក្នុង​តំបន់​នីមួយៗ​នេះ គឺ​មាន​អ្នក​ចូល​រួម​ធ្វើ​យុ​ទ្ធនា​ការ​ពី​ ២០ ​នាក់ ​ទៅ ​៥០ ​នាក់ ដូច្នេះ​​ចំនួន​សរុប​អ្នក​ដែល​បាន​ចូល​រួម​ទាម​ទារ​ស្នើ​សុំ​ចំណុច​​ទាំង​នេះ គឺ​មិន​មាន​ការ​សរុប​ចំនួន​ច្បាស់​លាស់​ឡើយ​។

ទាក់​ទង​នឹង​យុទ្ធ​នា​ការ​នេះ​ លោក ​កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​បាន​ប្រាប់ ​ថា ប្រជាព​លរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា និង​ច្បាប់​នា​នា ដូ​ច្នេះ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ ការ​ទាម​ទារ​ ឬ​បញ្ចេញ​មតិ​ត្រឹម​ត្រូវ​តាម​ច្បាប់ គឺ​ត្រូវ​បាន​លើក​ស្ទួយ​។

លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ​ចំពោះ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ដែល​បំពាន​ច្បាប់ និង​រំលោភ​បំពាន​សិទ្ធិ​សេរីភា​ព​អ្នក​ដទៃ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។

លោក​បាន​ថ្លែង​ថា រាជ​រដ្ឋា​ភិបាល​ តាម​រយៈ​ក្រសួង​ការ​ងារ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​សុខ​ទុក្ខ​និង​អត្ថ​ប្រ​យោជន៍​មិន​ថា​ ចំពោះ​កម្មករ​និយោជិត​ក្នុង​ប្រព័ន្ធ ​​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ ​និង​បុគ្គល​ស្វ័​យ​និយោជន៍​គឺ​គិត​ដូ​ច​គ្នា​​។

លោក ​កត្តា អ៊ន បញ្ជាក់​ថា ៖ «​ទៅ​ថ្ងៃ​មុខ​ប្រាក់​ឈ្នួល​អប្បបរ​មាក៏​នឹង​ត្រូវ​គិត​គូរ​ដល់​បង​ប្អូន​ក្នុង​វិស័យ​ផ្សេងៗ​ទៀត រួម​ទាំង​បង​ប្អូន​ក្នុង​វិស័យ​សំណង់​ផង​ដែរ​ ហើយ​ការ​គិត​គូរ​ត្រូវ​មាន​ការ​ស្រាវ​ជ្រាវ វាយ​​​តម្លៃ ​វិភាគ និ​ង​ជំនាញ​ច្បាស់​លាស់ ​និង​មាន​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​»​៕