ភ្នំពេញៈរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនៅថ្ងៃទី៨ ខែតុលាថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិកដែលប្រើប្រាស់របបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣,២ លាននាក់។
ក្រសួងការងារបានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ អ្នកដែលបានប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងឯកជនមានចំនួនជិត ២,២ លាននាក់។
ប្រភពដដែលបានបញ្ជាក់ថា ៖ «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន ១ ៥១៨ បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅទូទាំងប្រទេសកម្ពុជា ដែលរួមមាន ទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន»។
ទាក់ទងនឹងការប្រើប្រាស់បណ្ណ ប.ស.ស នេះ លោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងនៅថ្ងៃទី៨ ខែតុលា ថា ជាមធ្យមក្នុង ១ ថ្ងៃ នៃថ្ងៃធម្មតា មានអ្នកជំងឺប្រមាណ៦០០នាក់មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ ឯថ្ងៃអាទិត្យអាចកើនដល់ជាង១ពាន់នាក់ដោយប្រើប្រាស់បណ្ណ ប.ស.ស។
លោកបានបញ្ជាក់ថា ៖ «ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ អ្នកប្រើបណ្ណ ប.ស.ស មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ កាន់តែកើនឡើង ដោយជាមធ្យមក្នុង ១ ខែ មានប្រហែលជា៣ម៉ឺននាក់»។
ដូចនេះ ទើបមន្ត្រីផ្នែក ប.ស.ស ត្រូវប្រចាំការឆ្លាស់វេនគ្នា ២៤ ម៉ោងលើ ២៤ ម៉ោង ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះ ដើម្បីរង់ចាំសម្រួលដល់អ្នកមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដែលមានបណ្ណ ប.ស.ស។ នេះបើតាមលោក ម៉ៅ សុភក្តី។
ជាមួយគ្នានេះ លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែកប.ស.ស នៃមន្ទីរពេទ្យព្រះអង្គឌួងក៏បានលើកឡើងដែរថា គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជំងឺជិត១,២លាននាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកស្រីចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើបណ្ណ ប.ស.ស ឬបណ្ណសមធម៌ឬក៏អ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យនិងព្យាបាលជំងឺក្តី គឺសុទ្ធតែជាអ្នកជំងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ ដូចនេះ សម្រាប់អ្នកជំងឺដែលប្រើបណ្ណ ប.ស.ស ក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដូចគ្នាដែរ។
លោកស្រីបញ្ជាក់ថា ៖ «គ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីផ្នែក ប.ស.ស ដែលប្រចាំការក្នុងមន្ទីរពេទ្យនេះ សហការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឱ្យមានភាពងាយស្រួល និងរហ័សសម្រាប់អ្នកជំងឺមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺ»។
ទន្ទឹមនឹងនេះ លោកស្រី ឃួន វ៉ាន់ឌី ក៏បានលើកទឹកចិត្តដល់អ្នកមានបណ្ណប.ស.ស ទាំងអស់មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់គ្រប់ផ្នែកទាំងអស់ រួមមាន ផ្នែកច្រមុះ បំពង់ក ផ្នែកភ្នែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកមាត់ធ្មេញនិងផ្នែកជំងឺទូទៅជាដើម។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែលបានមកទទួលសេវាពិនិត្យនិងព្យាបាលចំនួន៤ដងមកហើយនៅមន្ទីរពេទ្យព្រះអង្គឌួងនេះ អ្នកស្រី ជា ស៊ីវន បានប្រាប់ថា ការប្រើប្រាស់បណ្ណ ប.ស.ស នេះ ទទួលអត្ថប្រយោជន៍ និងចំណេញថវិកាច្រើន។
អ្នកស្រីបន្តថា មុនពេលចូលជាសមាជិក ប.ស.ស នេះ អ្នកស្រីត្រូវចំណាយជាច្រើនក្នុងការព្យាបាលភ្នែករបស់គាត់ ប៉ុន្តែក្រោយពេលចូលជាសមាជិកប.ស.សដោយបានបង់ភាគទានប្រចាំខែ ១៥ ៦០០ រៀល ក្នុង ១ ខែ សម្រាប់បុគ្គលស្វ័យនិយោជន៍បានរយៈពេល ៤ ខែ មកហើយនេះ អ្នកស្រីនៅតែបន្តមកពិនិត្យ និងព្យាបាលជំងឺ ដោយមិនមានចំណាយលុយអ្វីទាំងអស់ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដូចគ្នានឹងពេលអ្នកស្រីចំណាយលុយដែរ។
យោងតាមក្រសួងការងារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨៕