​ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ទៅដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​សារព័ត៌​​មាន​បញ្ឈប់​ចែកចាយ​រូបភាព វីដេអូ​អំពើហិង្សា ឬ​ឃាតកម្ម តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តិកតុក ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត ដើម្បី​កុំឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​គ្រួសារ​អ្នករងគ្រោះ​។

​ការលើកឡើង​បែបនេះ​បន្ទាប់ពី​មាន​ករណី​ចាក់ផ្សាយ និង​ចែកចាយ​បន្ត​ជា​ហូរហែ​នូវ​រាល់​រូបភាព វីដេអូ នៃ​អំពើ​ឃាតកម្ម​ឃោរ​ឃៅ ឃាតកម្ម​នៅលើ​ទំព័រ​អ៊ីន​​ធឺ​ណិ​ត និង​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​នានា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដែល​រូបភាព​ទាំងនេះ​អាចធ្វើឱ្យ​ប៉ះពាល់​ទៅដល់​អ្នកអាន និង​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ​ផងដែរ​។

​លោក នេត្រ ភក្ត្រា បាន​សរ​​សេ​រលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​ ៧ ខែតុលា ដោយបាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​ទាំងអស់​បញ្ឈ​ប់​រាល់​សកម្មភាព​ចែករំលែក​រាល់​រូបភាព ឬ​វីដេអូ​ហិង្សា ឃាត​កម្ម​នានា នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ជនរងគ្រោះ និង​បង្ហាញ​អំពី​អំពើ​ឃោរឃៅ​នៅ​បណ្តាញ​សង្គម​។

​លោក​រដ្ឋមន្ត្រីបានឱ្យដឹង​ទៀតថា​៖ «​សូម​បងប្អូន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​គ្រប់​ប្រភេទ កុំ​បន្ត​ចែករំលែក និង​ផ្សព្វផ្សាយ​រូបភាព​ទាំងនោះ ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​កំពុងតែ​រង​ភាពឈឺចាប់ និង​ការ​បាត់បង់​សមាជិកគ្រួសារ​របស់ខ្លួន និង​ក៏បាន​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​សតិអារម្មណ៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀតផង​ដែរ​»​។

​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចំពោះ​ការចែក​ចាយផ្សាយ​រាល់​រូបភាព​របស់​ជនរងគ្រោះ​បែបនេះ​គឺ​ផ្ទុយ​ពី​វិជ្ជាជីវៈ​សារ​ព័ត៌មាន ដែល​ទាមទារ​ឱ្យ​រាល់​អ្នកកាសែត​ទាំងអស់​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​ទាំងនេះ​ដើម្បី​ផ្តល់​សេចក្តីថ្លៃថ្នូរ និង​គោរព​ទៅដល់​ក្រុមគ្រួសារ និង​ជនរងគ្រោះ​។

​លោក​បញ្ជាក់ថា​៖ «​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន សូម​គោរព​គោលការណ៍​នៃ​ក្រម​សីល​ធម៌​ដែល​ចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺ​ហាម​បោះ​ពុម្ព​ផ្សាយ​អត្ថបទ ឬ​រូបភាព​អាសអាភាស និង​រូបភាព​នៃ​អំពើហិង្សា​»​។

«​ដើម្បី​គោរព​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ និង​ជនរងគ្រោះ បងប្អូន​អាច​ចែករំលែក​រូបភាព​ដែល​មិន​ប៉ះពាល់​ដល់​សេចក្តី​​ថ្លៃថ្នូរ និង​ឯកជន​ភាព​របស់​ជន​រងគ្រោះ ឬ​ធ្វើឱ្យ​រូបភាព​នោះប្ល៊ើ (​រូប​មិន​ច្បាស់​) មុននឹង​ផ្សព្វ​​ផ្សាយ និង​ចែករំលែក​។ ធ្វើ​ដូច្នេះ គឺ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង និង​គោរព​ដល់​ជនរងគ្រោះ​ផង​!» ។ នេះ​បើ​យោងតាម​សារ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

​លោក ណុប វី នាយក​ប្រតិ​ប​ត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេ​ម​បូ​ចា​) បាន​ថ្លែង​នៅ​ថ្ងៃទី​៨ ខែតុលា ថា ការ​ចែកចាយ​រូបភាព វីដេអូ​អំពើហិង្សា និង​ឃាតកម្ម ដែល​ធ្វើឱ្យ​អ្នកអាន អ្នកទស្សនា​ភ័យរន្ធត់ ត្រូវបាន​ចាត់បញ្ចូល​ទៅក្នុង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​លោក​បន្តថា​៖ «​ទាំងនេះ​អ្នក​​សារព័ត៌មាន​របស់​យើង​គួរតែ​អនុវត្ត និង​គោរព​ឱ្យបាន​ម៉ឺង​​ម៉ាត់​។ មួយវិញទៀត​បច្ចុប្បន្ន​ជា​សម័យ​ឌីជីថល​ដែល​គ្រប់​អ្នកសារព័ត៌មាន​អាច​ផ្សព្វ​​ផ្សាយ​តាម​អ៊ីន​ធឺ​ណិ​ត​បាន​។ យើង​មើលឃើញថា គោល​​ការណ៍​របស់​អ៊ីន​ធឺ​ណិ​ត​ក៏​មិន​អនុញ្ញាតឱ្យ​បង្ហោះ​រូបភាព វីដេអូ មាន​លក្ខណៈ​ហិង្សា ជា​​ពិសេស​ឃាតកម្ម បើ​មិន​ដូច្នេះ​ទេ​អុ​ី​ន​ធឺ​ណិ​ត​នឹងធ្វើ​ការដកចេញ​មាតិកា​នោះ​» ។

​លោក ណុប វី ថ្លែងថា អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​មិនទាន់បាន​អនុវត្ត និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​លើ​ការ​​ផ្សព្វផ្សាយ​របស់ខ្លួន​ពីស​កម្ម​​ភាព​មាន​រូប​ភាពជា​អំពើ​ឃោរ​​ឃៅ​ទាំងអស់នេះ​ទេ​។

​យោងតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មាត្រា ​១៤ ចែងថា សារព័ត៌មាន​មិនត្រូវ​ផ្សព្វផ្សាយ​អ្វីដែល​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គម ដែលមាន​ដូច​​ជា ពាក្យ​អសុរោះ ពាក្យ​ដែល​ពិពណ៌នា​ចំៗ ពី​សកម្មភាព​រួមរក្ស រូបគំនូរ ឬ​រូបថត​ដែល​បង្ហាញ​នូវ​កេរ្តិ៍​ភេទ​ឬ​អាក្រាតកាយ លើកលែងតែ​សម្រាប់​ទិសដៅ​អប់រំ​ប៉ុណ្ណោះ​។

​មាត្រា​ ១៥ ចែងថា លើក​លែង​តែមាន​ការអនុញ្ញាត​ពី​តុលាការ សារព័ត៌មាន​មិនអាច​ផ្សាយដំណឹង រូបថត ឬ​គំនូរ ដែល​អាចឱ្យ​អ្នកអាន​ស្គាល់ឈ្មោះ និង​ភិនភាគ​នៃ​ភាគី​ក្នុង​រឿង​រដ្ឋប្បវេណី ទាក់ទង​នឹង​បិ​តុ​ភាព អាពាហ៍ពិពាហ៍ រឿង​លែងលះ​ប្ដី​-​ប្រពន្ធ រូបភាព​យុវជន​អាយុ​តិចជាង​ ១៨ ​ឆ្នាំ​ក្នុង​រឿង​វិវាទ​រដ្ឋប្បវេណី ឬ​ព្រហ្មទណ្ឌ និង​រូបភាព​ស្ត្រី​រងគ្រោះ​ពី​អំពើ​រំលោភ​សេពសន្ថវៈ​៕