ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យដឹងថា ក្នុងរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ទី ៧ ខែតុលា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧៤ ២៩១ នាក់។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី ៨ ខែតុលា ឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្នសម្រាប់ថ្ងៃទី ៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ នៅទូទាំងប្រទេស ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មាន ១៤ ០១៦ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មាន ៦ ២៩៦ នាក់ អ្នកបានស្នើសុំកែតម្រូវទិន្នន័យមាន ១ ៣១៥ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មាន ២ ៨១៨ នាក់។
ការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ តាមឃុំ សង្កាត់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងអំឡុងពេលនេះប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ App NEC KH។
ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។
គ.ជ.ប បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងនៅថ្ងៃទី ៨ ខែតុលាថា ដំណើរការនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅនៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ទោះជាជួបប្រឈមបញ្ហាទឹកជំនន់ដោយកន្លែងក៏ដោយ។
លោកបញ្ជាក់ថា៖«តាមលទ្ធផលដែលខាង គ.ជ.ប ទទួលបានពីបណ្តារាជធានី-ខេត្ត គឺតួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង ១ ម៉ឺននាក់ក្នុង ១ ថ្ងៃ ខណៈតាមការប៉ាន់ស្មាននៃការចុះឈ្មោះថ្មីមានជាង ២៨ ម៉ឺននាក់ សម្រាប់ការចុះឈ្មោះថ្មី ឆ្នាំ ២០២៣ នេះ។ យើងរំពឹងថា តាមរយៈទិនុ្នន័យដែល គ.ជ.ប ទទួលបាននេះ ការចុះឈ្មោះអ្នកបោះឆ្នោត នឹងអាចសម្រេចទៅតាមផែនការ»។
លោកសម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិកបានថ្លែងនៅថ្ងៃទី ៨ ខែតុលាថា ដំណើរការនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល ៧ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូន និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើងទេ។ ប៉ុន្តែលោកកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ របស់គ.ជ.ប នៅមានកម្រិត និងមិនបានជ្រួតជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋនោះទេ។
លោកស្នើដល់ គ.ជ.ប បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ នេះ ដើម្បី ឱ្យពលរដ្ឋចូលរួម ឱ្យកាន់តែមានប្រសិទ្ធភាពលើដំណើរការនេះ។
បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ មានរយៈពេល ១៩ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០ នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួន។ ក្នុងនោះ កបឃសត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ១ លើកដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕