ភ្នំពេញៈ អង្គការសេរីភាពកម្ពុជា-អូស្ត្រាលី និងអង្គការដែនដីមនុស្សហូឡង់ដ៍ប្រចាំកម្ពុជាធ្វើយុទ្ធនាការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារ ជាពិសេសសម្រាប់កុមារី និងយុវតីរយៈពេល ១ ខែ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គម និងជំរុញការចូលរួមពីតួអង្គកុមារផ្ទាល់ ដើម្បីបញ្ឈប់ការរំលោភបំពាននៅលើប្រព័ន្ធអ៊ីនធឺណិត លើកុមារ ខណៈគេរកឃើញថា ក្មេងស្រី ១ នាក់ ក្នុងចំណោម ១០ នាក់រងហានិភ័យពីការបំពានលើប្រព័ន្ធអនឡាញ។
យោងតាមសេចក្តីប្រកាសព័ត៌មានអង្គការដែនដីមនុស្សហូឡង់ដ៍ប្រចាំកម្ពុជា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានឱ្យដឹងថា យុទ្ធនាការនេះធ្វើនៅតាមសាលារៀនរយៈពេល ១ ខែ ចាប់ផ្តើមពីថ្ងៃទី ៧ ខែតុលា តាមរយៈគម្រោង «សុវត្ថិភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ហៅកាត់ថា «ស្ក្រូល SCROL» ដែលគាំទ្រថវិកាដោយក្រុមហ៊ុនឆ្នោតហូឡង់ (Dutch Postcode Lottery NPL)។
នៅថ្ងៃដំបូងនៃយុទ្ធនាការនេះបានប្រារព្ធឡើងនៅវិទ្យាល័យចំរើនផលដែលរៀបចំឡើងដោយយុវតីនាវិទ្យាល័យនេះផ្ទាល់ដែលបានជជែកក្នុងប្រធានបទ «តើប្រើប្រាស់បណ្តាញសង្គម ជាមូលហេតុនាំឱ្យមានការរំលោភបំពានកុមារ ឬយ៉ាងណា? ដោយមានអ្នកចូលរួមប្រមាណ ៣៥០ នាក់ និងវត្តមាននាយកសាលា លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងមន្ត្រីជំនាញជាច្រើនទៀត។
លោកស្រី Zoe De Melo ប្រធានគម្រោងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៃអង្គការដែនដីមនុស្សហូឡង់ដ៏ប្រចាំកម្ពុជាថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «យើងជំរុញឱ្យមាន ការចូលរួមយ៉ាងសកម្មពីកុមារដើម្បីបង្កើតឱ្យមានទម្លាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញ ជាពិសេសការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព»។
លោកស្រីបន្តថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះឡើងនៅតាមសាលារៀន ដើម្បីឱ្យកុមារជាច្រើនបានយល់ដឹងពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។
លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា បានប្រាប់ឱ្យដឹងថា យុទ្ធនាការនេះ ជារឿងល្អ ខណៈសង្គមកម្ពុជាកំពុងបើកទូលាយឱ្យមានការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសប្រព័ន្ធទំនាក់ទំនងសង្គមនានា។
លោកបន្តថា មានជនឆ្លៀតឱកាស និងជនខិលខូចមួយចំនួនកំពុងប្រើប្រាស់ដើម្បីរំលោភបំពានសិទ្ធិអ្នកដទៃ ក៏ដូចជារំលោភបំពានលើកុមារ ជាពិសេសក្រុមសិស្សានុសិស្ស ដែលក្រុមឧក្រិដ្ឋជនយកជាមុខសញ្ញាដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ ឬយកទៅបង្កើតលាភសក្ការៈនានាក្នុងផ្លូវទុច្ចរិត។
លោក សេក សុជាតិ ថា៖ «យុទ្ធនាការនេះ ជាយុទ្ធនាការល្អ ដែលខ្ញុំគាំទ្រ ហើយសុំឱ្យមានការធ្វើជាប់ជាប្រចាំ និងបានទូលំទូលាយ ដើម្បីផ្តល់ការយល់ដឹងដល់យុវជន ជាពិសេសរង្វង់កុមារ យុវតីនានា បានជ្រាបពីបញ្ហាប្រឈម និងអាចចេះការពារខ្លួន ដើម្បីបញ្ចៀសបញ្ហានៅថ្ងៃអនាគត»។
លោកថ្លែងថា រដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធគួរបន្ថែមការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពតាមប្រព័ន្ធអនឡាញរបស់កុមារ ជាពិសេសកុមារី និងយុវតី ដែលជាទំពាំងស្នងឫស្សីដែលជារឿងចាំបាច់សម្រាប់អនាគតប្រទេសជាតិ ឱ្យពួកគេយល់ដឹង ចេះការពារខ្លួន ចេះពិចារណាវែងឆ្ងាយ ចេះដោះស្រាយបញ្ហាដែលជួបប្រទះ។
«ស្ក្រូល» ជាគម្រោងមានរយៈពេល ៣ ឆ្នាំ បានបង្កើត និងអនុវត្តដោយ អង្គការដែនដីមនុស្សហូឡង់ដ៍ប្រចាំនៅកម្ពុជា ដោយមានការសហការ ជាមួយអង្គការដៃគូដូចជាអង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គការសេរីភាពកម្ពុជា-អូស្ត្រាលី (AusCam Freedom Project)៕