ភ្នំពេញៈវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន បានរៀបចំកម្មវិធីសិក្ខាសាលាតម្រង់ទិស ជំនាញសិក្សាជូនដល់សិស្សានុសិស្ស ដែលមកពីវិទ្យាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យមានគោលដៅច្បាស់លាស់ និងជ្រើសរើសជំនាញបានត្រឹមត្រូវក្រោយពួកគេបានបញ្ចប់ថ្នាក់ទី១២។
កម្មវិធីសិក្ខាសាលាតម្រង់ទិសជំនាញសិក្សានេះបានធ្វើឡើងកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ក្រោមវត្តមានលោកប្រាងហង្ស សេរីរិទ្ធ នាយកស្តីទីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនមន្រ្តីពាក់ព័ន្ធលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណ ៥០០នាក់។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសាធារណការ។
លោក ប្រាងហង្សសេរីរិទ្ធបានលើកឡើងថាកម្មវិធីនេះមានគោលបំណងដើម្បជួយតម្រង់ទិសសិស្សានុសិស្ស នៅកម្រិតមធ្យមសិក្សាថ្នាក់ទី១២ ឱ្យមានគោលដៅច្បាស់លាស់ក្នុងការចាប់យកជំនាញស្របតាមទីផ្សារនិងបំណងប្រាថ្នាពិតប្រាកដរបស់ពួកគេ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្រោយពីបញ្ចប់ថ្នាក់មធ្យមសិក្សា។
លោកបានបន្តថា៖«សិក្ខាសាលានេះ មិនត្រឹមតែជួយឱ្យសិស្សអាចដឹងពីចិត្តគំនិតនិងមានការសម្រេចចិត្តបានត្រឹមត្រូវលើការជ្រើសរើសមុខជំនាញបានត្រឹមត្រូវប៉ុណ្ណោះទេ តែវាក៏បានជំរុញ និងជួយលើកកម្ពស់គុណភាពអប់រំ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពបណ្ដុះបណ្ដាលនៅវិទ្យាស្ថាននេះ ព្រមទាំងធ្វើឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយកម្រិតជាតិនិងអន្ដរជាតិផងដែរ»។
លោកគង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងនៅថ្ងៃទី៨តុលាថាការរៀបចំឱ្យមានសិក្ខាសាលាតម្រង់ទិសជំនាញសិក្សានៅតាមគ្រឹះសា្ថនអប់រំ ទាំងសាធារណៈនិងឯកជននានាគឺជារឿងចាំបាច់ ព្រោះអាចធ្វើឱ្យសិស្សយល់ដឹងបន្ថែម និងអាចជ្រើសរើសជំនាញដែលត្រឹមត្រូវសម្រាប់ខ្លួនឯង។
លោកថា៖«បើយើងមើលជារួមនៅកម្ពុជា វិស័យដែលកំពុងតែរីកចម្រើន មានវិស័យសំណង់វិស័យឡូជីស្ទិកវិស័យសាធារណការ និងដឹកជញ្ជូន។ដូច្នេះការរៀបចំវគ្គតម្រង់ទិសនេះ គឺជារឿងសមស្របទៅនឹងទីផ្សារហើយស្របពេលដែលកម្ពុជាកំពុងតែមានតម្រូវការធនធានមនុស្សលើជំនាញទាំងនេះបន្ថែមដើម្បីឆ្លយតបនឹងការវិវឌ្ឍនាពេលបច្ចុប្បន្ននិងអនាគត»។
យ៉ាងណាក្តី លោកក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំនៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជននានា គួរតែពង្រីកការរៀបចំសិក្ខាសាលាបែបនេះឱ្យបានច្រើននិងទូលាយបន្ថែមទៀត ខណៈលោកក៏បានជំរុញឱ្សសិស្សានុសិស្សផ្ទាល់ គួរតែព្យាយាមស្វែងយល់ពីតម្រូវការជំនាញឱ្យស្របតាមទីផ្សារការងារ ដើម្បីចាប់បានឱកាសការងារល្អនិងទទួលបានប្រាក់ខែខ្ពស់។
សូមបញ្ជាក់ដែរថាវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលកំពុងបណ្តុះបណ្តាលនិស្សិតលើជំនាញចំនួន៦ហើយបច្ចុប្បន្នវិទ្យាស្ថាននេះបានបណ្តុះបណ្តាល សិស្សនិស្សិតចំនួន៣ជំនាន់មកហើយ។
ជំនាញទាំង៦ រួមមាន៖ សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿនស្ពានផ្លូវដែក និងសំណង់កំពង់ផែ, ប្រព័ន្ធចម្រោះទឹកកខ្វក់, សេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, គ្រប់គ្រងភ័ស្តុភារកម្មនិងខ្សែចង្វាក់ផ្គត់ផ្គង់, បើកបរនាវា និងជំនាញម៉ាស៊ីននាវា៕