ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខតាមរយៈទូរស័ព្ទជាមួយក្រុមគ្រួសារសពលោក ចាន់ ឧត្តម អាយុ ២៤ ឆ្នាំ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហាររវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី បានទូរស័ព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដើម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រឡាញ់។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «នេះជាការបាត់បង់ធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាននិងកំពុងបំពេញបេសកកម្មសិក្សាបង្កើនសមត្ថភាពដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យើង»។
លោកនាយករដ្ឋមន្ត្រីបានសម្តែងសេចក្តីសោកស្តាយចំពោះការបាត់បង់យុវជនចាន់ ឧត្តម ដែលជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានចាត់តាំងលោក មែ ស៊ីថន តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខក្រុមគ្រួសារសពដោយផ្ទាល់ ព្រមទាំងនាំយកសារលិខិតសម្តែងមរណទុក្ខ និងសាររំលែកទុក្ខរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនក្រុមគ្រួសារសពផងដែរ។
ជាមួយគ្នានេះដែរ ស្ថាប័នកំពូលៗដូចជា គណបក្សប្រជាជនកម្ពុជា រដ្ឋសភានិងស្ថាប័នផ្សេងៗទៀត ក៏បានចេញសេចក្តីថ្លែងការណ៍ និងសាររំលែកទុក្ខដល់គ្រួសារសពយុវសិស្សរូបនេះផងដែរ ដោយបានចាត់ទុកមរណភាពរបស់លោក ចាន់ ឧត្តម ជាការបាត់បង់ធនធានមនុស្សសំខាន់ និងគួរឱ្យសោកស្តាយជាទីបំផុតសម្រាប់ជាតិ។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ដែលជាឪពុកម្តាយរបស់លោក ចាន់ ឧត្តម កាលពីថ្ងៃទី ៨ ខែតុលា។ លោកសរសេរថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្ដីរំជួលចិត្តឥតឧបមា និងការសោកស្ដាយជាពន់ពេកដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូនបង្កើតរបស់លោកលោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួលមរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល»។
ទាក់ទងទៅនឹងបញ្ហាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅថ្ងៃទី ៩ ខែតុលាថា៖ «ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាកថ្ងៃក្រោយកុំចាំបាច់សុំទៅរៀនឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រអែលតទៅទៀត»។
លោកបានលើកឡើងថា ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតកម្ពុជាចេញ នៅពេលនោះកម្ពុជា មិនខ្លាចនឹងការចំណាយប្រាក់កាក់ជួលយន្តហោះពិសេសទៅដឹកនិស្សិតខ្មែរជាង ៤០០ នាក់ ចាកចេញពីអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកមិនជឿថា អ៊ីស្រាអែលគាត់នឹងមានសំណូមពរបែបនេះចំពោះកម្ពុជានោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ្វីដែលយើងចង់បាន សូមឱ្យភាគីទាំងអស់ អត់ធ្មត់ស្វែងរកផ្លូវដោះស្រាយតាមរយៈនៃការសន្ទនាហើយខ្ញុំក៏សូមអំពាវនាវចំពោះក្រុមហាម៉ាស់ សូមឱ្យដោះលែងចំណាប់ខ្មាំងដែលបានចាប់ ក្នុងហ្នឹងក៏មានពលរដ្ឋថៃ ចំនួនជាង ១០ នាក់ផងដែរ វាមិនមានផលប្រយោជន៍សម្រាប់ពួកអ្នកទេ ប្រសិនបើអ្នកចាប់ជំរិត ចាប់ជាចំណាប់ខ្លាំងយកទៅសម្លាប់ ឬធ្វើបាប»។
ជាមួយគ្នានេះរដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍សរសេរថា រដ្ឋសភា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមសម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវឌ្ឍនៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៊ីស្រាអែលនេះ ជាពិសេស សុវត្ថិភាពប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅទីនោះប្រមាណ ៤៥០ នាក់។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងប្រទេសអ៊ីស្រាអែលសូមស្តាប់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសកម្ពុជាដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន»។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វាជារឿងដែលគួរឱ្យព្រួយបារម្ភ ខណៈស្ថានភាពនៅតំបន់ហ្គាហ្សាកំពុងក្តៅគគុកតែទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះជាពិសេសលើក្រុមគ្រួសារសព។
លោកថា៖ «យើងក៏មានដែរនូវការព្រួយបារម្ភចំពោះសុវត្ថិភាពបងប្អូនខ្មែរយើង ដែលកំពុងស្នាក់នៅអ៊ីស្រាអែល ហើយមាននិស្សិតប្រមាណជាង ៤៥០ នាក់។ យើងសូមសំណូមពរអាជ្ញាធរមានសមត្ថកិច្ចរាជរដ្ឋាភិបាលគួរបានជម្លៀសពួកគាត់ទៅទីតាំងសុវត្ថិភាពដែលនៅកៀកបំផុត»។
លោក យង់ ពៅ ក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាជម្លៀសពលរដ្ឋខ្មែរ ជាពិសេសក្រុមនិស្សិតចាកចេញពីអ៊ីស្រាអែលបណ្តោះអាសន្ន ដែលអាចជម្លៀសទៅកាន់ស្ថានតំណាងទូតកម្ពុជា ដែលនៅជិតបំផុតដូចជាស្ថានទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដើម្បីផ្តល់សុវត្ថិភាពនិងភាពកក់ក្តៅបណ្តោះអាសន្នទម្រាំស្ថានភាពធូរស្រាលឡើងវិញ។
សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពយុវជន ចាន់ ឧត្តម ផងដែរ ហើយកោតសរសើរចំពោះថ្នាក់ដឹកនាំកម្ពុជាដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារសព ដែលលោកថា នេះគឺជាទង្វើគួរឱ្យគោរពចំពោះការបាត់បង់អាយុជីវិតពលរដ្ឋខ្មែរនៅលើទឹកដីបរទេស។
លោកថា៖ «ក្នុងបញ្ហានេះ រដ្ឋាភិបាលអ៊ីស្រាអែលក៏មានបន្ទុកទទួលខុសត្រូវ លើហេតុការណ៍បាត់បង់ជីវិតពលរដ្ឋខ្មែរយើងក្នុងសោកនាដកម្មនេះផងដែរ ប៉ុន្តែកម្រិតទទួលខុសត្រូវប៉ុនណាយើងមិនដឹងទេ។ យ៉ាងហោចណាស់ គេសម្តែងការសោកស្តាយចំពោះហេតុការណ៍នេះ»៕