​ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែ​នាំឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ និង​មន្ទីរ អង្គភាព​ជំនាញ​ទាំងអស់ ធ្វើការ​ត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ដោយ​ត្រូវ​សហ​​ការ​ជាមួយនឹង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឱ្យទាន់​ពេលវេលា​។​

​លោក ​ឃួ​ង ស្រេង ​បានចេញ​សេចក្តីណែនាំ​បែបនេះ​នៅ​ថ្ងៃទី ​៩ ខែតុលា ដើម្បី​ចូលរួម​បង្ការ និង​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​មាន​ហា​និ​ភ័យ​ខ្ពស់​ដោយ​គ្រោះទឹកជំនន់​នៃ​ទន្លេ ស្ទឹង និង​ទឹកជំនន់​ដោយ​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួន​។ លោក​បាន​ណែ​នាំឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ជាពិសេស​រដ្ឋបាល​ខណ្ឌដង្កោ ខណ្ឌ​កំបូល ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ច្បារអំពៅ ត្រូវ​កំណត់​ទីទួល​សុវត្ថិភាព ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ រៀបចំ​បង្គន់​អនាម័យ ទឹកស្អាត និង​អគ្គិសនី ដោយ​ធ្វើ​ការសហការ​ជាមួយ​មន្ទីរ​​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​សម្រាប់​ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។​

​ជាមួយគ្នា​នោះដែរ​លោក​អភិ​បាល​រាជធានី ក៏បាន​ណែនាំ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ពិសេស ត្រូវ​ត្រៀមកម្លាំង​មធ្យោបាយ​ដឹក​ជញ្ជូន រថយន្ត ទូក កាណូត អូប័រ និង​សម្ភារ​ផ្សេងៗ ដើម្បី​ជួយ​អន្ត​រាគ​មន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។

​លោក ឃួ​ង ស្រេង បញ្ជាក់ថា​៖ «​មន្ទីរ​​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ត្រៀម​រៀបចំ​ផែនការ​ការពារ​សុខ​ភាព និង​រថយន្ត​គិលានសង្គ្រោះ ឧបករណ៍​សម្ភារ​សុខាភិបាល និង​ថ្នាំសង្កូវ​ផ្សេងៗ ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ផ្សេងៗ​ជូន​ប្រ​ជា​ពលរដ្ឋ​នៅតាម​ទីទួល​សុវត្ថិ​ភាព​ផងដែរ​»​។

ចំណែក​មន្ទីរអប់រំ យុវជន និង​កីឡា និង​មន្ទីរ​ធម្មការ និង​សាសនា ត្រូវ​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា និង​វត្ត​អារាម ដែល​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ដោយឡែក​មន្ទីរអប់រំ ក៏​ត្រូវសុំ​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​​អប់រំ ដើម្បី​ត្រៀម​ផ្អាក​ដំណើរការ គ្រឹះស្ថានសិក្សា​ផងដែរ​សម្រាប់​គ្រឹះស្ថានសិក្សា​ដែល​ត្រូវ​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​លោក​បន្ថែមថា ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ និង​ដង​ស្ទឹង​ព្រែក​ត្នោត ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ តាមដាន​ព័​ត៌​មាន​ជាប្រចាំ​អំពី​កម្ពស់​ទឹក និង​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន ដូចជា​ទ្រព្យសម្បត្តិ សម្ភារ​ចាំបាច់ និង​សត្វពាហនៈ​ឱ្យបាន​រៀបរយ ដើម្បី​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក សុទ្ធ គឹម​កុល​មុន្នី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែតុលា​ថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​ប៉ះពាល់​ចំនួន​ ១១ ​ខេត្ត ស្មើនឹង ​៥៩ ​ក្រុង ស្រុក​ដែលមាន​ ២៣០ ​ឃុំ សង្កាត់ និង​បង្ក​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ៣៦ ៨៦៥ ​គ្រួសារ និង​មានការ​ជម្លៀស​ប្រជា​​ជន​ចំនួន ១ ៩៣២ ​គ្រួសារ​។​

​ទឹកជំនន់​ក៏បង្ក​ឱ្យ​ប៉ះពាល់​ផ្ទះ​ចំនួន ២៥ ២៨៧ ខ្នង​,​ សាលារៀន​១៤០​ ខ្នង ផ្លូវ​ចំនួន ៤១៩ ៥៤២​ ម៉ែត្រ​, ស្រូវ​ប៉ះពាល់​ចំនួន ​៣០​ ម៉ឺន​ហិកតា និង​ខូចខាត​ស្រូវ​ប្រ​មាណ​ជា ៣ ៣៤២​ ហិកតា​។​ លោក សុទ្ធ គឹម​កុល​មុន្នី បន្តថា​៖ «​ខេត្ត​ដែល​នៅ​បន្ត​រង​ប៉ះពាល់​មាន​ខេត្តសៀមរាប ពោធិ៍សាត់ ព្រះវិហារ ក្រចេះ កំពង់ចាម កំពង់ធំ បាត់ដំបង កណ្តាល ត្បូងឃ្មុំ ប៉ៃ​លិ​ន និង​ខេត្តបន្ទាយមានជ័យ​»​។​

​លោក សុទ្ធ គឹម​កុល​មុន្នី បានឱ្យដឹងថា ប្រសិនបើ​ស្ថានភាព​ទឹកភ្លៀង​មិនមាន​ការ​បង្អុរ​ចុះមក​ខ្លាំង​ទៀត​ទេនោះ ស្ថានភាព​ទឹក​​ជំនន់​ដោយសារ​ទឹកភ្លៀង​នេះ នឹង​បន្ត​ស្រក​ចុះ​។​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យដឹង​នៅ​ថ្ងៃទី ​៩ ខែតុលា​ថា កម្ពុជា​នៅ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​លើ​ប៉ែក​ខាងក្រោម​នៃ​អាង​មេគង្គ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ដែល​ស្ថានភាព​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១១ ​តុលា នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៥០-៦០%៕