ស្វាយរៀងៈ ថ្នាក់ដឹកនាំខេត្តស្វាយរៀងបានណែនាំដល់អភិបាលក្រុង-ស្រុក ក្នុងខេត្តឱ្យចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សីប្រភេទ H5N1 បន្ទាប់ពីបុរសអាយុ ៥០ ឆ្នាំម្នាក់ បានស្លាប់ ដោយសារជំងឺនេះ ខណៈក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបាននិងកំពុងស្រាវជ្រាវលើករណីនេះ។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី ៨ ខែតុលា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីមនុស្សស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅកម្ពុជា បន្ទាប់ពីលទ្ធផលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈលើបុរសអាយុ ៥០ ឆ្នាំ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
ក្រសួងបានលើកឡើងថា តាមការសាកសួរបង្ហាញថា មានផ្ទះអ្នកជិតខាងបុរសរូបនេះ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកជិតខាងចាប់ផ្តើមងាប់ប្រមាណជាង ៥០ ក្បាល ហើយមាន់ងាប់នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
ករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងស្រាវជ្រាវលើការកើតឡើងជំងឺផ្ដាសាយបក្សីប្រភេទនេះ និងឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ។ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖«ក្រុមការងារក្រសួងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុនេះផងដែរ»។
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី ៩ ខែតុលា បានណែនាំទៅដល់គណៈអភិបាលក្រុង-ស្រុកទាំងអស់នៅក្នុងខេត្តឱ្យចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលជំងឺនេះទៅក្នុងសហគមន៍របស់ខ្លួន។
លោកបានលើកឡើងតាមរយៈលិខិតផ្ញើជូនអភិបាលក្រុងស្រុកទាំង ៨ ដើម្បីចុះអប់រំណែនាំប្រជាពលរដ្ឋឱ្យចេះធ្វើអនាម័យលំនៅឋាន លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។
លោកបានបន្តថា ត្រូវដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ និងមិនត្រូវបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យបានឆ្អិនល្អ។
លោក ប៉េង ពោធិ៍សា បានបញ្ជាក់ថា ៖ «ត្រូវណែនាំដល់ប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ក្នុងចំនួនច្រើនឱ្យរាយកាណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយកសត្វបក្សីឈឺ ឬងាប់ ទៅធ្វើចម្អិនធ្វើម្ហូបអាហារ»។
សូមបញ្ជាក់ថា មន្ទីរសុខាភិបាលរដ្ឋបាលខេត្ត កាលពីថ្ងៃទី ៧ ខែតុលា បានយកសំណាកសពបុរសអាយុ ៥០ ឆ្នាំនោះទៅធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ H5N1 នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តស្វាយរៀង មន្ទីរជំនាញបានចាត់វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងតំបន់កើតមានជំងឺ និងណែនាំពលរដ្ឋត្រូវយកសត្វដែលងាប់ទៅកប់ចោល ព្រមទាំងបានអប់រំសុខភាពដល់គ្រួសារសព អ្នកប៉ះពាល់ អ្នកចូលរួមក្នុងពិធីបុណ្យ និងប្រជាជនក្នុងភូមិផងដែរ។
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី ៩ ខែតុលាថា លោក និងក្រុមការងារពេទ្យសត្វខេត្តកំពុងប្រមូល និងស្វែងរកសត្វមាន់ និងសត្វបក្សីផ្សេងទៀត ដែលរកឃើញថា មានផ្ទុកជំងឺដើម្បីយកទៅដុតកម្ទេចចោល។
លោកបានបញ្ជាក់ថា៖ «យើងកំពុងប្រមូលមាន់សំកុកចោល ប៉ុន្តែចំនួនប៉ុន្មានយើងមិនទាន់ដឹងទេ ព្រោះយើងកំពុងប្រមូល»។ជាមួយនេះ ក្រសួងសុខាភិបាលបានក្រើនរំឭកជាថ្មីដល់ពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាព ជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។
បើតាមក្រសួងសុខាភិបាល ករណីស្លាប់មនុស្សថ្មីនេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់ ៣៩ នាក់) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី២ ដែលបានកើតឡើងនៅឆ្នាំនេះ។
សូមរំឭកថា កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងសុខាភិបាលបានប្រកាសមានករណីស្លាប់កុមារីម្នាក់អាយុ ១១ ឆ្នាំ ៦ ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N1។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ជំងឺនេះទោះបីមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លងដូចជំងឺផ្ដាសាយតាមរដូវកាលផងដែរ៕