ភ្នំពេញៈ បន្ទាប់ពីមានការផ្សព្វផ្សាយថា មានជនមិនស្គាល់មុខបានឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីសម្រួលដល់ការកាប់ឈើខុសច្បាប់មក ក្រសួងបរិស្ថានបានបំភ្លឺជូនសាធារណជនថា ពុំមានការឈូសឆាយផ្លូវថ្មីទេ ខណៈក្រសួងកំពុងចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជុំវិញការកាប់ឈើខុសច្បាប់។
ការបញ្ជាក់របស់ក្រសួងបរិស្ថាននាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយដែលថា មានជនមិនស្គាល់មុខបានឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងបរិស្ថាន ចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
ក្រសួងនេះបានបញ្ជាក់ថា៖ «មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះសកម្មភាពឈូសឆាយផ្លូវថ្មីចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ»។
ក្រសួងបានចាត់ទុកការផ្សព្វផ្សាយនេះថា ជាការធ្វើឱ្យសាធារណជនយល់ច្រឡំថាជាករណីដែលកំពុងកើតមានថ្មីៗនៅតំបន់នោះ។ ក្រសួងបញ្ជាក់ថា «រាល់សកម្មភាពបទល្មើសកាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រងគឺត្រូវបានចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ»។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានឱ្យដឹងនៅថ្ងៃទី ៨ ខែតុលាថា បន្ទាប់ពីមានការឈូសឆាយលើកមុនម្តងមក មន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរមូលដ្ឋានដាក់កម្លាំងចុះល្បាតជាប្រចាំ ហើយពុំមានឃើញករណីឈូសឆាយផ្លូវថ្មីទេ។
លោកបានថ្លែងថា៖ «ក្នុងតំបន់ព្រៃឡង់យើងដាក់កម្លាំងល្បាតជាង ២០ នាក់ជាប្រចាំ បន្ទាប់ពីមានការឈូសឆាយផ្លូវចាស់មុន ហើយក្រោយពីពេលនោះមិនមានការឈូសឆាយថ្មីឡើយ ហើយការផ្សាយនោះគឺជាផ្លូវចាស់ដែលបានឈូសកន្លងមកទេ»។
គួរជម្រាបថា រាជរដ្ឋាភិបាលកាលពីខែកក្កដា ឆ្នាំ ២០២៣ បានចេញអនុក្រឹត្យស្តីពីការកែប្រែដែនជម្រកសត្វព្រៃព្រៃឡង់ពីផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា មកផ្ទៃដីទំហំ ៤៨៩ ៦៦៣ ហិកតា ស្ថិតក្នុងភូមិសាស្ដ្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។
អនុក្រឹត្យនេះ មានគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី រក្សាលំនឹងបរិស្ថាន ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះមហន្តរាយ និងដើម្បីលើកកម្ពស់ការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង ការពារនិងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕