ភ្នំពេញៈ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី ៧ សមាជិករដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលជាសំណើរបស់រាជរដ្ឋាភិបាល ដោយសំឡេងគាំទ្រចំនួន ១០១ សំឡេងនៃសមាជិកសភាដែលមានវត្តមាន។
សម័យប្រជុំសភានេះធ្វើឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងមានវត្តមានសមាជិក-សមាជិការដ្ឋសភាចំនួន ១០១ រូប។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរៀបចំឡើងជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ ១៩៩៦ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៃកម្ពុជាស្របតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន។
សេចក្តីប្រកាសបន្តថា ជាពិសេសឆ្លើយតបទៅនឹងតម្រូវការ និងចំណុចខ្វះចន្លោះដែលបានតម្រូវ និងរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
ប្រភពដដែលបានបញ្ជាក់ថា៖ «វិស័យអាកាសចរណ៍ស៊ីវិលបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល,ការគាំទ្រ និងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម, ការទាក់ទាញ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុងស្រុក ប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។ ក្រៅពីនេះ វិស័យអាកាសចរណ៍ស៊ីវិលបានជួយសម្រួលដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជនប្រទេស និងប្រទេស និងការផ្លាស់ប្តូរវប្បធម៌នៃពិភពលោកទៀតផង»។
បើតាមរដ្ឋសភាកម្ពុជាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន ១១ មាត្រា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានថ្លែងនៅថ្ងៃទី ៩ ខែតុលា ថា វិស័យអាកាសចរណ៍ពិតជាមានសារៈសំខាន់ និងដើរតួនាទីក្នុងការរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ ប៉ុន្តែតួនាទីរបស់អាកាសចរណ៍ស៊ីវិលគឺទាក់ទាញឱ្យមានការហោះហើរត្រង់ពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ការងាររបស់គាត់ (អាកាសចរណ៍ស៊ីវិល) គាត់មានកាតព្វកិច្ចទាក់ទាញ ការតភ្ជាប់ជើងហោះហើរត្រង់ ហើយបើពាក់ព័ន្ធនឹងទេសចរណ៍គាត់ត្រូវយល់ផែនការ និងគោលនយោបាយ ប៉ុន្តែគាត់មិនត្រូវទៅផ្សព្វផ្សាយទេសចរណ៍ទេ គឺគាត់ផ្សព្វផ្សាយអូសទាញក្រុមហ៊ុនដើម្បីបង្កើនការហោះហើរត្រង់មកកម្ពុជា និងទាក់ទាញវិនិយោគិនមកអភិវឌ្ឍការហោះហើរនៅកម្ពុជា»។
ទាក់ទងនឹងច្បាប់នេះដែរ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ៩ ខែតុលា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានអនុម័តច្បាប់ស្តីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដើម្បីឱ្យរាជរដ្ឋាភិបាលចាប់ផ្តើមដំណើរការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលទៅតាមការគ្រោងទុកដែលជាសេចក្តីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា៕