ភ្នំពេញៈ យោងរបាយការណ៍បានឱ្យដឹងថា គ្រោះរាំងស្ងួតដែលបង្កឡើងដោយអាកាសធាតុបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទន្លេមេគង្គក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាប់ចាប់ពីលំហូរទាបក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០១៩-២០២១ និងលំហូរបញ្ច្រាសដ៏កម្រដែលបានបង្រួមបឹងទន្លេសាបដ៏សំខាន់របស់ប្រទេសកម្ពុជា។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្ទៃទឹកក៏ជាកត្តារួមចំណែកមួយផងដែរដែលជះឥទ្ធិពលដល់របបលំហូរធម្មជាតិ រួមនឹងការកើនឡើងនៃលំហូររដូវប្រាំង និងការថយចុះលំហូរទឹកក្នុងរដូវទឹកជំនន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទី ៩ ខែតុលា ដែលបានដកស្រង់ការរកឃើញដំបូងនៃការសិក្សារួមគ្នាមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៥ ខែតុលា។
ការសិក្សារួមគ្នានេះដែលធ្វើឡើងដោយ MRC និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គឡានឆាងបានបង្ហាញពីការរកឃើញដំណាក់កាលដំបូងរបស់ខ្លួនស្តីពីទន្លេមេគង្គនេះនៅឯវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១៣ ដែលរៀបចំដោយ MRC កាលពីថ្ងៃទី ៥ ខែតុលា នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។
លោក AnoulakKitikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានថ្លែងថា ការសិក្សារួមគ្នានេះជានិមិត្តរូបនៃទំនាក់ទំនងកាន់តែស៊ីជម្រៅ និងការជឿទុកចិត្តរវាងភាគីទាំង ២ និងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក ដែល MRC និងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងបានវិនិយោគនៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំង ២។
លោកថ្លែងថា៖ «ជាការពិតយើងធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវរួមគ្នាមួយចំនួនកាលពីមុន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនាពេលនេះកំណត់ស្តង់ដាខ្ពស់ដែលនេះពិតជាបង្ហាញពីការប្តេជ្ញាចិត្តដ៏ល្អចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នរបស់យើងទាំង ២»។
របាយការណ៍នេះបានផ្តល់អនុសាសន៍សំខាន់ៗ ជាពិសេសអនុសាសន៍រយៈពេលខ្លីដែលជំរុញឱ្យប្រទេសជាប់ទន្លេមេគង្គសិក្សារួមគ្នាបន្ថែមទៀតអំពីផលប៉ះពាល់ផ្សេងៗនៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនៅតាមផ្នែកសំខាន់ៗនៃទន្លេមេគង្គព្រមទាំងចែករំលែកទិន្នន័យសំខាន់ៗ រួមទាំងការចែករំលែកពេលវេលាបច្ចុប្បន្ននៃកម្រិតស្តុក និងប្រតិបត្តិការវារីអគ្គិសនី។
ប្រភពដដែលបន្តថា៖ «កត្តាសំខាន់ ២ ដែលរួមចំណែកដល់ការប្រែប្រួលជលសាស្ត្រនៅក្នុងអាងទន្លេមេគង្គក្រោម ទី១ គឺកត្តាធម្មជាតិ រួមមានសណ្ឋានទឹកភ្លៀង អត្រារំហួត លក្ខណសម្បត្តិដី និងសណ្ឋានដី និងទី២ គឺសកម្មភាពមនុស្ស ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទឹក គម្របដី និងការផ្លាស់ប្តូរការប្រើប្រាស់ដី។ កត្តាទាំង ២ នេះមានទំនាក់ទំនងគ្នា និងមានឥទ្ធិពលលើបរិមាណ ពេលវេលា និងការចែកចាយទឹកទៅក្នុងអាង»។
MRC និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គឡានឆាងបានព្រមព្រៀងគ្នាលើការសិក្សារួមគ្នានេះកាលពីចុងឆ្នាំ ២០១៩ ដោយស្ថាប័នទាំង ២ នេះ បានពង្រីកបន្ថែមលើកិច្ចសហការពីមុន។ នៅក្នុងឆ្នាំ ២០១៦ និង ២០១៩ ការសិក្សារួមគ្នាបានផ្តល់ព័ត៌មានអំពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរទៅដល់សាធារណជន និងបានធ្វើការវាយតម្លៃបែបវិទ្យាសាស្ត្រអំពីឥទ្ធិពលនៃការបន្ថែមទឹកពីឡានឆាង (Lancang) ដើម្បីកាត់បន្ថយស្ថានភាពគ្រោះរាំងស្ងួតនៅទន្លេមេគង្គ។
របាយការណ៍នេះបានផ្តល់អនុសាសន៍ថា ដៃគូមេគង្គគួរបង្កើនការជូនដំណឹងអំពីការប្រែប្រួលភ្លាមៗនៅក្នុងប្រតិបត្តិការស្តុកទឹក។ របាយការណ៍នេះបន្ថែមថា៖ «ខណៈការប្រែប្រួលអាកាសធាតុសកលគ្រោះរាំងស្ងួតនិងទឹកជំនន់នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញលក្ខខណ្ឌជលសាស្ត្រនៃអាង វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាប់អាងទន្លេមេគង្គក្នុងការចែករំលែកព័ត៌មានបន្ថែមអំពីលក្ខខណ្ឌលំហូរឧតុនិយមនៃទន្លេមេគង្គ និងដៃទន្លេផងដែរ»។
របាយការណ៍បន្តថា ទិន្នន័យពេលវេលាបច្ចុប្បន្នអំពីកម្រិតស្តុកទុក និងប្រតិបត្តិការវារីអគ្គិសនីមានសារៈសំខាន់ណាស់សម្រាប់គំរូប្រតិបត្តិការ និងការគ្រប់គ្រងការសម្របខ្លួន។ ទិន្នន័យរយៈពេលវែងស្តីពីការប្រែប្រួលនៃកម្ពស់ទឹកឡើងចុះ ការប្រើប្រាស់ទឹក និងដី និងកម្រិតទឹកក្រោមដីនៃដីសណ្តទន្លេមេគង្គ គឺជួយដល់ការស្រាវជ្រាវទៅលើអាងទន្លេមេគង្គទាំងមូល។ វេទិកាចែករំលែកព័ត៌មានដែលបានស្នើឡើងក្រោមក្របខ័ណ្ឌ កិច្ចសហ ប្រតិបត្តិការមេគង្គឡានឆាងនឹងផ្តល់នូវឱកាសដែលមិនធ្លាប់មានពីមុនមក។
MRC ជំរុញឱ្យមានការស្តុកទឹកទន្លេមេគង្គបន្ថែមទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនាពេលអនាគតក៏ដូចជាសម្រាប់ប្រតិបត្តិការសម្របសម្រួលនៃការស្តុកទុកបច្ចុប្បន្ន។ របាយការណ៍នេះក៏បានដាក់បញ្ចូលការអំពាវនាវឱ្យធ្វើសកម្មភាព បន្ថែមលើការបង្កើនការចែករំលែកទិន្នន័យ ព្រមទាំងផ្តល់អនុសាសន៍រយៈពេលមធ្យមដែលរួមមានការសម្របសម្រួលនៃការគ្រប់គ្រងធនធានទឹកយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត និងទឹកជំនន់គ្រប់ជ្រុងជ្រោយការសិក្សារួមគ្នាបន្ថែមទៀត និងផែនការកសាងសមត្ថភាពសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកគ្រប់គ្រង វិស្វករ និងអ្នកវិទ្យាសាស្ត្រទឹកដោយដោះស្រាយគម្លាតចំណេះដឹងតាមរយៈការបណ្តុះបណ្តាលផ្លូវការ និងក្រៅផ្លូវការ៕