ភ្នំពេញៈ រដ្ឋាភិបាលសហព័ន្ធស្វ៊ីស បានសន្យាថា នឹងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក PEDRO ZWAHLEN អគ្គរដ្ឋទូតស្វ៊ីសប្រចាំនៅកម្ពុជា ថៃ ឡាវ នារសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការងារ។
តាមរយៈហ្វេសប៊ុកក្រសួងការងារ នៅក្នុងជំនួបនោះ លោក PEDRO ZWAHLEN បានលើកឡើងដោយលោកបានសន្យាចំពោះលោក ហេង សួរថា នឹងបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជា ពិសេសយុវជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ហេង សួរ ក៏បានថ្លែងដោយអរគុណដល់រដ្ឋាភិបាលស្វ៊ីស ដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា។
លោក ហេង សួរ ថ្លែងថា៖ «រដ្ឋាភិបាលស្វ៊ីសនៅតែបន្តគាំទ្រកម្ពុជា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតំបន់ភូមិភាគឦសានរបស់កម្ពុជា លើជំនាញការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរនិងឥដ្ឋការ៉ូ និងជួសជុលទូទៅជាដើម»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះរដ្ឋាភិបាលស្វ៊ិសដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោង ការទទួលបានការងារសមរម្យ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងថា នេះជារឿងល្អដែលក្រសួងការងារ និងភាគីស្វ៊ីស បានធ្វើការពង្រឹងលើការលើកកម្ពស់វិស័យការងារពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដល់យុវជនកម្ពុជាពិសេសគ្រូបង្គោល ដើម្បីបំពេញតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។
លោកបន្តថា៖ «ការសហការគ្នារបស់ក្រសួងការងារ និងរដ្ឋាភិបាលស្វ៊ីសលើការពង្រីកការគាំទ្រលើការបណ្តុះបណ្តាលគ្រូបង្គោល ជារឿងល្អ ព្រោះថា ការបណ្តុះបណ្តាលគ្រូបង្គោលនេះ ពួកគាត់នឹងយកចំណេះដឹងទាំងនោះ ទៅចែកចាយបន្តទៅដល់សិក្ខាកាមនៅថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំសង្កាត់ជាដើម ដែលធ្វើឱ្យការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈមានភាពទូលំទូលាយថែមទៀត»។
លោកថ្លែងថា ដើម្បីជំរុញលើវិស័យបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា បានជោគជ័យគឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ខណៈលោកក៏បានស្នើឱ្យក្រសួងពង្រីកកិច្ចសហការជាមួយមជ្ឈដ្ឋានខាងក្រៅឱ្យបានច្រើនថែមទៀត ដើម្បីទាញកំណើនសេដ្ឋកិច្ចលើវិស័យនេះ។ ក្រៅពីការបន្តការពង្រីកកិច្ចសហប្រតិបត្តិការគ្នាលើវិស័យបច្ចេកទេសហើយនោះ ភាគីកម្ពុជា និងស្វ៊ីសក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើសេចក្ដីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជា ក្រោយភាគីទាំង២បានចុះកិច្ចព្រមព្រៀងរួចមកហើយនោះ។
បន្ថែមពីនេះ កម្ពុជា-ស្វ៊ីស ក៏បានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ក្នុងដំណើរការចង្វាក់ផលិតកម្មសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា និងស្វ៊ីសថែមទៀត៕