ភ្នំពេញៈ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានឱ្យដឹងថា គណបក្សនយោបាយចំនួន ៣០ ដែលបានដាក់ពាក្យស្នើសុំចូលជាសមាជិក និងជាស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឯកភាពរួចហើយ បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើឯកសារស្នើទាំងនោះ។
លោក ឈឹម ផលវរុណ បានបញ្ជាក់នៅថ្ងៃទី ១០ ខែតុលាថា៖ «យើងបានពិនិត្យផ្ទៀងផ្ទាត់គណបក្សទាំង ៣០ ហ្នឹងហើយ ហើយក៏បានពិនិត្យដំបូងនៅលេខាធិការដ្ឋាន ក្រោយមកពិនិត្យនៅខុទ្ទកាល័យសម្តេចនាយក ហើយឥឡូវចេញឯកភាពហើយ។ អ៊ីចឹង! នៅតែតែងតាំងដោយព្រះរាជក្រឹត្យដល់បុគ្គលប៉ុណ្ណោះ។ យើងមិនធ្វើលំៗដូចគេថានោះទេ»។
ទោះជាយ៉ាងណា លោក ឈឹម ផលវរុណ មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចេញជារូបរាងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះថាតើចេញនៅពេលណានៅឡើយទេ ដោយគ្រាន់តែថា ករណីនេះអាស្រ័យលើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអ្នកកំណត់។
ជុំវិញបញ្ហានេះ លោក មាស សុភ័ណ អ្នកនាំពាក្យខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣។
ទាក់ទងនឹងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មន្ត្រីនៃគណបក្សប្រឆាំងធ្លាប់បានលើកឡើងថា ស្ថាប័ននេះបានបង្កើត១អាណត្តិមកហើយ ប៉ុន្តែមិនមានឥទ្ធិពលឬដោះស្រាយអ្វីឬក៏ផ្តល់យោបល់អ្វីមួយទៅរដ្ឋាភិបាលឱ្យមានការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទេ ។
ចំណែកអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានថ្លែងដែរថា ការបង្កើតស្ថាប័ននេះឡើងគឺគ្រាន់តែចង់បង្ហាញឱ្យមានការចូលរួមពហុមតិក្នុងសង្គមប្រជាធិបតេយ្យ និងទទួលបានធាតុចូលមួយចំនួនឱ្យរដ្ឋាភិបាលយកធ្វើជាជំនួយឬជាឯកសារជំនួយស្មារតីក្នុងការដោះស្រាយបញ្ហា តែមិនមានអំណាចទេ ។
លោកបានថ្លែងថា៖ «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គ្រាន់តែជាជំនួយស្មារតី ត្រួតពិនិត្យ និងផ្តល់យោបល់ពិគ្រោះយោបល់ប៉ុណ្ណោះ មិនមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលទេ ខណៈការដេញដោលផ្សេងៗជាអំណាចរបស់សភា »។
សូមរំឭកដែរថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យបង្កើតនិងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
សូមបញ្ជាក់ផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកាលពីដើមនីតិកាលទី៦ ក្នុងឆ្នាំ២០១៨ ។
ស្ថាប័ននេះជាយន្តការពិគ្រោះនិងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌសភាក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជននិងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល។ឧត្តមក្រុមប្រឹក្សានេះមានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាលដែរពោលគឺក្រោយពេលរាជរដ្ឋាភិបាលត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ឧត្តមក្រុមប្រឹក្សានេះក៏បញ្ចប់ដូចគ្នា៕