ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើដំណើរទៅទស្សនកិច្ចរយៈពេល ៥ ថ្ងៃ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក កាលពីសប្តាហ៍មុន ដោយដំណើរទស្សនកិច្ចនេះ មានគោលដៅជាសំខាន់ផ្ដោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើវិស័យកសិឧស្សាហកម្ម ការជំរុញកាលានុវត្តភាពនាំចេញផលិតផលកម្ពុជា ចូលទីផ្សារអឺរ៉ុប។
លោក ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃ១០ ខែតុលាថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប្រាក សាធារណរដ្ឋឆែកនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងសភាពាណិជ្ជកម្មឆែក ក្នុងក្របខ័ណ្ឌកម្មវិធីជំនួយពាណិជ្ជកម្ម នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរបស់សាធារណរដ្ឋឆែក។
លោកបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ជាមួយ ក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនរួមមាន ក្រសួងកសិកម្មសាធារណរដ្ឋឆែក,សភាពាណិជ្ជកម្មសាធារណរដ្ឋឆែក,សភាកសិកម្មសាធារណរដ្ឋឆែក,វិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មម្ហូបអាហារ ជាដើម។
លោក ម៉េង និមល និយាយថា ខាងប្រតិភូសភាពាណិជ្ជកម្ម ក៏បានជួបជាមួយសមាគមសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មសាធារណរដ្ឋឆែក,សមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សមាគមចម្ការឯកជនសាធារណរដ្ឋឆែក,ក្រុមហ៊ុននាំចូលទំនិញទីផ្សារសាធារណរដ្ឋឆែក,ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រសាធារណរដ្ឋឆែក, កសិដ្ឋានចិញ្ចឹមគោ និងផលិតឈីស (Cheese) និងបានទៅទស្សនាពិព័រណ៍ផលិតផលកសិកម្ម, ព្រមទាំងតំបន់បេតិកភណ្ឌវប្បធម៌ និងតំបន់ពាណិជ្ជកម្មសាធារណរដ្ឋឆែកផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងនៅថ្ងៃទី១០ ខែតុលា ដែរថា សាធារណរដ្ឋឆែក ជាដៃគូពាណិជ្ជកម្ម ជាមួយកម្ពុជា តាំងពីសម័យរដ្ឋកម្ពុជាដោយទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ មានលក្ខណៈធំគួរសមដែរ ដោយសារតែប្រទេសនេះ ជាសមាជិករបស់សហភាពអឺរ៉ុប។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានតួលេខមួយធំ ដែលអាចចាត់ទុកថា សាធារណរដ្ឋឆែកនេះជាដៃគូពាណិជ្ជកម្ម១សំខាន់ដែរសសម្រាប់កម្ពុជា ក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុប។
លោក សុវិជាតិ បានបញ្ជាក់ថា៖«ជាការពិតណាស់ ការដែលសភាពាណិជ្ជកម្មកម្ពុជា ទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆែកនេះ គឺជាការរឹតចំណងមិត្តភាពផ្នែកពាណិជ្ជកម្មជាថ្មី នៅក្នុងចំណោមសាធារណរដ្ឋទាំងអស់ជាសមាជិករបស់សហភាពអឺរ៉ុប និងរឹតចំណងទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធឡើងនៅក្នុងទ្វីបអឺរ៉ុបនេះ»។
លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបទាំងមូលជាពិសេសសាធារណរដ្ឋឆែក ដែលនៅតែជាទីផ្សារគោលដៅសម្រាប់កម្ពុជា ដែលអាចនឹងពង្រីកនូវលទ្ធភាពទំនាក់ទំនងនេះឱ្យកាន់តែប្រសើរថែមទៀត តាមរយៈការនាំចេញ ដែលកន្លងមកកម្ពុជានាំចេញទៅជាទំនិញវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ ជាដើម។
«ក្រៅពីផលិតផលទាំងនេះហើយយើងរំពឹងថា នឹងមានកំណើនថែមទៀតនៅក្នុងការនាំចេញរបស់យើង នៅក្នុងវិស័យកសិកម្ម សម្រាប់ទីផ្សារនេះ»។ លោក វិជាតិ បានបញ្ជាក់បន្ថែម។
លោកថ្លែងថា នៅក្នុងរយៈពេល ៩ ខែ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋឆែក សម្រេចបានក្នុងទឹកប្រាក់ជាង ៦១ លានដុល្លារ ថយចុះជាង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នៅក្នុងកម្ពុជា ការនាំចេញទៅសាធារណរដ្ឋឆែក មានទំហំទឹកប្រាក់ជាង ២,២ លានដុល្លារ កើនឡើងជាង ១៤០ ភាគរយ ខណៈដែលកម្ពុជានាំចេញទៅសាធារណរដ្ឋឆែកវិញ មានទំហំទឹកប្រាក់ប្រមាណជាង ៥៩ លានដុល្លារ ថយចុះជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕