ភ្នំពេញៈ ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ព្រំ សំណាង បានបង្ហាញ​ការតាំង​ចិត្ត​ខ្ពស់ ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​លើ​កីឡាករ​របស់​អ៊ុយ​ក្រែ​ន Viadyslav សម្រាប់​ការជួបគ្នា ជា​លើកដំបូង នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៧ ថ្ងៃទី​១១ ខែតុលា​នេះ ហើយ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ ៤​ នាក់​ទៀត រួមមាន ឈុត សេរី​វ៉ាន់​ថង​, ឃីម បូរ៉ា​, អេ​លី​ត សាន់ និង ទូច ដេវីត ក៏​ត្រូវបាន​ដាក់ឱ្យ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ឡាន​ដ៏​ថ្មី​សន្លាង ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ មិន​ធ្លាប់មាន​នេះ​ផងដែរ​។​

​សម្រាប់​ការបង្ហាញ​ខ្លួន ក្នុង​ព្រឹត្តិការណ៍ «​ប៊ូ​សស្ដ្រ​ង ជួយ​គុន​ខ្មែរ អ្នកខ្លាំង​ពូកែ​ឱ្យ​ឡាន​» ដែល​សង្វៀន​ប្រដាល់​បាយ័ន ទើប​បង្កើតឱ្យមាន​ឡើង​នេះ ព្រំ សំណាង បាន​ទទួលស្គាល់ថា រូបគេពិតជា​មានការ​ឈឺចាប់​ទៅនឹង​ការរិះគន់​របស់​អ្នកគាំទ្រ​មួយចំនួន ជុំវិញ​ការប្រកួត​ចាញ់​ម្ចាស់​ខ្សែក្រវាត់​របស់​អាមេរិក Banasak Pawell កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​នេះ​ជា​អ្វីដែល​រូបគេ ត្រូវ​ប្រឹងប្រែង​យកជ័យ​ជម្នះ​កីឡាករ Viadyslav នា​ការប្រកួត​លើក​នេះ ដើម្បី​ស្តារប្រជាប្រិយ និង​ភាពល្បីល្បាញ​ឡើងវិញ​។​

​ព្រំ សំណាង បាន​និយាយ ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា​ថា​៖ «​ដោយសារតែ​ពួកគាត់​ស្រឡាញ់ និង​ជឿជាក់​លើ​ខ្ញុំ​ពេក ទើប​ធ្វើឱ្យ​គាត់​ខកបំណង នៅពេល​ខ្ញុំ​ប្រកួត​ចាញ់ ដោយ​គាត់​បាន comment ស្តីបន្ទោស​ដល់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនបាន​ខឹង​នឹង​ពួកគាត់​ទេ​។ ផ្ទុយទៅវិញ ខ្ញុំ​មានតែ​ខំប្រឹង​ហ្វឹកហាត់ ដើម្បី​តបស្នង​ដល់​ពួកគាត់​វិញ ហើយ​ខ្ញុំ​សន្យាថា ការប្រកួត​លើក​នេះ ខ្ញុំ​នឹងធ្វើ​ឱ្យបាន​ល្អ ដើម្បី​គុន​ខ្មែរ​»​។​

​ដោយឡែក សម្រាប់​ការប្រកួត ដែល​កាន់​តែមាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​នោះ គឺ​ការប្រកួតប្រជែង​គ្នា ដណ្តើមយក​ឡាន​ដ៏​ថ្មី​សន្លាង​រវាង​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឈុត សេរី​វ៉ាន់​ថង​, ឃីម បូរ៉ា​, អេ​លី​ត សាន់ និង ទូច ដេវីត ដោយ​អ្នក​ទាំង​៤​នេះ ត្រូវ​ឆ្លង​ឱ្យ​ផុតពី​ការប្រកួត​ជាមួយ​កីឡាករ​បរទេស​សិន ទើប​មានឱកាស ក្លាយជា​បេក្ខភាព ប្រកួត​ផ្តាច់ព្រ័ត្រ​យក​ឡាន​។​

​តាម​ការប្រកាស នៅក្នុង​សន្និសីទកាសែត នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ បាន​បញ្ជាក់ថា ការប្រកួត​ដណ្តើមយក​ឡាន​នេះ គឺ​សម្រាប់តែ​កីឡាករ​កម្ពុជា ឈុត សេរី​វ៉ាន់​ថង​, ឃីម បូរ៉ា​, អេ​លី​ត សាន់ និង ទូច ដេវីត ប៉ុណ្ណោះ​ទេ ចំណែក​កីឡាករ​បរទេស ដែលជា​ដៃគូ​របស់​អ្នក​ទាំង​៤​ នេះ មិនបាន​គិត​ចូល​ឡើយ បើទោះបីជា​ពួកគេ ទទួលបាន​ជ័យជម្នះ​លើ​កីឡាករ​កម្ពុជា​ក៏ដោយ​។​

​ចំពោះ​រូបមន្ត និង​លក្ខខណ្ឌ​នៃ​ការប្រកួត​វិញ គឺ​បើសិនជា​កីឡាករ​កម្ពុជា ឈ្នះ​កីឡាករ​បរទេស​ទាំង​៤​នាក់ ឬ​ឈ្នះ​៣​នាក់ នោះ​គណៈកម្មការ នឹងធ្វើ​ការរាប់​នូវ​ចំនួន​អ្នកបោះឆ្នោត​ទៅលើ​ពួកគេ ដែល​ត្រូវបាន​ធ្វើឡើង តាមរយៈ​ផេ​ច​ហ្វេ​ស​ប៊ុ​ក «Boostrong» ចូល​១​សប្តាហ៍​ហើយ​។ មានន័យថា បើ​បេក្ខភាព​២​នាក់ ដែល​ទទួលបាន​សំឡេង​បោះឆ្នោត​ច្រើនជាងគេ នឹងត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​។​

ទន្ទឹមនឹងនេះ បើ​កីឡាករ​កម្ពុជា ឈ្នះ​កីឡាករ​បរទេស​ត្រឹម​២​នាក់ គឺ​អ្នក​ទាំង​២​នោះ ត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើមយក​ឡាន​តែម្តង ដោយ​មិនចាំបាច់​រាប់​ការបោះឆ្នោត​របស់​អ្នកគាំទ្រ​ទេ ហើយ​បើសិនជា ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំង​ ៤​ នាក់​នេះ ឈ្នះ​កីឡាករ​បរទេស​បានតែ​១​នាក់ គឺ​ម្នាក់​នោះ នឹង​ទទួលបាន​ឡាន​តែម្តង​។​

​សម្រាប់​ការប្រកួត​គូ​អន្តរជាតិ ដណ្ដើមយក​រថយន្ដ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ កីឡាករ ទូច ដេវីត ត្រូវ​ជួប​អ្នក​ប្រដាល់​ចិន Wang YueYue រីឯ អេ​លី​ត សាន់ ត្រូវ​ប៉ះ​កីឡាករ​ជើងចាស់​របស់​ថៃ Rungrawee Banchamek ហើយ ឈុត សេរី​វ៉ាន់​ថង ត្រូវ​ប្រកួត​ជាមួយ​ប្រេ​ស៊ី​ល Italo Freitas ខណៈ ឃីម បូរ៉ា ត្រូវ​តទល់​ជាមួយ​ថៃ Chatchai PK Saenchai​។​

​ជាមួយ​ការប្រកួត​នេះ គឺ​ទាំង ឈុត សេរី​វ៉ាន់​ថង​, ឃីម បូរ៉ា​, អេ​លី​ត សាន់ និង ទូច ដេវីត សុទ្ធតែ​បាន​អះអាងថា បាន​ត្រៀមខ្លួន​រួចរាល់​១០០​ភាគរយ ហើយ​ពួកគេសុទ្ធតែ​បាន​តាំងចិត្ត​ខ្ពស់ ក្នុងការ​យកឈ្នះ​កីឡាករ​បរទេស ដើម្បី​មានឱកាស​ឡើងទៅ​ប្រកួត​យក​ឡាន ប៉ុន្តែ​អ្នក​ទាំង​៤ ក៏បាន​សុំឱ្យ​អ្នកគាំទ្រ បោះឆ្នោត​ដល់​ពួកគេ​ផងដែរ ដើម្បី​ក្លាយជា​បេក្ខភាព​២​នាក់​ចុងក្រោយ ត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​។​

​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ឈុត សេរី​វ៉ាន់​ថង បាន​និយាយថា​៖ «​នេះ​ជាការ​ប្រកួត​ឡាន​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​តាំងចិត្ត​ថា ត្រូវ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើមយក​ជ័យជម្នះ​លើ​ជើង​ខ្លាំង​មកពី​ប្រេ​ស៊ី​ល ហេតុនេះ​សូម​ពុក​ម៉ែ​បងប្អូន​បោះឆ្នោតឱ្យ​ខ្ញុំ​ផង ដើម្បី​ផ្តល់​កម្លាំងចិត្ត​បន្ថែម​ដល់​រូបខ្ញុំ ដោយ​ខ្ញុំ​សន្យាថា នឹង​ខំប្រឹងប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​គុន​ខ្មែរ និង​ប្រទេស​យើងទាំងអស់គ្នា​»​។​

​ជាមួយគ្នានេះ ម្ចាស់​មេដាយមាស បឺត សង្ឃឹម ក៏ត្រូវ​បានដាក់​ឱ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​អ្នក​ប្រដាល់​ចិន Guo Chen នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ចំណែក​ជើង​ខ្លាំង​កំពុងមាន​ឈ្មោះ​បោះ​សំឡេង ពេជ្រ សម្បត្តិ ដែល​ធ្លាប់​ទទួលបាន​ឡាន​ពី​កម្មវិធី «​ប៊ូ​សស្ដ្រ​ង ជួយ​គុន​ខ្មែរ អ្នកខ្លាំង​ពូកែ​ឱ្យ​ឡាន​» មុនគេ​នោះ ក៏ត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ម៉ាឡេស៊ី Elias Ghazali នា​ព្រលប់​ថ្ងៃទី​១១ ខែតុលា​នេះ​ដូចគ្នា​។​

​ចំណែក​លោក Dosch Christoper តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ Boostrong ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ថ្លែងថា​៖ «​នេះ​ជាការ​ប្រកួត​ដណ្តើមយក​ឡាន​ទី​២ ពី Boostrong​។ កន្លងមក យើង​ធ្លាប់បាន​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ដល់​គុន​ខ្មែរ​ច្រើន​បំផុត គឺ​ជួយ​កីឡាករ​គុន​ខ្មែរ​ឱ្យមាន​ឡាន មានផ្ទះ ពិសេស​បាន​នាំ​យកគុន​ខ្មែរ ទៅ​ប្រកួត​នៅ​ទ្វីបអឺរ៉ុប និង​ប្រទេស​បារាំង​ផងដែរ ហើយ​ប៊ូ​សស្ត្រ​ង ប្តេ​ជា​ចិត្ត​ថា នឹង​បន្ត​ជួយ​គុន​ខ្មែរ ដើម្បី​ជាការ​លើកទឹកចិត្ត និង​ធ្វើឱ្យ​វិស័យ​គុន​ខ្មែរ កាន់តែ​ល្បីល្បាញ​ពាសពេញ​ពិភពលោក​»៕