ភ្នំពេញៈ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានថ្លែងថា ជាង ១ ខែហើយនៃការរៀបចំរដ្ឋាភិបាលថ្មីមកនេះ មិនមានឃើញប្រជាជនកម្ពុជាមានការភ័យខ្លាចដោយសារមានការផ្លាស់ប្តូរមេដឹកនាំទេ ហើយដែលការលះបង់របស់លោកដោយការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនេះ ក៏ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀតដែរ។
លោកបានលើកឡើងដូចនេះ កាលពីល្ងាចថ្ងៃទី ៩ ខែតុលា ក្នុងពិធីបំពាក់មេដាយ និងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាខ្សែភាពយន្តពាក់ព័ន្ធដំណើរជីវិតនយោបាយរបស់លោក នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ និងជាថ្ងៃដែលលោកបានបង្ហាញមុខដំបូង បន្ទាប់ពីលោកបានចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន លើកឡើងថា៖ «ជាង ១ ខែហើយនៃការរៀបចំរដ្ឋាភិបាលថ្មី ថាតើមានបានឃើញថា ប្រជាជនកម្ពុជាមានការភ័យខ្លាចដោយសារមានការផ្លាស់ប្តូរមេដឹកនាំទេ? តើមានបានឃើញថា ប្រជាជនបានទៅដកប្រាក់ដើម្បីត្រៀមរត់ដែរទេ? គឺអត់មានទេ»។
លោកបន្ថែមថា ស្ថានភាពប្រទេសនៅមានស្ថិរភាពដដែល ដែលការផ្លាស់ប្តូរមេដឹកនាំប្រទេសលើកនេះ មិនបង្កអសន្តិសុខ និងបង្កការភ័យខ្លាច និងការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនឡើយ។ លោកថា៖ «ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពរបស់ខ្ញុំមានបញ្ហា ឬរហូតដល់ខ្ញុំស្លាប់ នោះរឿងវានឹងច្របូកច្របល់សម្រាប់ប្រទេសជាតិ។ ដូច្នេះខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត»។
លោកក៏បញ្ជាក់ដែរថា ក្នុងតួនាទីលោកជាប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចលោកនៅមានសិទ្ធិខាងនយោបាយដែលអាចបញ្ចេញយោបល់លើកិច្ចការនយោបាយទាំងក្នុង និងក្រៅស្រុក គ្រាន់តែលោកគ្មានអំណាចក្នុងផ្នែកនីតិប្រតិបត្តិប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថ្មីចេញជារូបរាងរយៈពេលជាង ១ ខែ។ ក្នុងនាមលោកជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនៅតែមានអំណាចផ្នែកនយោបាយដដែល។
ការលើកឡើងដូចនេះ គឺដើម្បីឆ្លើយតបទៅនឹងពាក្យរិះគន់មួយចំនួនថា លោកជាអ្នកនៅក្រោយខ្នង និងនៅតែលូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលដឹកនាំដោយកូនប្រុសរបស់លោក គឺលោកហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន ថ្លែងថា៖ «មេបក្សកាន់អំណាច គឺនៅតែមានអំណាចអ៊ីចឹង សូមផ្តាំទៅ។ ខ្ញុំមិនបញ្ជាកម្លាំងជំនួសនាយករដ្ឋមន្ត្រីនោះទេ ម៉ោងនេះ ពេលនេះ មានតែនាយករដ្ឋមន្ត្រីទេ ដែលមានសិទ្ធិបញ្ជាកម្លាំង ឯខ្ញុំគ្មានសិទ្ធិទេ តែខ្ញុំមានសិទ្ធិខាងនយោបាយ ត្រួតត្រាលើកិច្ចការនយោបាយ ប៉ុន្តែមិនចុះហត្ថលេខា ឬបញ្ជាកម្លាំងនីតិប្រតិបត្តិទេ»។
លោកសង្កត់ធ្ងន់ថា លោកមិនដែលស្រមៃចង់ក្លាយជានាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែព្រហ្មលិខិតកំណត់មកបែបនេះ ដែលកើតចេញពីការតស៊ូរំដោះប្រទេស។ ទោះយ៉ាងណា ពេលនេះ លោកសុខចិត្តលះបង់អំណាចក្នុងគ្រាដែលលោកនៅមានប្រជាប្រិយភាពខ្ពស់ ដើម្បីប្រជាជនរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍបន្ត ដែលក្នុងពិភពលោកសឹងមិនមានអ្នកហ៊ានលះបង់ដូច្នេះ។
លោកបញ្ជាក់ថា៖ «នេះជាការបញ្ជូនសារទៅជូនក្រុមប្រឆាំងទាំងឡាយឱ្យបានភ្លឺភ្នែក ដែលអ្នកទាំងឡាយពេលនោះ បានវាយតម្លៃថា ហ៊ុន សែន មិនហ៊ានចុះចេញពីអំណាចទេ ក៏ប៉ុន្តែអ្នកស្គាល់ ហ៊ុន សែន តិចពេកហើយ អ្នកត្រូវរៀនសូត្រពី ហ៊ុន សែន បន្ថែមទៀត ព្រោះ ហ៊ុន សែន យ៉ាងហោចណាស់ក៏រស់បាន ៣០ ឆ្នាំទៀតដែរ។ ហ៊ុន សែន ក៏នៅតែមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសកម្ពុជា អ្នករង់ចាំមើល»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ដោយសារបរិបទការបោះឆ្នោតនៅកម្ពុជាប្រើប្រព័ន្ធសមាមាត្រ ហើយមានគោលការណ៍ដែលរុញច្រានឱ្យអំណាចគណបក្សមានបុព្វសិទ្ធិខ្លាំង ដូច្នេះអំណាចរបស់ប្រមុខគណបក្សកាន់អំណាចក៏មានបុព្វសិទ្ធិខ្លាំងក្លាផងដែរ ខណៈលោក ហ៊ុន សែន ថែមទាំងមានប្រជាប្រិយភាព និងស្នាដៃសម្រាប់ជាតិផង ទើបអតីតនាយករដ្ឋមន្ត្រីរូបនេះ នៅតែមានឥទ្ធិពលក្នុងការគូសវាសនយោបាយជាតិ។
សម្រាប់លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏ជឿជាក់ដែរថា លោក ហ៊ុន សែន នៅតែមានឥទ្ធិពលក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មី ព្រោះលោកជាឪពុករបស់នាយករដ្ឋមន្ត្រី ហើយជាប្រមុខគណបក្សកាន់អំណាចព្រមទាំងជាអតីតមេដឹកនាំប្រទេសដែលមានអំណាចចាក់ឫសជ្រៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។
លោកបានបន្តថា៖ «ជាទូទៅ ប្រធានគណបក្សកាន់អំណាច គាត់មានឥទ្ធិពលនៅក្នុងផ្ទៃក្នុងគណបក្សរបស់គាត់ ហើយជាការពិត គាត់អាចប្រើប្រាស់អំណាចហ្នឹងនៅក្នុងការដាក់សម្ពាធ ឬជជែកជាមួយមន្ត្រីពីគណបក្សរបស់លោកផងដែរ»៕