ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានប្រកាសនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ ថា លោកចាប់ផ្តើមបើកយុទ្ធនាការដាំដើមឈើយ៉ាងតិច ១ លានដើម ក្នុង ១ ឆ្នាំ ចាប់ពីថ្ងៃនេះតទៅ ដែលការប្រកាសដូចនេះត្រូវបានមន្ត្រីសង្គមស៊ីវិលបង្ហាញការគាំទ្រផងដែរ។
លោក អ៊ាង សុផល្លែត បានសរសេរលើហ្វេសប៊ុករបស់លោកថា៖ «ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ ខ្ញុំសូមប្រកាសបើកយុទ្ធនាការដាំដើមឈើយ៉ាងតិច ១ ០០០ ០០០ ដើម ក្នុង ១ ឆ្នាំចាប់ពីថ្ងៃនេះតទៅ»។
ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានក៏បានឱ្យដឹងផងដែរ តាមរយៈយុទ្ធនាការថ្ងៃ១០ តុលា លោករដ្ឋមន្ត្រី បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។
តាមរយៈហ្វេសប៊ុកក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានលើកឡើងថា ៖ «ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ»។
សូមរំឭកថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមានផែនការរក្សាគម្របព្រៃឈើឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៣០។
ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ទើបធ្វើឱ្យក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញយុទ្ធនាការសំខាន់ៗមួយចំនួនរួមមាន ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ដែលរហូតទល់ពេលនេះ មានការចូលរួមពីសាលាគ្រប់កម្រិតទូទាំងប្រទេសប្រមាណជាង ១១ ០០០ សាលា និងមានសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៥ លាន នាក់។
យុទ្ធនាការទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបានអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងទី៣គឺ ការបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ តាមរយៈការដាំដើមឈើ១លានដើម ក្នុង១ឆ្នាំ រួមទាំងការដាំឫស្សី ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួមជាមួយដៃគូនានាដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុជាសកល។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលាថា លោកសប្បាយចិត្តនៅពេលឮថាក្រសួងបរិស្ថានដាក់ចេញយុទ្ធសាស្ត្រថ្មីក្នុងការដាំកូនឈើឡើងវិញ ជាអ្វីដែលធ្វើឱ្យលោកពេញចិត្ត និងជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការស្តារ គម្របព្រៃឈើឡើងវិញនេះ។
លោកបានថ្លែងថា ៖ «ទន្ទឹមគ្នានេះដែរ ខ្ញុំយល់ថាទិសដៅ២ដែលរដ្ឋាភិបាល និងក្រសួងបរិស្ថានត្រូវគិតដែរ ដើម្បីជំរុញកិច្ចការស្តារគម្របព្រៃឈើឡើងវិញឱ្យមានប្រសិទ្ធភាព គឺក្រសួងបរិស្ថានត្រូវគិតគូពីការការពារទៅលើការអភិរក្សព្រៃដែលមានស្រាប់និងធ្វើការបង្ក្រាបនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលកើតមាននៅក្នុងតំបន់ការពារធនធានព្រៃឈើធម្មជាតិកុំឱ្យមានការកាប់បំផ្លាញ និងទប់ស្កាត់សកម្មភាពនាំចេញឈើទៅក្រៅប្រទេសផងដែរ»។
លោក ហេង គឹមហុង បានបន្តថា ការដាំកូនឈើឡើងវិញនេះជារឿងល្អ ប៉ុន្តែបើរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ មានការយកចិត្តទុកដាក់ក្នុងការអភិរក្សព្រៃឈើដែលមានស្រាប់ នោះគឺកាន់តែល្អប្រសើរថែមទៀត៕