ភ្នំពេញៈ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៩ ខែតុលា បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ក្រោយពីកុមារីអាយុ ២ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺនេះ នៅក្នុងភូមិឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មាននេះឱ្យដឹងថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបញ្ជាក់ថា កុមារីអាយុ ២ ឆ្នាំដែលស្លាប់ត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ»។
ប្រភពនេះបញ្ជាក់ថា កុមារីដែលស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី ៥៩ (ស្លាប់ ៤០ នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ ២០២៣។
ប្រភពដដែលបន្តថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវដើម្បីស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍។ មន្ត្រីនៃក្រសួងក៏បានចែកជូនឱសថតាមីហ្វ៊ូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុផងដែរ។
លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី ១០ ខែតុលាថា តាមការស្រាវជ្រាវ កុមារីដែលស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនេះ មិនមានការពាក់ព័ន្ធជាមួយបុរសម្នាក់នៅខេត្តស្វាយរៀងនោះឡើយ ពីព្រោះនៅក្នុងលំនៅឋានរបស់កុមារីដែលបាត់បង់ជីវិតនេះ គឺមានសត្វមាន់បានឈឺងាប់ជាបន្តបន្ទាប់ដែរ ហើយក្រុមមន្ត្រីសុខាភិបាលបានចុះមកមូលដ្ឋាននេះ ដើម្បីស្រាវជ្រាវអំពីមូលហេតុនៃការចម្លងជំងឺគ្រុនផ្ដាសាយបក្សី និងស្វែងរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយកុមារីដែលបានបាត់បង់ជីវិតនេះបានចំនួន ១២ នាក់ និងកំពុងស្វែងរកបន្តទៀតផងដែរ។
លោក សេង បញ្ញាឫទ្ធិ បញ្ជាក់ថា៖ «វិធានការបន្ទាន់របស់យើង គឺបានដាក់ប៉ុស្តិ៍សុខភាព ដើម្បីប្រមូលអ្នកពាក់ព័ន្ធទាំងអស់យកមកស្រាវជ្រាវ ហើយមួយទៀតយើងបានអប់រំផ្សព្វផ្សាយជាសារសំឡេង ប្រកាសនៅតាមភូមិដែលមានកុមារីស្លាប់នោះ។ ក្រៅពីនេះយើងបានណែនាំគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងខេត្តព្រៃវែង ត្រូវចូលរួមស្រាវជ្រាវរកករណីថ្មី ដើម្បីមានវិធានទប់ស្កាត់កុំឱ្យរីករាលដាលតទៅទៀត»។
លោក គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ថ្លែងថា មកដល់ពេលនេះ អ្នកដែលពាក់ព័ន្ធនឹងបុរសដែលបានបាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក បានចំនួន ១២ នាក់ ហើយអ្នកពាក់ព័ន្ធទាំងនោះ ត្រូវបានមន្ត្រីសុខាភិបាលធ្វើការពិនិត្យ និងតេស្តរកជំងឺផ្ដាសាយបក្សី គឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ មន្ទីរសុខាភិបាល បានណែនាំពួកគាត់ពីអនាម័យ និងដាក់ឱ្យពួកគាត់ត្រូវនៅក្នុងលំនៅឋានដាច់ដោយឡែកពីសហគមន៍ និងត្រូវកាត់បន្ថយការប្រាស្រ័យទាក់ទងជាមួយសហគមន៍ខាងក្រៅ។
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានថ្លែងថា មាន់ និងទា ដែលសង្ស័យថា មានវិជ្ជមានជំងឺផ្តាសាយបក្សី H5N1 ប្រមាណជាង ២០០ ក្បាល បានប្រមូលយកទៅដុតកម្ទេចចោល និងបាញ់ថ្នាំកន្លែងបក្សីឈឺ ផ្ដល់ថ្នាំបង្ការដល់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ និងណែនាំឱ្យពលរដ្ឋដែលមានចិញ្ចឹមសត្វ ត្រូវចេះអនាម័យសម្អាតដៃនៅពេលប៉ះពាល់សត្វបក្សី ហើយកុំបរិភោគសត្វបក្សីដែលឈឺឬងាប់។
លោកថា៖ «យើងកំពុងស្រាវជ្រាវបន្តទៀត និងឃ្លាំមើលសត្វមាន់ទានៅក្នុងភូមិ ថាតើមានសញ្ញាអ្វីប្រែប្រួលទៀតទេ?»។ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បុរសអាយុ ៥០ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង៕