ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យរដ្ឋទូទាំងប្រទេស ដែលការបង្កើតនេះនឹងជំរុញការអភិវឌ្ឍប្រព័ន្ធអប់រំបែបឌីជីថលឱ្យកាន់តែរឹងមាំ។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនាថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ រវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនឹងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងប្រៃសណីយ៍ឱ្យដឹងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចាប់ផ្តើមសាងសង់នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ហើយនឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេសទៀត។
លោក ជា វ៉ាន់ដេត បញ្ជាក់តាមរយៈសេចក្ដីប្រកាសថា ពិធីចុះហត្ថលេខានេះ វាជាការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀត រវាងក្រសួងទាំង ២ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ជា វ៉ាន់ដេត ថ្លែងថា៖ «ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈគឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តន៍ភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ»។
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ ដែលបានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្ម និងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។
លោកថ្លែងថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ការអប់រំឌីជីថលក្នុងគោលដៅជំរុញកំណើន ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា»។
បើតាមក្រសួងប្រៃសណីយ៍វត្ថុបំណងនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មានចក្ខុវិស័យចម្បងចំនួន ៣ ទី១ ការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទី២ គឺការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និងទី៣ ការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍មូលធនមនុស្សឌីជីថល៕