ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការយូនីសេហ្វ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ស្តង់ដានៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត។
ការប្តេជ្ញារបស់ភាគីទាំង ២ ធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសមរវាង លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា លោក Will Parks កាលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣។នេះបើយោងតាមហ្វេសប៊ុកក្រសួងឧស្សាហកម្ម។
នាឱកាសនោះ លោក Will Parks បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រវិស័យទឹកស្អាត និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈលោកលើកឡើងថា កិច្ចសហប្រតិបត្តិការនេះផ្តោតលើការលើកកម្ពស់ស្តង់ដានៃការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងដើម្បីបញ្ចូលវិធានការបង្កើនភាពធន់នឹងអាកាសធាតុទៅក្នុងសេវាសំខាន់ៗទាំងនេះ។
លោក Will Parksបានបន្ថែមថា៖ «យូនីសេហ្វ កំពុងកៀរគរធនធាននានា ដើម្បីគាំទ្រការងារទាំងនេះ នៅក្នុងប្រទេសកម្ពុជា រួមទាំងការរៀបចំផែនការហិរញ្ញប្បទានដែលផ្តោតលើការកែលម្អសេវាទឹកស្អាតនៅតំបន់ជនបទ ដែលការទទួលបានសេវាទឹកស្អាតនៅជាបញ្ហានៅឡើយ»។
ជាការឆ្លើយតប លោក ហែម វណ្ណឌី ក៏បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលបានជម្រាបជូនពីអាណត្តិកិច្ចការរបស់ខ្លួនលើវិស័យទឹកស្អាត និងអនាម័យនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តី បន្តថា ការទទួលបានសេវាទឹកស្អាត ជារឿងសំខាន់ ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែដើរតួជាកាតាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យផ្សេងៗផងដែរ។
លោកបញ្ជាក់ថា៖«ដើម្បីជំរុញកិច្ចការលើកកម្ពស់ស្តង់ដាទឹកស្អាត និងអនាម័យនៅកម្ពុជា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូនានា ដូចជាអង្គការយូនីសេហ្វ ដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យ»។
យ៉ាងណាមិញ តាមរយៈជំនួបនេះដែរ ភាគីកម្ពុជា ក៏បានបង្ហាញក្តីរំពឹងថា តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការដើម្បីគាំទ្ររាល់កិច្ចការសំខាន់ៗរបស់ក្រសួងដែលបានដាក់ចេញនាអាណត្តិទី៧នេះ ពីគ្រប់ភាគីពាក់ព័ន្ធ នឹងឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធន់តាមរយៈការផ្តល់ការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗផងដែរ។
ជុំវិញរឿងនេះ លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នៅថ្ងៃទី១១ ខែតុលា បានថ្លែងសាទរ និងគាំទ្រ ចំពោះការបន្តពង្រឹងកិច្ចសហការរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ខណៈលោកថា តាមរយៈកិច្ចសហការនេះ នឹងលើកកម្ពស់ដល់វិស័យទឹកស្អាត និងអនាម័យកម្ពុជា កាន់តែប្រសើរឡើង។
លោកបានបន្តថា៖«យើងដឹងហើយថា អង្គការយូនីសេហ្វ គឺជាអង្គការដែលមានបទពិសោធន៍លើវិស័យទឹកស្អាត អនាម័យ ការប្រែប្រួលអាកាសធាតុជាយូរមកហើយហើយខ្ញុំរំពឹងថា តាមរយៈការជួយនេះនឹងជួយពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងប្រតិបត្តិករលើវិស័យនេះបន្ថែមទៀតឱ្យមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងគ្រប់គ្រងទឹកប្រើប្រាស់ឱ្យកាន់តែមានស្តង់ដា ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាពមួយកម្រិតទៀត»។
បើតាមក្រសួងឧស្សាហកម្ម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត ប្រជាពលរដ្ឋនៅទីប្រជុំជន ១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចបានការទទួលបានសកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស៕